(ភ្នំពេញ)៖ ជាមួយនឹងការបើកប្រទេសឡើងវិញ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការអប់រំ រដ្ឋបាល និងសុខាភិបាល កម្មវិធីជំនួយសង្គម និងអន្តរាគមន៍ផ្សេងៗដែលមានស្រាប់។ ទន្ទឹមនេះដើម្បីជំរុញការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ឲ្យបានឆាប់រហ័យ រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញកំណើនបន្ថែមលើវិស័យចំនួន៤ធំៗរួមមាន៖ វិស័យកសិកម្ម និងកសិឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។
នេះបើយោងតាមឯកសារក្របខណ្ឌយុទ្ធសាស្រ្ដ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។
ឯកសារក្របខណ្ឌយុទ្ធសាស្ត្របានបញ្ជាក់ថា ដើម្បីជំរុញការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងផ្តោតជាចម្បង ក្នុងការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ក្នុងវិស័យដែលនៅមានសក្តានុពល និងជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដែលអាចបង្កើតតម្លៃបន្ថែម រយៈពេលខ្លី២០២១-២០២៣ និងជំរុញការស្ទុះងើបឡើងវិញសកម្មភាពសង្គមសេដ្ឋកិច្ចជាតិ ទៅរកប្រក្រតីភាពថ្មីឱ្យបានឆាប់រហ័ស ពិសេសធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងស្ថិរភាពការងារ ជូនកម្មករនិយោជិតផងដែរ។
ក្របខណ្ឌយុទ្ធសាស្រ្ត នឹងផ្តោតទៅលើការស្តារ និងជំរុញកំណើនលើវិស័យចំនួន៤រួមមាន វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។
* វិស័យកសិកម្ម និងកសិឧស្សាហកម្ម
ក្នុងពេលមានវិបត្តិនៃកូវីដ១៩, វិស័យកសិកម្ម និងកសិឧស្សាហកម្ម ត្រូវបានចាត់ទុក ជាវិស័យមានសក្តានុពលខ្ពស់ ក្នុងការរក្សាស្ថិភាពសេដ្ឋកិច្ចជាតិ និងធានាបាននូវសន្តិសុខស្បៀង។ វិស័យនេះមិនទទួលផលប៉ះពាល់ ប៉ុន្តែជួយសម្រាលបន្ទុក និងផលប៉ះពាល់ពីវិស័យផ្សេងទៀត តាមរយៈការផ្តល់ការងារ និងប្រាក់ចំណូល។
ដើម្បីទាញយកផលប្រយោជន៍បន្ថែម ពីវិស័យកសិកម្ម ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្របខណ្ឌយុទ្ធសាស្រ្តនេះ នឹងផ្តោតជាសំខាន់លើការជំរុញកំណើន ផលិតភាពកសិកម្ម ការពង្រឹងភាពប្រកួតប្រជែងទាំងថ្លៃដើម និងគុណភាព ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម, ការជំរុញការកែច្នៃផលិតផលកសិកម្ម, ការជំរុញឧស្សាហកម្មពូជដំណាំ និងការទាញយកប្រយោជន៍ ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
* វិស័យទេសចរណ៍
វិស័យទេសចរណ៍ ជាវិស័យទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវទេសចរអន្តរជាតិ។ ជាទិសដៅយុទ្ធសាស្រ្ត រាជរដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់ ជាចម្បងលើការជំរុញទេសចរណ៍ក្នុងស្រុក ដែលកំពុងមានសក្តានុពល និងមានសន្ទុះងើបឡើងវិញ តាមរយៈការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។ ក្នុងទិសដៅសម្រេចឱ្យបានចំនួនទេសចរ ក្នុងស្រុក១១លាននាក់នៅឆ្នាំ២០២៣។
បន្ថែមពីនេះផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំងៗ ក៏ត្រូវបានដាក់ចេញផងដែរ ដើម្បីបើកទទួលទេសចរណ៍សុវត្ថិភាព ជាជំហានៗប្រកបដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នក្នុងគោលដៅទាក់ទាញទេសចរអន្តរជាតិឱ្យបាន៧លាននាក់ត្រឹមឆ្នាំ២០២៥។
* វិស័យកាត់ដេរ
វិស័យកាត់ដេរ ជាទូទៅរាប់បញ្ចូលផលិតកម្មស្បែកជើង និងកាបូប បានអភិវឌ្ឍជាបន្តបន្ទាប់ជិត៣ទសវត្សរ៍កន្លងមក និងបានបន្តរួមចំណែកសម្រេច នូវសមិទ្ធផលសង្គម សេដ្ឋកិច្ចចម្បងៗជាច្រើនរួមមាន៖ កំណើនសេដ្ឋកិច្ច, ការនាំចេញ, ការវិនិយោគ, ការកាត់បន្ថយអត្រាភាពក្រីក្រ និងការបង្កើតការងារ។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងដាក់ចេញការអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥» ដែលមានចក្ខុវិស័យអភិវឌ្ឍវិស័យនេះ ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់, មានតម្លៃបន្ថែមខ្ពស់, ផ្តោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។
* វិស័យកម្មន្ដសាលមិនមែនកាត់ដេរ
វិស័យកម្មន្តសាលមិនមែនកាត់ដេរ បាននិងកំពុងបន្តបង្ហាញនូវសញ្ញា នៃការលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នូវអត្រាកំណើននាំចេញ និងការធ្វើពិពិធកម្មទំនិញ។
ជាទិសដៅទៅមុខរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្ត គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដោយផ្តោតសំខាន់លើការពង្រឹង និងការពង្រីក មូលដ្ឋានឧស្សាហកម្មកម្ពុជា ជាពិសេសទំនិញមានតម្រូវការខ្ពស់ និងតម្លៃបន្ថែមខ្ពស់ ដែលអាចបម្រើតម្រូវការទាំងក្នុងស្រុកផង និងនាំចេញផង តាមរយៈការលើកកម្ពស់ ការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល៕