(ប៉េកាំង)៖ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងជួយឱ្យមានរលកកំណើនថ្មីមួយសម្រាប់វិស័យពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងព្រំដែនរបស់ចិន។ នេះបើយោងតាមអ្នកជំនាញនិងអ្នកនៅក្នុងឧស្សាហកកម្មនេះ។
ចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំមុនក្នុងចំណោមប្រទេសចំនួន១៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសចិន និងប្រទេសសមាជិកអាស៊ានទាំង១០ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ សម្រាប់សមាជិកហត្ថលេខីចំនួន១០ គឺព្រុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ វៀតណាម ចិន ជប៉ុន ណូវែលសេឡង់ និងអូស្រ្តាលី។
កាសែត People Daily បានរាយការណ៍ដោយដកស្រង់សំដីលោក Wang Xin ប្រធានប្រតិបត្តិសមាគមពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងព្រំដែនក្រុងហ្សិនចិនថា ការអនុវត្តកិច្ចព្រមព្រៀង RCEP ដែលនឹងអនុវត្តដំបូងក្នុងប្រទេសចំនួន ១០ ហើយរំពឹងថានឹងបន្តអនុវត្តរហូតដល់ប្រទេសសមាជិកទាំង១៥ នៅពេលអនាគត នឹងនាំមកនូវឱកាសជាច្រើនដល់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងព្រំដែនដែលកំពុងស្ទុះងើបខ្លាំងរបស់ប្រទេសចិន។
លោក Wang បានថ្លែងថា៖ «កិច្ចព្រមព្រៀង RCEP គ្របដណ្តប់ទាំងលើប្រទេសចិន និងអាស៊ាន ដែលជាទីផ្សារកំពុងស្ទុះងើបខ្លាំងធំទាំពីរក្នុងពិភពលោក និងមានប្រជាជនប្រហែល ១,៤ប៊ីលាននាក់នៅចិន និង ៦០០លាននាក់នៅអាស៊ាន។ មានការរំពឹងថា ជាង ៩០ភាគរយនៃពាណិជ្ជកម្មទំនិញ នឹងទទួលបានការរួចពន្ធនៅក្នុងតំបន់ដែលគ្របដណ្តប់ដោយកិច្ចព្រមព្រៀង RCEP ដែលផ្តល់បរិយាកាសអំណោយផលខ្លាំងសម្រាប់កំណើនពាណិជ្ជកម្ម និងវិនិយោគ»។
ការចំណាយលើវត្ថុធាតុដើមដែលមានប្រភពក្នុងតំបន់សម្រាប់សហគ្រាសចិន នឹងត្រូវបានកាត់បន្ថយខ្លាំងស្ថិតក្រោមវិធានពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងនេះ ជាពិសេសវិធានស្តីពីប្រភពដើមទំនិញ ដែលតម្រូវឱ្យមានតែ ៤០% ប៉ុណ្ណោះសម្រាប់ទំនិញដែលមានប្រភពដើមនៅក្នុងប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP ដែលទាបជាងច្រើនបើធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត។
ក្រុមអ្នកជំនាញនៅក្នុងឧស្សាហកម្មនេះបានឱ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងសម្របសម្រួលសហគ្រាសពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងព្រំដែនចិននៅក្នុងការពង្រីកវត្តមានរបស់ពួកគេនៅក្នុងទីផ្សារនានា ដែលបច្ចុប្បន្នដកហូតពន្ធខ្ពស់លើទំនិញរបស់ចិន។
លោក Wei Jianguo អនុប្រធានមជ្ឈមណ្ឌលចិនសម្រាប់ការដោះដូរសេដ្ឋកិច្ចអន្តរជាតិ (CCIEE) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានថ្លែងថា កិច្ចព្រមព្រៀងនេះមានគោលនយោបាយស្តង់ដារខ្ពស់សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិច និងវិស័យផ្សេងទៀត។
លោក Wei បានបន្ថែមថា វានឹងជួយឱ្យមានភាពកាន់តែងាយស្រួលសម្រាប់សហគ្រាសធុនតូច និងធុនមធ្យម ជាពិសេសសហគ្រាសឯកជននៅក្នុងប្រទេសចិនក្នុងការពង្រីកខ្លួនទៅកាន់ពិភពលោក។
លោក Wang ប្រធានប្រតិបត្តិសមាគមពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងព្រំដែនក្រុងហ្សិនចិនបានបន្ថែមថា ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងព្រំដែនមានសក្តានុពលកំណើនដ៏អស្ចារ្យក្នុងវិស័យនានាដូចជាផលិតផលអេឡិចត្រូនិច សម្លៀកបំពាក់ និងរបស់ក្មេងលេងក្នុងតំបន់ដែនដីសណ្ដរទន្លេ Pearl ឧបករណ៍កីឡា ផលិផលអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត និងផលិតផលផ្សេងៗទៀត៕