(ម៉ានីល)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសម៉ាឡេស៊ី និងវៀតណាមនៅឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះនៅត្រីមាសទី៣ ខណៈដែលកាត់បន្ថយការព្យាករសេដ្ឋកិច្ចរបស់តំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំ២០២២ ដោយសារការលេចឡើងវីរុសប្រភេទថ្មីអូមីក្រុង។ នេះបើយោងតាមកាសែត Nikkei Review។

កាសែត Nikkei Review បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារ ADB ថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី និងវៀតណាមបានធ្លាក់ចុះនៅត្រីមាសទី៣ បន្ទាប់ពីប្រយុទ្ធប្រឆាំងនឹងវីរុសដែលតា។ ប្រទេសទាំងពីរឥឡូវនេះកំពុងប្រឈមនឹងការកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចខ្លាំង។

នៅពេលនេះ សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានរំពឹងថានឹងកើនឡើង ៣,៨ភាគរយនៅឆ្នាំនេះ និង ៥,៩ភាគរយនឆ្នាំក្រោយ ដែលទាបជាងការព្យាករកន្លងមកដែលថានឹងកើនឡើង ៤,៧ភាគរយនៅឆ្នាំនេះ និង ៦,១ភាគរយនៅឆ្នាំក្រោយ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានរំពឹងថានឹងធ្លាក់ចុះដល់ ២ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករកន្លងមកដែលថាមានកំណើន ៣,៨ភាគរយ មុនពេលកើនឡើងវិញដល់ ៦,៥ភាគរយនៅឆ្នាំក្រោយ។

កាសែត Nikkei Review បានឱ្យដឹងទៀតថា ផលិតផលក្នុងស្រុកសរុបរបស់តំបន់អាស៊ីនឹងកើនឡើងតែ ៧ភាគរយនៅឆ្នាំនេះ និង ៥,៣ភាគរយនៅឆ្នាំក្រោយ ដែលបានទម្លាក់ពីការព្យាករដែលធ្វើឡើងនៅខែកញ្ញាដែលថានឹងមានកំណើន ៧,១ភាគរយនៅឆ្នាំនេះ និង ៥,៤ភាគរយនៅឆ្នាំក្រោយ។

ធនាគារនេះបានឱ្យដឹងថា ការឆ្លងជំងឺកូវីដ-១៩ ក្នុងតំបន់នេះបានថមថយ ហើយការចាក់វ៉ាក់សាំងបានកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តេការកើនឡើងករណីឆ្លងក្នុងពិភពលោកគំរាមកំហែងដល់ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។

ធនាគារ ADB បានឱ្យដឹងថា៖ «ការលេចឡើងវីរុសអូមីក្រុងដែលផ្លាស់ប្តូរលឿន បាននាំមកនូវភាពមិនប្រាកដប្រជាបន្ថែមទៀត។ ខណៈដែលវីរុសនេះទំនងជាឆ្លងខ្លាំងជាងវីរុសប្រភេទមុនៗ ផលប៉ះពាល់សេដ្ឋកិច្ចដែលវាបង្កឡើងអាចមានទំហំធំ»

សេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងកើនឡើង ៣ភាគរយនៅឆ្នាំនេះ ធៀបនឹង ៣,១ភាគរយដែលបានព្យាករកាលពីពេលមុន។ នៅឆ្នាំក្រោយ តំបន់នេះរំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ច ៥,១ភាគរយ ដែលខ្ពស់ជាងការព្យាករកន្លងមកដែលថាមានតែ ៥ភាគរយ។

សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីននឹងកើនឡើង ៥,១ភាគរយនៅឆ្នាំនេះ ធៀបនឹង ៤,៥ភាគរយដែលបានព្យាករកន្លងមក។ ប្រទេសនេះត្រូវបានព្យាករថានឹងទទួលបានកំណើនសេដ្ឋកិច្ច ៦ភាគរយនៅឆ្នាំក្រោយ។

សិង្ហបុរីរំពឹងថានឹងបញ្ចប់ឆ្នាំ២០២១នេះជាមួយនឹងកំណើន ៦,៩ភាគរយដែលប្រសើរជាងការព្យាករកន្លងមកដែលថាមានតែ ៦,៥ភាគរយ។ សម្រាប់ឆ្នាំក្រោយ រដ្ឋបុរីមួយនេះនឹងរីករាយជាមួយនឹងកំណើនសេដ្ឋកិច្ច ៤,១ភាគរយ ដែលដូចទៅនឹងការព្យាករកន្លងមករបស់ធនាគា ADB។ សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីរំពឹងថានឹងសម្រេចបាន ៣,៥ភាគរយនៅឆ្នាំនេះ និង ៥ភាគរយនៅឆ្នាំក្រោយដែលខ្ពស់ជាងការព្យាករកន្លងមកដែលថាមានតែ ៤,៨ភាគរយ។ នេះបើយោងតាមកាសែត Nikkei Review៕