(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព គឺជាមូលនិធិសាធារណៈ ស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតឡើងក្នុងគោលបំណងស្វែងរក និងផ្តល់ការគាំទ្រដល់សហគ្រិន ដែលមានសក្តានុពលនៅកម្ពុជា ជាពិសេសសហគ្រិនដែលកំពុងធ្វើកិច្ចការងារចូលរួមដោះស្រាយបញ្ហារាំងស្ទះនានា និងការពង្រីកធុរកិច្ចរបស់ខ្លួន។

តាមរយៈការស្រាវជ្រាវ លើផលិតផលកសិកម្មសំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ និងកិច្ចសម្ភាសជាមួយសហគ្រិន ក្នុងស្រុកមួយចំនួនរួចមក, លនិធិអភិវឌ្ឍន៍សហគ្រិនភាព បានមើលឃើញ ក្រុមហ៊ុន ហ៊ុនទីគ្រុប ត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនមួយដែលសហគ្រិនមានគំនិតផ្តួចផ្តើមថ្មី ជាមួយនឹងមនសិការខ្ពស់ ប្រកបដោយគោលបំណងធុរកិច្ចច្បាស់លាស់ និងសមត្ថភាពបច្ចេកទេស ដែលមានលក្ខណៈពិសេសជាងគេ ក្នុងការចូលរួមរក្សាតម្លៃនៃផលិតផលកសិកម្មកម្ពុជា។

ម្ចាស់ក្រុមហ៊ុនមានបទពិសោធន៍ នៅក្នុងធុរកិច្ចនេះជាង៣០ឆ្នាំ នៅបរទេស ជាពិសេសនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីបូព៌ា អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា។ ពេលមកធ្វើទស្សនកិច្ច ជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣, ក្រុមការងាររបស់ក្រុមហ៊ុននេះ បានសម្រេចចិត្តចាប់ផ្តើមវិនិយោគ និងបង្កើតឃ្លាំង ត្រជាក់សម្រាប់ស្តុកទំនិញ និងវិនិយោគលើសម្ភារៈបិរក្ខារនានា ដែលបានបណ្តាក់ទុនសរុបរហូតដល់១៥លានដុល្លារអាមេរិក។

ជាទូទៅ អ្នកជំនាញក្នុងវិស័យនេះបានទទួលស្គាល់ថា ឃ្លាំងត្រជាក់សម្រាប់ស្តុកទំនិញ គឺជាហេដ្ឋារចនាសម្ព័ន្ធគន្លឹះមួយ ក្នុងការចូលរួមដោះស្រាយបញ្ហារាំងស្ទះ នៃខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាជាដើម។

យ៉ាងណាមិញ ទោះបីជាមានការវិនិយោគ ទៅលើឃ្លាំងត្រជាក់ស្តុកទំនិញ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងអ្នកជំនាញយ៉ាងណាក្តី ក៏មិនអាចធានាបានដំណោះស្រាយទាំងស្រុងលើបញ្ហារាំងស្ទះ និងបញ្ហាប្រឈមនានា ក្នុងវិស័យនេះឡើយ ដើម្បីសម្រេចគោលបំណងមួយ គឺ បង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មកម្ពុជា ឱ្យខ្ពស់ជាងតម្លៃនៅលើទីផ្សារបច្ចុប្បន្ន។

បញ្ហានៅក្នុងប្រព័ន្ធអេកូឡូស៊ីជាច្រើនទាមទារ ឲ្យមានដំណោះស្រាយ មានជាអាទិ៍៖ តម្លៃឡូជីស្ទីក, ថាមពលចរន្តអគ្គិសនី, និងបញ្ហាមួយចំនួនទៀត ដែលបញ្ហាទាំងនោះ នឹងកាត់បន្ថយប្រាក់ចំណេញរបស់ធុរកិច្ច ក្នុងវិស័យនេះផ្ទាល់។ ក្នុងន័យនេះ ក្រុមហ៊ុន ហ៊ុនទីគ្រុប បានអនុវត្តស្របតាមផែនការ យុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន ដោយសម្រេចវិនិយោគ និងចាប់បើកដំណើការ «សួនកសិ-ឧស្សាហកម្មជាតិកម្ពុជា» (Cambodian National Agricultural Industrial Park) នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលជាភូមិសាស្ត្រយុទ្ធសាស្ត្រ រវាងខ្សែរក្រវាត់បៃតងនៃគម្រោងផែនការមេរបស់ខេត្ត និងស្របជាមួយនឹងគោលដៅ តំបន់អភិវឌ្ឍន៍ពហុបំណង របស់ប្រទេសកម្ពុជាសម្រាប់ទីក្រុងឆ្នេរសមុទ្រ និងផែទឹកជ្រៅមួយនេះ។

