(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការជំរុញឲ្យមានមេទ័ពវិស័យឯកជន ឲ្យបានច្រើនបន្ថែមទៀត ដើម្បីជួយឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា វិស័យឯកជនមានចំណែកធំ ក្នុងការជំរុញឲ្យប្រទេសជាតិ មានសេដ្ឋកិច្ចខ្លាំង និងមានការអភិវឌ្ឍន៍ខ្ពស់ ដើម្បីប្រែក្លាយប្រទេស ជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត។

ការជំរុញយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល លោក វង្សី វិស្សុត ជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យឯកជនមិនអាចរីកចម្រើនបានខ្លាំងរឹងមាំទេ បើសិនគ្មានសហគ្រិនភាពពូកែៗ ខ្ញុំតែងនិយាយថា យើងត្រូវការមេទ័ពខាងវិស័យឯកជន។ កន្លែងនេះ គឺជាកន្លែងប្រយុទ្ធប្រកួតប្រជែង, ប្រជែងគ្នាឯងផង ប្រជែងជាមួយគេផង, ប្រជែងក្នុងប្រទេសផង ប្រជែងក្រៅប្រទេសផង»

លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាពិតជាមានការចាំបាច់ណាស់ ក្នុងផលិតឲ្យមានសហគ្រិនចំណានៗឲ្យបានច្រើន ឬអ្នកឧកញ៉ា លោកឧកញ៉ា ឲ្យបានច្រើន បន្ថែមទៀត ដើម្បីអាចជួយប្រទេសជាតិ ឲ្យឈានឡើងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមចក្ខុវិសយវែងឆ្ងាយ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានអំពាវនាវដល់យុវជនជំនាន់ក្រោយ ដែលមានបំណងចង់ក្លាយជាសហគ្រិននាពេលអនាគត ក៏ដូចជាអាជីវករ ធុរជន និងវិនិយោគិន ដែលកំពុងប្រកបអាជីវកម្ម ធុរកិច្ចទាំងអស់ សូមបន្ដខិតខំកសាងសមត្ថភាពជាប់ជាប្រចាំ ដើម្បីអាចក្លាយខ្លួនជាអ្នកដឹកនាំល្អខ្លាំងពូកែ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា «យើងត្រូវបន្ដខិតខំកសាងសមត្ថភាពខ្លួន ក្នុងវិស័យឯកជន តាមរយៈការចាប់យកបច្ចេកវិទ្យាប្រើប្រាស់ ក្នុងអាជីវកម្មរបស់ខ្លួន បន្ថែមទៀត ក៏ដូចជាការបណ្ដុះគំនិតធុរកិច្ចថ្មី នវានុវត្ដ ហើយត្រូវលុបបំបាត់ផ្នត់គំនិតមិនល្អ»

មន្ដ្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានស្នើដល់សហគ្រិន ក៏ដូចជាយុវជន ដែលមានបំណងចង់ក្លាយជាសហគ្រិន ឲ្យមានគំនិតច្នៃប្រឌិតខ្លួនឯង កុំធ្វើអ្វីតាមគេ និងសូមឲ្យមានការចេះសិក្សាទីផ្សារ នឹងប្រែក្លាយការគ្រប់គ្រងបែបគ្រួសារ បើសិនជាអាចធ្វើបាន មកជាការគ្រប់គ្រងបែបអាជីវកម្ម។

លើសពីនោះទៀត លោក វង្សី វិស្សុត បានបន្ថែមថា ក្រៅពីការបង្កើតទ្រព្យ បង្កើតតម្លៃ បង្កើតការងារ សហគ្រិនក៏ត្រូវចេះបណ្ដុះគំនិត ឲ្យចេះទទួលខុសត្រូវ ចំពោះសង្គមផងដែរ ដោយមិនត្រូវគិតតែប្រាក់ចំណេញ តែមួយមុខនោះទេ៕