(ភ្នំពេញ)៖ លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំងប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) សន្យាថានឹងបង្កើនទំហំឥណទានសម្បទាន និងខិតខំជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

ការអះអាងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូនេះ។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ លោក Jacques PELLET ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានរំលឹកពីទំនាក់ទំនងទ្វេភាគី មិត្តភាពជិតស្និទ្ធិ រវាងបារាំង និងកម្ពុជា ដែលមានតាំងពីយូរលុងណាស់មកហើយ ។ បារាំងបានដើរតួនាទីយ៉ាងសំខាន់សម្របសម្រួល ក្នុងកិច្ចដំណើរសន្តិភាពនៅកម្ពុជា ដោយឈានដល់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ជាដើម។ សាធារណរដ្ឋបារាំង ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេសក្នុងវិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម អប់រំ និងគម្រោងវិនិយោគសាធារណៈជាច្រើន ។

ជាក់ស្តែង, នៅក្នុងឆ្នាំ ២០២១នេះ, បារាំង-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ មានទឹកប្រាក់សរុបប្រមាណ ២០.៣០លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិកម្ម ទឹក និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។

លោកឯកអគ្គរដ្ឋទូត Jacques PELLET បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងថា ជាការពិតកម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេសកិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD ។

កិច្ចសហប្រតិបត្តិការនេះ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងប្រតិបត្តិការនៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានការប្តេជ្ញា សម្រេចគោលដៅក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ODA របស់ខ្លួនឲ្យបាន ០.៥៥% នៃផ.ស.ស នៅឆ្នាំ ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមមានកម្ពុជាផងដែរ។

រដ្ឋាភិបាលបារាំង, តាមរយៈ AFD, សន្យាថានឹងបង្កើនទំហំឥណទានសម្បទាន និងខិតខំជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។

ជាទិសដៅទៅមុខ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងដាក់ចេញនូវ «យុទ្ធសាស្ដ្រស្ដីពីការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ដែលជាឯកសារបង្ហាញផ្លូវ ដើម្បីកម្ពុជា ចាកចេញពីវិបត្តិនៃជម្ងឺកូវីដ-១៩ ឆ្ពោះទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយសុវត្ថិភាព ចីរភាព និងបរិយាប័ន្ន។ «ឯកសារបង្ហាញផ្លូវ» គឺជាក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី ក្នុងទិសដៅលើកកម្ពស់ចីរភាព កំណើន និងការកសាងភាពរាំងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំងជាថ្មីម្តងទៀត ដែលបាន និងបន្តគាំទ្រ ទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ ក៏ដូចជាបានផ្តល់នូវកិច្ចសហប្រតិប្តិការល្អប្រសើររវាងកម្ពុជា-បារាំង នាពេលកន្លងទៅ ហើយបានស្នើឲ្យបារាំងបន្តជួយសម្របសម្រួលទាក់ទាញអ្នកវិនិយោគគិនបារាំង និងអឺរ៉ុប មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមជូនពរលោក Jacques PELLET និងសហការី ព្រមទាំងតំណាង AFD ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ចថ្មីនៅកម្ពុជា៕