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងជានាយកគម្រោងផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានជជែកពិភាក្សាបែបយុទ្ធសាស្រ្តស៊ីជម្រូវជាមួយ លោកស្រី សុភី ដែលជាប្រធានចាត់ការទូទៅនៃក្រុមហ៊ុន ហ៊ុនទីគ្រុម អំពីកត្តាជំរុញនៃការធ្វើធុរកិច្ច, ចក្ខុវិស័យ, គំរូអាជីវកម្ម និងកិច្ចការចូលរួមបង្កើនតម្លៃបន្ថែមនៃច្រវាក់ផលិតកម្មកសិកម្មកម្ពុជា។
កិច្ចពិភាក្សា ក៏បានផ្តោតសំខាន់ផងដែរ ទៅលើសមិទ្ធិលទ្ធភាព សម្រាប់ការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលនាំចេញផលិតផល កសិកម្មដែលមានលក្ខណៈប្រកួតប្រជែង។

១៖ តើមានកត្តាអ្វីដែលជំរុញលោកស្រី ចាប់ផ្តើមធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា?

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨, នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន លី ឃឺឈាំង (Li Keqiang) បានជួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ បន្ទាប់ពីកិច្ចប្រជុំ រដ្ឋាភិបាលទាំងពីរបានចេញសេចក្តីថ្លែងការរួម ដែលមានខ្លឹមសារថា៖
ប្រទេសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងវិស័យ កសិកម្ម និងវិស័យផ្សេងទៀត ដោយធ្វើការលើកកម្ពស់គ្រប់ជ្រុងជ្រោយ សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យកសិកម្ម, ចូលរួមកសាងផែនការអភិវឌ្ឍន៍វិស័យកសិកម្មទំនើប, ធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសួន បង្ហាញអំពីវិស័យកសិកម្ម និងផលិតផលកសិកម្មកែច្នៃ, លើកកម្ពស់ការអភិវឌ្ឍការកែច្នៃផលិតផលកសិកម្មកម្ពុជា, ឃ្លាំងស្តុកទំនិញនិងឡូជីស្ទីក, និងពង្រីកខ្សែច្រវាក់កសិ-ឧស្សាហកម្ម។

គំរូអាជីវកម្មនៃខ្សែរច្រវាក់ឧស្សាហកម្មទាំងអស់នោះ មានជាអាទិ៍៖ ការនាំចេញទៅក្រៅប្រទេស, ការជួលដី, ការរួមបញ្ចូលគ្នា (the acquisition and merger model) និងការបើកដំណើការនៃសួនកសិកម្មបែបបរទេស គឺជាគំរូអាជីវកម្មចម្បងសម្រាប់សហគ្រាសកសិកម្មរបស់ចិនក្នុងការឈានចូលទៅទីផ្សារសាកល។

ក្រុមហ៊ុន ហ៊ុនទីគ្រុប ក៏បានមើលឃើញឱកាសនេះ ដើម្បីក្លាយជាអ្នកចាប់ផ្តើមមុនគេនៅក្នុងវិស័យកសិកម្ម។ ពួកយើងស្រលាញ់ក្នុងការពង្រឹងស្តង់ដារ ផលិតផលកសិកម្មកម្ពុជាទៅមួយកម្រិតទៀត និងនាំមកនូវគំរូនៃការកែច្នៃចំណីអាហារថ្មីៗមកកាន់ប្រទេសកម្ពុជា ដោយផ្អែកលើបទពិសោធន៍ ជាង៣០ឆ្នាំរបស់ពួកយើងនៅក្នុងធុរកិច្ចវិស័យនេះ។

២៖ តើគម្រោងរបស់លោកស្រីផ្តល់សារៈសំខាន់អ្វីខ្លះដល់ផលិតផលកសិកម្មកម្ពុជា?

ឧស្សាហកម្មខ្នាតធំ និងនិន្នាការក្លាយជាប្រទេសនាំចេញផលិតផលកសិកម្មចម្បង គឺចាំបាច់ត្រូវការឃ្លាំងត្រជាក់ស្តុកទំនិញ។ គួរកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកសិកម្មបែបប្រពៃណី ហើយវិស័យនេះគឺនៅតែត្រូវបានចាត់ទុកជាសសរស្តម្ភធំមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច។
កម្ពុជាមានប្រជាជនដែលប្រកបរបរកសិកម្មប្រមាណ ៨៥% នៃចំនួនប្រជាជនសរុប ដែលរួមចំណែកផ្តល់ការងារប្រមាណ ៧៨% និង មានផ្ទៃដីសម្រាប់ធ្វើកសិកម្មសរុប ៦.៣ លានហិចតា។ ការណ៍នេះ នឹងធ្វើឱ្យមានកំណើនតម្រូវការសម្រាប់ឃ្លាំងត្រជាក់ស្តុកទំនិញខ្នាតធំ នៅក្នុងទីផ្សារក្នុងស្រុក។

