(ក្រុងឡុងដ៏)៖ ចក្រភពអង់គ្លេស និងប្រទេសអូស្រ្តាលី សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរំពឹងថានឹងបញ្ចេញសក្តានុពលពាណិជ្ជប្រចាំឆ្នាំជាង ១០ប៊ីលានផោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចព្រមព្រៀងនេះដែលបានព្រមព្រៀងជាគោលការណ៍កាលពីខែមិថុនា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងដែលអង់គ្លេសបានចរចាចាប់ពីដើមទីមក និងត្រូវបានចុះហត្ថលេខា គិតចាប់ពីប្រទេសនេះបានចាកចេញពីសហភាពអឺរ៉ុបនៅដើមឆ្នាំនេះ។

ចក្រភពអង់គ្លេស និងអូស្រ្តាលីសម្រេចបានកិច្ចព្រមព្រៀងនេះបន្ទាប់ពីប្រទេសទាំងពីរបានដោះស្រាយបញ្ហានានាជុំវិញវិស័យកសិកម្ម។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កសិករអង់គ្លេសនឹងត្រូវបានការពារដោយការកំណត់មួយលើការនាំចេញរួចពន្ធរយៈពេល ១៥ឆ្នាំ ដោយប្រើប្រាស់កូតាពន្ធ (tariff-rate quota) និងវិធានការការពារផ្សេងទៀត។

ក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះដែលនឹងជម្រុះចោលពន្ធលើការនាំចេញទាំងអស់រវាងប្រទេសទំាងពីរ នឹងជួយបង្កើតឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនអាជីវកម្មក្នុងប្រទេសទាំងពីរ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Anne-Marie Trevelyan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសខណៈបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មអង់គ្លេសនិងអូស្រ្តាលីរបស់យើងគឺជាកិច្ចព្រមព្រៀងដ៏គួរឱ្យកត់សម្គាល់មួយក្នុងប្រវត្តិសាស្រ្ត និងទំនាក់ទំនងសំខាន់រវាងប្រទេសខំមិនវែលទាំងពីររបស់យើង»។

កិច្ចព្រមព្រៀងនេះក៏ជាការជំរុញមួយសម្រាប់វិស័យសេវាកម្មដ៏ខ្លាំងរបស់អង់គ្លេស ដោយសារវាបន្ធូរបន្ថយលការទទួលបានទិដ្ឋាការការងារអូស្រ្តាលីសម្រាប់អ្នកអាជីពនានាដូចជាមេធាវី និងគណនេយ្យករជាដើម ពោលគឺដល់វិសាលភាពមួយដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