(បាងកក)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃកំពុងពិចារណាដកហូតពន្ធលើការជួញដូរភាគហ៊ុន ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល បន្ទាប់ពីការរាតត្បាតជំងឺកូវីដ និងការថមថយកំណើនសេដ្ឋកិច្ចបានបង្កឱ្យធ្លាក់ចុះប្រាក់ចំណូល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Pakorn Peetathawatchai ប្រធានផ្សារភាគហ៊ុនថៃ (SET) បានថ្លែងក្នុងសន្និសីទមួយនៅថ្ងៃសុក្រថា ពន្ធនេះអាចមានអត្រា ០,១ភាគរយនៃការជូញដូរភាគហ៊ុននីមួយៗ។ លោកបានថ្លែងបែបនេះបន្ទាប់ពីកាសែត Krungthep Turakij របស់ថៃបានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុថៃមានផែនការដកហូតពន្ធនេះបន្ទាប់ពីលើកលែងការដកហូតពន្ធរយៈពេលជាង ៣០ឆ្នាំ។

លោក Pakorn បានថ្លែងថា៖ «ផ្សារភាគហ៊ុនកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយក្រសួងហិរញ្ញវត្ថុអំពីពន្ធលើការជួញដូរភាគហ៊ុន។ យើងដឹងពីតម្រូវការប្រាក់ចំណូលបន្ថែមរបស់រដ្ឋាភិបាល ប៉ុន្តែមានការកើនឡើងនូវក្តីបារម្ភមួយចំនួនអំពីផលប៉ះពាល់របស់ពន្ធថ្មីនេះលើផ្សារភាគហ៊ុន»

រដ្ឋាភិបាលថៃបានបង្កើនការចំណាយសារពើពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលការរាតត្បាតជំងឺកូវីដ-១៩ បានបង្កឱ្យសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទី២នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចដំបូងរបស់ខ្លួនគិតចាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧-១៩៩៨ មក។ ពិដានបំណុលសាធារណៈរបស់ថៃត្រូវបានដំឡើងដល់ ៧០% នៃផលិតផលក្នុងស្រុកសរុបកាលពីខែកញ្ញា ពីកម្រិត ៦០ភាគរយ ដើម្បីអនុញ្ញាតឱ្យមានការខ្ចីប្រាក់ថែមទៀតដើម្បីផ្តល់មូលនិធិដល់វិធានការជំរុញសេដ្ឋកិច្ច។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Pornchai Theeravej អ្នកនាំពាក្យរបស់ក្រសួងហិរញ្ញវត្ថុថា៖ «ក្រសួងហិរញ្ញវត្ថុមានគោលនយោបាយស្វែងរកប្រាក់ចំណូលបន្ថែមច្បាស់លាស់ រួមទាំងពន្ធលើការជួញដូរភាគហ៊ុនដែលអាចកើតមានផងដែរ។ ប៉ុន្តែព័ត៌មានលម្អិតអំពីអត្រាពន្ធពិសេសនេះស្ថិតនៅក្នុងការពិភាក្សានៅឡើយ»។

កាសែត Krungthep Turakij បានរាយការណ៍ថា ពន្ធលើការជួញដូរភាគហ៊ុននឹងត្រូវដកហូតលើវិនិយោគិនភាគហ៊ុនដេលមានប្រាក់ចំណូលប្រចាំខែសរុបចំនួន ១លានបាត (២៩.៩៦៧ដុល្លារ) ក្នុងមួយខែ។ កាសែតនេះបានរាយការណ៍ទៀតថា ពន្ធនេះដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២២ ត្រូវបានរំពឹងថានឹងបង្កើតប្រាក់ចំណូលបានចប្រហែល ១៦ប៊ីលានបាត (ប្រហែល ៤៨០លានដុល្លារ)៕