(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្មចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១នេះ។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក រិន ហុងពីង អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា។

តាមរយៈចុះអនុស្សារណៈនៃការយោគយល់គ្នានាពេលនេះ ភាគីទាំងពីរបានបញ្ជាក់នូវការប្ដេជ្ញាចិត្ត ក្នុងគោលបំណងរួមគ្នាលើកកម្ពស់គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ភ្ជាប់ជាមួយគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ នៅកម្ពុជា, រួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី, ពង្រឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗ និងធ្វើឱ្យប្រសើរឡើងនូវយន្តការកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងក្របខ័ណ្ឌនៃគណៈកម្មការ ស្ដីពីកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានឹងជំរុញរំហូរវិនិយោគ និងពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃជំនួបកំពូល រវាងប្រមុខរដ្ឋាភិបាលតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

លោកបន្តថា តាមរយៈទំហំទុនវិនិយោគដ៏ច្រើន របស់វិនិយោគិនចិននៅកម្ពុជា ដែលធ្វើឱ្យការវិនិយោគចិនឈរនៅចំណាត់ថ្នាក់ទី១ នឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោករំពឹងថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅដើមខែមករា ឆ្នាំ២០២២ នឹងជំរុញលំហូរវិនិយោគ និងពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្រៅពីនេះ លោកក៏បានលើកឡើងពីការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការដ៏សន្ធឹកសន្ធាប់ពីចិន តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងជាបុរេលក្ខខ័ណ្ឌសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច-សង្គមកម្ពុជា៕