ឧទាហរណ៍៖ ឃ្លាំងត្រជាក់ស្តុកទំនិញរបស់ក្រុមហ៊ុន ហ៊ុនទីគ្រុប ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសាងសង់នៅក្នុងឆ្នាំ២០១៦ នៅលើផ្ទៃដីតំហំ ២ហិចតា និងបច្ចុប្បន្នជាឃ្លាំងត្រជាក់ស្តុកទំនិញធំជាងគេដែលបានបើកសម្រាប់ការពាណិជ្ជករទាំងឡាយ។ នៅក្នុងឆ្នាំ២០២០ ឃ្លាំងត្រជាក់នេះបានផ្ទុកទំនិញរហូតទៅដល់ ១០ ០០០តោនក្នុង ១ថ្ងៃ ហើយតម្រូវការនៃការទុកដាក់ទំនិញនៅក្នុងឃ្លាំងត្រជាក់ បានមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ចំពោះតម្លៃ ជាទូទៅគឺគិតក្នុងចំនួន ១ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រគូប សម្រាប់រយៈពេលមួយថ្ងៃ ប៉ុន្តែកសិករអាចទទួលបានអត្ថប្រយោជន៍ជាច្រើន។ តាមរយៈការផ្ទុកទំនិញនៅក្នុងឃ្លាំងត្រជាក់ជាមួយនឹងការកែច្នៃ កសិករយើងអាចជៀសផុតពីស្ថានភាពអាក្រក់ ពោលការផលិតលើសតម្រូវការនៅពេលរដូវប្រមូលផល និងការខ្វះខាតផលិតកម្មនៅពេលផុតរដូវប្រមូលផល។ ពួកគេមានជម្រើសក្នុងការសម្របខ្លួនទៅតាមលក្ខខណ្ឌនៃតម្រូវការនៅលើទីផ្សារ ហើយពួកគេអាចធ្វើការកែច្នៃផលិតផលកសិកម្មសម្រាប់បង្កើតជាផលិតផលផ្សេងៗទៀតដែលមានតម្លៃបន្ថែមខ្ពស់ផងដែរ។

៣៖ តើលោកស្រីគិតដូចមេ្តចទៅលើទិសដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា?

ខ្ញុំគិតថា មានទិសដៅយុទ្ធសាស្ត្រចំនួន ០៤ គួរចាប់ផ្តើម រួមមាន៖ ការធ្វើបមាណីកម្ម, ការពង្រីក, ឧស្សាហូបនីយកម្ម និងការកែច្នៃ (Standardization, Scale, Industrialization, and Refinement)។ ក្រុមហ៊ុន ហ៊ុនទីគ្រុប មានជំនឿទៅលើក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធនានា ក្នុងការចូលរួមដោះស្រាយបញ្ហារាំងស្ទះទាំងអស់គ្នា។

ពួកយើងបានធ្វើការផងដែរជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ និងគ្រប់គ្រងទ្រព្យក្នុងស្រុក (Continent Asset Management) ដើម្បីទំនាក់ទំនងជាមួយនឹងភាគីពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ី និងរៀនបន្ថែមអំពីបរិបទក្នុងស្រុកសម្រាប់ការអភិវឌ្ឍគម្រោងនេះ ដើម្បីឱ្យមានប្រសិទ្ធផលខ្ពស់, ជាគំរូល្អមួយសម្រាប់ធុរកិច្ចក្នុងប្រទេស និងឆ្លើយតបនឹងស្ថានភាពដែលកំពុងអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

ដូចនេះ ផែនការក្រុមហ៊ុនយើងនឹងបើកដំណើការសួនឧស្សាហកម្មកែច្នៃ ដែលមានដំណើរការល្អសម្រាប់គាំទ្រទៅដល់ផលិតផលកសិកម្ម។ ទន្ទឹមនេះផងដែរ ក្រុមហ៊ុន ហ៊ុនទីគ្រុប បានពន្លឿននូវការសាងសង់នៅការដ្ឋានក្នុងស្រុកកំពង់សីលា ដាក់ពាក្យស្នើសុំអជ្ញាប័ណ្ណផ្សេងៗ និងស្នើសុំកិច្ចគាំទ្រគោលនយោបាយនានា ដើម្បីធ្វើប្រតិបត្តការទៅដោយរលូន និងអាចធានាបានស្របតាមលក្ខខណ្ឌរបស់អតិថិជនក្រៅប្រទេស។ ពួកយើងមានគោលបំណងផ្តួចផ្តើមគម្រោងមួយទៀតគឺ តំបន់ពាណិជ្ជកម្មសេរីសម្រាប់ផលិតផលកសិកម្ម។

