(ភ្នំពេញ)៖ សហគ្រិនខ្មែរ (Khmer Enterprise) អង្គការអុកស្វាម និង Platform Impact បានចុះកិច្ចព្រមព្រៀងសហការគ្នាជាដៃគូ ដើម្បីពន្លឿនជំរុញ និងពង្រីក សកម្មភាពសហគ្រិនភាព ដែលមានឥទ្ធិពលវិជ្ជមាន(Impact-Driven Entrepreneurship) និងសកម្មភាពហិរញ្ញប្បទាន ប្រកបដោយការទទួលខុសត្រូវ នៅកម្ពុជា តាមរយៈការអនុវត្ត «កម្មវិធីគាំទ្រសហគ្រាសធុនតូច និងមធ្យមដែលមានឥទ្ធិពលវិជ្ជមាន (Program Impact-Driven SME or PRISME)»

PRISME គឺជាកម្មវិធីសហគ្រិនភាពមួយថ្មី នវានុវត្តន៍ និងល្អបំផុត ដែលមានគោលដៅកសាង អភិវឌ្ឍ និងផ្តល់ភាពអង់អាចដល់សហគ្រាសដែលមានឥទ្ធិពលវិជ្ជមាន សហគ្រាសកូនកាត់ដែលរួមបញ្ចូលបេសកកម្មទៅក្នុងអាជីវកម្ម និងផ្តោតការយកចិត្តទុកដាក់ទៅលើការបំពេញតាមតម្រូវការសង្គម ដោយប្រើប្រាស់ថាមពលសហគ្រិន និងយុទ្ធសាស្រ្តទីផ្សារ ដើម្បីបង្ហាញថា ការរកប្រាក់ចំណេញ និងការមានឥទ្ធិពលវិជ្ជមានលើសង្គម គឺមិនមែនជាគំនិតដាច់ដោយឡែកពីគ្នានោះទេ។

គំនិតទាំងនេះមានលក្ខណៈបរិយាប័ន្ន យកចិត្តទុកដាក់លើបរិស្ថាន និងប្រើប្រាស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាក្របខ័ណ្ឌមួយសម្រាប់ធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាព ។

អនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី ស្តីពីកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម និងលោក វ៉ាន់ វិចិត្រ នាយកគ្រប់គ្រងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជននៃ Platform Impact។

លោកស្រី ភាណ សោភ័ណ បានថ្លែងថា «សហគ្រាសធុនតូច និងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការផ្តល់ការងារ និងបង្កើតប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប ក៏ដូចជាក្នុងការបង្កផលប៉ះពាល់ដល់សង្គម និងបរិស្ថាន។ យ៉ាងណាមិញ សហគ្រាសធុនតូច និងមធ្យមកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដែលទាមទារការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍសក្តានុពលរបស់គេ។

លោកស្រី បានបន្តថា «អង្គការអុកស្វាមជឿជាក់យ៉ាងមុតមាំថា ការបង្កើនឥទ្ធិពលជាវិជ្ជមានរបស់សហគ្រាស គឺមានសារៈសំខាន់ជាសរវ័ន្ត សម្រាប់ប្រទេស ក្នុងការ កាត់បន្ថយភាពក្រីក្រ ខណៈពេលជាមួយគ្នានោះ កាត់បន្ថយតម្រូវការប្រើប្រាស់ធនធានធម្មជាតិ ហើយការណ៍នេះ ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ការសហការ ជាមួយវិស័យសាធារណៈ និងឯកជន គឺជាមធ្យោបាយយុទ្ធសាស្រ្តមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ដោយសារយើងអាចប្រើប្រាស់ធនធានរបស់ស្ថាប័ននីមួយៗ បំពេញបន្ថែម និងបំពេញចន្លោះខ្វះខាត ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ ដើម្បីទទួលបានលទ្ធផលមានបរិយាប័ន្នដែលបម្រើផលប្រយោជន៍រួមរបស់ទាំងអស់គ្នា ក្នុងពេលទន្ទឹមគ្នានោះការពារភពផែនដីរបស់យើងផងដែរ»

សហគ្រិនខ្មែរ និងអង្គការអុកស្វាម នឹងសហការផ្តល់មូលនិធិ និងគាំទ្រដល់ការអនុវត្ត PRISME ក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៤ ចំណែកឯ Platform Impact ធ្វើការជាដៃគូជាមួយ Cambodia Investor Club នឹងរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្ត បច្ចេកទេស និងភ័ស្តុភារ ដើម្បីផ្តល់ការគាំទ្រប្រកបដោយគុណភាពខ្ពស់ដល់សហគ្រិន ដើម្បីបង្កើត និងដាក់ឱ្យដំណើរការនូវសហគ្រាសដែលមានឥទ្ធិពលវិជ្ជមាន នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានថ្លែងថា «សហគ្រាសធុនតូច និងមធ្យម គឺជាកាតាលីករជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យឆ្ពោះទៅមុខក្នុងទីផ្សារ ដែលមានភាព ប្រកួតប្រជែងថ្មី។ កម្មវិធីនេះ នឹងមិនត្រឹមតែលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមដែលចូលរួម តាមរយៈការបណ្តុះបណ្តាល ជំនាញផ្សេងៗ និងការអភិវឌ្ឍ ប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកអាជីវកម្មរបស់ពួកគេទៅមួយកម្រិតទៀត តាមរយៈការវិនិយោគទុន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបណ្តាញថ្នាក់ជាតិ និងថ្នាក់តំបន់»

ភាពជាដៃគូសហការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ មកពីវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដើម្បីជម្រុញ ពន្លឿន និងបង្កើនចំណូលមកសេដ្ឋកិច្ចកម្ពុជា។

PRISME ផ្តល់សេវាកម្មពីរប្រភេទដល់សហគ្រាសដែលមានឥទ្ធិពលវិជ្ជមាន រួមមានការគាំទ្រដល់ការកសាងអាជីវកម្មបណ្តាក់ទុន ក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តកំណើន និងកសាងទំនាក់ទំនងអាជីវកម្មដែលពាក់ព័ន្ធសម្រាប់អាជីវកម្មរបស់ពួកគេឲ្យមានការរីកចម្រើន និងការគាំទ្រដល់ការកៀងគរថវិកា ដើម្បីបង្កើនដើមទុន ដែលពួកគេត្រូវការ ដើម្បីពង្រីកប្រតិបត្តិការរបស់ពួកគេ និងឥទ្ធិពលជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។

PRISME ក៏មានគោលដៅអភិវឌ្ឍគោលនយោបាយ ក្របខ័ណ្ឌបទប្បញ្ញត្តិ និងច្បាប់ ដែលអនុញ្ញាតឱ្យមានប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយ បង្កើនល្បឿនកំណើននៃសហគ្រាសធុនតូច និងមធ្យមដែលមានឥទ្ធិពលវិជ្ជមាននៅកម្ពុជា។

លោក វ៉ាន់ វិចិត្រ បានថ្លែងថា «សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កំពុងប្រឈមមុខនឹងបរិយាកាសប្រកួតប្រជែង ដែលពួកគេត្រូវតែបង្កើតទីផ្សារពិសេសមួយ ដើម្បីពង្រីកទីផ្សារ និងផលិតផល ឬសេវាកម្មរបស់គេ។ ដូចគ្នានឹងការភ្ជាប់ឧស្សាហកម្មកាត់ដេរទៅនឹងស្តង់ដារការងារប្រកបដោយក្រមសីលធម៌ កាលពីបីទស្សវត្សមុន ដែលបានបន្តបម្រើឧស្សាហកម្មនេះបានគាប់ប្រសើរ សហគ្រាសក្នុងស្រុក ត្រូវតែខិតខំបញ្ចូលគម្រូអាជីវកម្ម ដែលមានលក្ខណៈបរិយាប័ន្ន នៅក្នុងសកម្មភាពពាណិជ្ជកម្មរបស់គេ»

PRISME មានគោលបំណងលើកកម្ពស់ការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក តាមរយៈការតភ្ជាប់ខ្សែសង្វាក់តម្លៃ ការបង្កើនលទ្ធភាពចូលទីផ្សារ និងទទួលបានហិរញ្ញប្បទាន ប្រសិទ្ធភាពពាណិជ្ជកម្ម ក៏ដូចជាការរួមបញ្ចូលសមាសធាតុបរិស្ថាន សង្គម និងអភិបាលកិច្ច។ ការណ៍នេះនឹងដាក់ប្រទេសកម្ពុជា នៅលើផែនទីនៃប្រព័ន្ធអេកូឡូស៊ីដែលលើកកម្ពស់បរិស្ថាន សង្គម និងអភិបាលកិច្ច នាពេលអនាគតដ៏ខ្លីខាងមុខ។

PRISME នឹងចាប់ផ្តើមផ្តល់ការគាំទ្រដល់ក្រុមទីមួយនៃសហគ្រាសដែលមានឥទ្ធិពលវិជ្ជមាន នៅខែមករា។ ខណៈពេលនេះ កម្មវិធីកំពុងរៀបចំបញ្ចប់បញ្ជី សហគ្រាសចំនួន១០ ដែលត្រូវចូលរួមក្នុងក្រុម ដែលសហគ្រាសនីមួយៗនឹងទទួលបានការគាំទ្ររយៈពេលមួយឆ្នាំ ដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកបង្កើតអាជីវកម្មបណ្តាក់ទុន ដែលចាប់ផ្តើមពីដំណាក់កាលបង្កើតផែនការអាជីវកម្ម រហូតដល់ការត្រៀមខ្លួន និងបិទការវិនិយោគ។ បេក្ខភាពសហគ្រាសដែលចូលរួម គឺមកពីផ្នែកផ្សេងៗគ្នាចាប់តាំងពីផ្នែកសេវាសុខភាព រហូតដល់ធុរកិច្ចបៃតង និងផ្នែកគ្រប់គ្រងសម្រាម៕