(ញូវដែលី)៖ ក្រុមការងារដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេចថា ប្រទេសឥណ្ឌាបានរំលោភច្បាប់ពាណិជ្ជកម្មអន្តរជាតិ នៅពេលដែលប្រទេសនេះបានផ្តល់ឧបត្ថម្ភធនច្រើនហួសសម្រាប់ផលិតកម្ម និងការនាំចេញស្ករស និងស្ករអំពៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា នៅថ្ងៃអង្គារសប្តាហ៍នេះ អង្គការ WTO បានចេញសេចក្តីសម្រេចលើគេហទំព័ររបស់ខ្លួនដោយបានលើកឡើងថា គោលនយោបាយរបស់ប្រទេសឥណ្ឌាមិនមានភាពស៊ីចង្វាក់គ្នាជាមួយច្បាប់របស់អង្គការ WTO ដែលគ្រប់គ្រងកម្រិតដែលប្រទេសនីមួយៗអាចផ្តល់ឧបត្ថម្ភធនដល់ផលិតកម្មកសិកម្មក្នុងស្រុកឡើយ។ ស្ថិតក្រោមច្បាប់របស់អង្គការ WTO ការឧបត្ថម្ភធនស្ករសរបស់ឥណ្ឌាត្រូវបានកំណត់ត្រឹម ១០ភាគរយនៃតម្លៃផលិតកម្ម។

ប្រទេសឥណ្ឌាដែលជាប្រទេសផលិតស្ករសធំទី២ ក្នុងពិភពលោកបន្ទាប់ពីប្រទេសប្រេស៊ីល បានប្តេជ្ញាចិត្តរួចហើយក្នុងការមិនផ្តល់ឧបត្ថម្ភធនដល់ការនាំចេញស្ករសនៅឆ្នាំនេះ ដោយសារតម្លៃក្នុងពិភពលោកខ្ពស់។ រដ្ឋាភិបាលឥណ្ឌាកន្លងមកបានអនុម័តការឧបត្ថម្ភធនចំនួន ៤៧៥លានដុល្លារសម្រាប់រដូវដាំដុះឆ្នាំ២០២០-២០២១។

ឥណ្ឌាអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះបានក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់ ដែលការប្តឹងឧទ្ធរណ៍នេះនឹងប្រៀបដូចជាការធ្វើវេតូដូច្នេះដែរ ដោយសារស្ថាប័នឧទ្ធរណ៍របស់អង្គការ WTO មិនកំពុងដំណើរការឡើយ។

ក្រុមដោះស្រាយជម្លោះនេះបានឱ្យដឹងថា ឥណ្ឌាបានរំលោភកិច្ចព្រមព្រៀងកសិកម្មរបស់ WTO នៅពេលដែលប្រទេសនេះបានផ្តល់ការឧបត្ថម្ភធនច្រើនជ្រុល (non-exempt product-specific subsidies) ដល់ក្រុមហ៊ុនផលិតស្ករអំពៅចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩។ អង្គការ WTO បានឱ្យដឹងទៀងថា ប្រទេសឥណ្ឌាត្រូវដកចេញការឧបត្ថម្ភធនខុសច្បាប់របស់ខ្លួនក្នុងរយៈពេល ១២០ថ្ងៃបន្ទាប់ពីចេញសេចក្តីសម្រេចនេះ។

កាលពីឆ្នាំ២០១៩ ប្រទេសប្រេស៊ីល អូស្រ្តាលី និងក្វាតេម៉ាឡា បានដាក់ពាក្យប្តឹងទៅកាន់អង្គការ WTO ដោយចោទប្រកាន់ថា រដ្ឋាភិបាលឥណ្ឌាបានបង្កើនការឧបត្ថម្ភធនដ៏ច្រើនទៅលើស្ករស និងបានដាក់ចេញជាថ្មីនូវតម្លៃអប្បរមាស្ករស ដែលបានឈានទៅរកការបង្កើនផលិតកម្មស្ករស ដែលបានកើនលើសតម្រូវការក្នុងស្រុក។

ប្រទេសទាំងនេះក៏បានជំទាស់ទៅនឹងភាពស្របច្បាប់នៃសេចក្តីសម្រេចរបស់ប្រទេសឥណ្ឌាក្នុងការដាក់ចេញកូតានាំចេញអប្បបរមាសម្រាប់រោងចក្រផលិតស្ករសក្នុងស្រុក និងការលើកទឹកចិត្តផ្នែកនាំចេញផ្សេងទៀតផងដែរ ដែលប្រទេសទាំងនោះបានឱ្យដឹងថា វិធានការទាំងនេះបានប៉ះពាល់ដល់តម្លៃទីផ្សារពិភពលោក។ នេះបើយោតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