ជាមួយនឹងការបោះទីតាំងនៃមជ្ឍមណ្ឌលឃ្លាំងស្តុកត្រជាក់ខ្នាតធំ, ក្រុមហ៊ុននឹងពង្រីកបន្តទៀត ក្នុងការបង្កើតឃ្លាំងសម្រាប់ស្តុកផ្លែឈើត្រូពិច ប្រកបដោយលក្ខខណ្ឌគ្រប់គ្រាន់ និងការកែច្នៃសម្រាប់ការនាំចេញ, ការកែច្នៃស៊ីជម្រៅ (deep processing) នៃផលិតផលកសិកម្ម និងជលផល, ម្ហូបអាហារកែច្នៃបង្កក, ការផ្គត់ផ្គង់ម្ហូបអាហារបង្កក, និងថ្នាលទីផ្សារពាណិជ្ជកម្មជួញដូរអនឡាញផ្សេងទៀត។

សេវាកម្មដែលបាននិងកំពុងដំណើរការរួមមាន៖ ផលិតកម្ម, ការកែច្នៃ, ការគ្រប់គ្រងការបង្កក ,ពាណិជ្ជកម្មនាំចេញនិងចូល, ឡូជីស្ទីកនិងការចែកចាយទំនិញ, ពាណិជ្ជកម្មបែបអេឡិចត្រូនិក, ការផ្លាស់ប្តូរព័ត៌មាន, ការធ្វើតេស្តសុវត្ថិភាពចំណីអាហារ, កិច្ចសហប្រតិបត្តិការវិស័យកសិកម្មនិងពាណិជ្ជកម្ម, ផ្លែឈើនិងផលិតផលកសិកម្មសម្រាប់ទីផ្សារបរទេស (ផលិតផលសាច់ និងជលផល) និងម្ហូបអាហារបង្កក។

លើសពីនេះទៀត, ក្រុមហ៊ុននឹងនាំសហគ្រាសឈានមុខមកក្នុងប្រទេស ដើម្បីធ្វើសមាហរណកម្មជាមួយនឹងមជ្ឈមណ្ឌលជួញដូរផ្នែកផលិតផលកសិកម្ម (Trading House) ហើយនឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងការធានាអំពីស្តង់ដារម្ហូបអាហារសម្រាប់ទីផ្សារនៅក្នុងស្រុក និងអន្តរជាតិ, និងក្លាយជាមជ្ឈមណ្ឌលចែកចាយទីផ្សារម្ហូបអាហារនៅក្នុងកម្ពុជា និងប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍។

សួនឧស្សាហកម្មនេះ នឹងជួយលើកកម្ពស់គ្រប់ជ្រុងជ្រោយនៃកិត្តិនាមផលិផលកសិកម្មកម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ, ទាក់ទាញប្រតិបត្តិករកែច្នៃម្ហូបអាហារ និងពាណិជ្ជករដែលអាចអនុលោមបាននៃសុវត្ថិភាពចំណីអាហារបែបឧស្សាហកម្ម, ទាក់ទាញការវិនិយោគបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកសិកម្ម និងចំណីអាហារបែបទំនើប, បង្កើតសារមន្ទីរជាតិសម្រាប់បង្ហាញផលិតផលកសិកម្មកម្ពុជា, និងមជ្ឍមណ្ឌលបណ្តុះបណ្តាលឧស្សាហកម្មចំណីអាហារផងដែរ។

តាមរយៈភាពប្រទាក់ក្រឡានៃការរួមបញ្ចូលគ្នានៃខ្សែរច្រវាក់ការផ្គត់ផ្គង់, គម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយប្រចំាខេត្ត និងប្រទេសកម្ពុជា ដែលនឹងជួយប្រែក្លាយពីសេដ្ឋកិច្ចកសិកម្មបែបប្រពៃណីយ៍ ទៅជាគំរូនៃសេដ្ឋកិច្ចកសិកម្មមួយដែលមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបជាមួយនឹងផលិតភាពខ្ពស់ តម្លៃបន្ថែម និងពិពិធកម្មសំបូរបែបនៃផលិតផលកសិកម្មរបស់កម្ពុជា ។

ការណ៍នេះ នឹងជួយជំរុញរំហូរនៃពាណិជ្ជកម្មនាំចេញរបស់សហគ្រាសដែលចូលរួមនៅក្នុងសួនឧស្សាហកម្ម និងជួយប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលនាំចេញផលិតផលកសិកម្មទ្រង់ទ្រាយធំលំដាប់ពិភពលោក៕