(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យមានការបណ្តុះបណ្តាលគំនិតសហគ្រិនភាពដល់យុវវ័យ ជាពិសេសសិស្សវិទ្យាល័យ ដើម្បីឱ្យពួកគេមានគំនិតរកស៊ីប្រកបអាជីវកម្ម តាំងពីក្មេង ដែលឈានទៅជាអនាគតសហគ្រិនដ៏ខ្លាំងម្នាក់ ដើម្បីលើកស្ទួយវិស័យសហគ្រិនភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងប្រកួតប្រជែងជាមួយសហគ្រិនក្នុងតំបន់។

ការថ្លែងបែបជំរុញរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ដោយលោកសង្កេតឃើញថា យុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាព និងមានភាពជាសហគ្រិនភាព។

លោក វង្សី វិស្សុត លើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីប្រគល់ពាន់រង្វាន់សហគ្រិនខ្មែរ នាពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ ក្នុងការប្រកួតប្រជែងឆ្នាំនេះ សហគ្រិនខ្មែរ បានលើកទឹកចិត្តឱ្យសិស្សវិទ្យាល័យ ចូលរួមប្រកួតផងដែរ ដែលជាឱកាសសម្រាប់ពួកគេបង្ហាញសមត្ថភាព។

លោក វង្សី វិស្សុត ថ្លែងយ៉ាងដូចច្នេះថា «តាមពិតការបណ្តុះគំនិតសក្តានុពលនៃសហគ្រិនភាពនេះ វាមិនមែនចាំទាល់តែធំហើយបានមានទេ នេះជាជំហ៊ានមួយ ឈានឡើង។ តាមពិតដំបូងឡើយ យើងគ្រោងឡើងត្រឹម start up ថ្មី និងសហគ្រិនវ័យក្មេង ប៉ុន្តែចង់គិតថា មានឱកាសចង់បណ្តុះក្មេងឱ្យខ្លាំង។ ដូចក្រុមបាល់ទាត់អីចឹង ចង់បណ្តុះឱ្យខ្លាំង គេបណ្តុះពីក្មេង។ ដំបូងឡើយយើងប្រថុយទេ តែការសាកល្បងបានបង្ហាញតាមពិតយុវវ័យក្មេងជំទង់ មានគំនិតរកស៊ីច្រើនដែរ ហើយយើងឃើញការប្រកួតប្រជែងតាមរយៈវាយតម្លៃរបស់គណៈកម្មការ ឃើញថា សមត្ថភាពរបស់ក្មេងសម័យនេះ ពួកគាត់ក្រៅពីរៀននៅតាមសាលា គាត់តាមមធ្យោបាយផ្សេងៗ គាត់រៀនអ៉ីនធើណេត យូធូបជាដើម គាត់មានគំនិត មានទស្សនៈ មានការប្រមើស្រមៃច្រើន ហើយគាត់មានជម្រើស គាត់ចង់រៀនតទៀតក៏បាន ចង់រកស៊ីក៏បាន»

ដើម្បីលើកស្ទួយវិស័យសហគ្រិនភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ក្រសួងនឹងលើកកម្ពស់វប្បធម៌សហគ្រិនភាព តាមរយៈការផ្សព្វផ្សាយទៅយុវជន និងបណ្តារាជធានីខេត្តទាំង២៥ សាបព្រោះពូជ និងកៀរគរបន្ថែមពន្លកសហគ្រិនថ្មី ដែលជាមេទ័ពដ៏ពូកែ ក្នុងពេលអនាគតក្នុងវិស័យឯកជន និងជាកម្លាំងចលករសេដ្ឋកិច្ចជាតិទៅថ្ងៃមុន។

លោកជំរុញឱ្យសហគ្រិនវ័យក្មេង ព្រមទាំងយុវវ័យ សូមបន្តកសាងសមត្ថភាពជាប់ជាប្រចាំ ដើម្បីក្លាយជាអ្នកដឹកនាំដ៏ខ្លាំងពូកែ ក្នុងវិស័យឯកជន តាមរយៈការចាប់យកបច្ចេកវិទ្យា ប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ក៏ដូចជាការបណ្តុះនូវគំនិតធុរកិច្ចថ្មី នវានុវត្តន៍ គំរូអាជីវកម្មថ្មី៕