(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា នៅចុងឆ្នាំ២០២១នេះ មានក្រុមហ៊ុនចំនួនមួយ ត្រូវបានផ្ដល់ការអនុញ្ញាតរួចរាល់ ពីនិយ័តករកម្ពុជា ដើម្បីចុះបញ្ជីលក់មូលបត្រ ខណៈក្រុមហ៊ុនចំនួន២ផ្សេងទៀត បាននិងកំពុងត្រៀមខ្លួន ហើយអាចនឹងរួចរាល់នៅដើមឆ្នាំ២០២២នេះ។
ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការសាងសង់ ទទួលបានការអនុម័តជាគោលការណ៍ លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ។
ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី នឹងក្លាយជាក្រុមហ៊ុនទី ២ ដែលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា។
លោក ហុង សុខហួរ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ គឺមានការយឺតយ៉ាវនៃក្រុមហ៊ុន ដែលនឹងមកចុះបញ្ជីលក់មូលបត្រនេះ ដោយសារតែមានក្រុមហ៊ុនខ្លះ កំពុងរវល់បិទបញ្ជីស្នាម រៀបចំឯកសារផ្សេងៗ មិនទាន់បានរួចរាល់ បូករួមនឹងការរៀបចំពាក្យស្នើសុំ ចុះបញ្ជីលក់មូលបត្រនេះមិនទាន់រួចរាល់ជាដើម។ ចំណែកក្រុមហ៊ុនខ្លះទៀតកំពុងរង់ចាំការអនុញ្ញាត ពិនិត្យ និងអនុម័តពីអាជ្ញាធរពាក់ព័ន្ធដូចជា និយ័តករមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជាជាដើម។
លោកបានបញ្ជាក់ថា «សម្រាប់ក្រុមហ៊ុនដែលយឺតយ៉ាវ ក្នុងការចុះបញ្ជីលក់មូលបត្រក្នុងឆ្នាំនេះ ពួកគាត់នឹងមកសម្រុកចុះបញ្ជី ក្នុងឆ្នាំ២០២២ខាងមុខនេះ។ ដូច្នេះក្នុងឆ្នាំ២០២២ នឹងមានក្រុមហ៊ុនច្រើនមកចុះបញ្ជី ទាំងក្រុមហ៊ុនដែលបាននិងកំពុងធ្វើការ ជាមួយផ្សារមូលបត្រពេលនេះ និងក្រុមហ៊ុនថ្មីថ្មោងជាច្រើនទៀត»។
លោកបានបន្ដថា ជាការពិតទោះបីជាចុងឆ្នាំនេះ មិនមានក្រុមហ៊ុនមកស្នើសុំចុះបញ្ជីក្ដី ប៉ុន្ដែគិតពីទំហំជួញដូរវិញ មានការកើនឡើងច្រើនធៀបនឹងឆ្នាំមុនៗ។ ជាក់ស្ដែងក្នុងឆ្នាំ២០០៨ ទំហំជួញដូរមានចំនួន២ម៉ឺនដុល្លារ, ឆ្នាំ២០០៩ មានទំហំជិតដល់១៦ម៉ឺនដុល្លារ ចំណែកឆ្នាំ២០២០មានត្រឹមតែ១១ម៉ឺនដុល្លារ ធ្លាក់ចុះដោយសារតែបញ្ហានៃជំងឺកូវីដ១៩ ហើយក្នុងឆ្នាំ២០២១នេះ ទំហំជួញដួរបានកើនឡើងរហូតដល់ជិត២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។
លោកបន្ថែមថា ទោះបីលទ្ធផលការងារទាបជាងការរំពឹងទុកនៃក្រុមហ៊ុនចុះបញ្ជី ប៉ុន្ដែផ្សារមូលបត្រទទួលបានទំហំជួញដូរយ៉ាងខ្ពស់។
សូមជម្រាបថា ក្នុងឆ្នាំ២០២០ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចំនួន៥ មកចុះបញ្ជីលក់មូលបត្រ៕