(ភ្នំពេញ)៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា រកចំណូលបានជាង៥២១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥២១,៨៨៩,៨៨១.៨៤ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៥២០,៤៩៥,៧៧២ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១,៣៩៤,១០៩.៨៤ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣១២,៨១២តោន កើនឡើងចំនួន២៦,៩៥៥តោន ស្មើនឹង៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៥,៨៣៨ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ថ្លៃ១,៦៦៤ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣២៣ដុល្លារ ក្នុងមួយតោន ស្មើនឹង២៤.១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៤,៣១៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,៨៤១ហិកតា ស្មើនឹង២២%។
គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជា បាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