(បាងកក)៖ សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃ (AAT) កំពុងជំរុញឱ្យរដ្ឋាភិបាលថៃពិចារណាអនុវត្តការលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ដើម្បីទាក់ទាញតម្រូវការធ្វើដំណើរឱ្យបានកាន់តែច្រើន ខណៈដែលការប្រកួតប្រជែងក្នុងពិភពលោកកាន់តែតានតឹងឡើង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងជាប្រធានសមាគម AAT បានថ្លែងថា ការបន្ធូរបន្ថយវិធាននិងការចំណាយធ្វើដំណើរបន្ថែមដូចជា ការមិនយកថ្លៃទិដ្ឋាការ ឬការបន្ធូរបន្ថយការធ្វើតេស្តរហ័ស ឬ PCR នឹងជំរុញតម្រូវការធ្វើដំណើរ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ការលើកលែងទិដ្ឋាការគឺជាវិធានការមួយដែលនឹងជួយបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំក្រោយ ដើម្បីសម្រេចបានគោលដៅ ១០លាននាក់។

លោកបន្ថែមថា រយៈពេលរង់ចាំនៅសណ្ឋាគារសម្រាប់គម្រោងធ្វើតេស្ត Test & Go គួរត្រូវបានកាត់បន្ថយ ដើម្បីអាចឱ្យភ្ញៀវទេសចរបន្តដំណើររបស់ពួកគេបានកាន់តែឆាប់។

លោក Puttipong បានមានប្រសាសន៍ថា៖ «យើងស្ថិតនៅក្នុងការប្រកួតប្រជែងយ៉ាងតានតឹង ខណៈដែលប្រទេសនីមួយៗត្រូវការភ្ញៀវទេសចរ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ច។ ការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែម នឹងជួយពង្រឹងការប្រកួតប្រជែងរបស់យើង»។

ថ្លែងនៅឯសន្និសីទឧស្សាហកម្មអាកាសចរណ៍ថៃឆ្នាំ២០២១ ក្រោមប្រធានបទ «ហោះហើរទៅកាន់សម័យកាលថ្មីនៃអាកាសចរណ៍ថៃ» លោក Puttipong បានថ្លែងថា ឧស្សាហកម្មអាកាសចរណ៍ថៃនឹងវិលត្រលប់បានមកវិញ ២០ ទៅ ៣០ភាគរយនៃកម្រិតមុនពេលមានវិបត្តិកូវីដ បើទោះជាមានការបើកប្រទេសឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកាក្តី។

វិធានការនានាដើម្បីគាំទ្រក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គួរបន្តពេល ១ ទៅ២ ឆ្នាំទៀត។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Nuntaporn Komonsittivate ប្រធានផ្នែកប្រតិបត្តិការពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air ខណៈថ្លែងថា រដ្ឋាភិបាលថៃត្រូវគ្រប់គ្រងស្ថានភាពវីរុសឱ្យបាន ដើម្បីទទួលបានទំនុកចិត្តពីប្រទេសផ្សេងទៀត ដែលត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងធ្វើដំណើរបដិការ។

អ្នកស្រីបន្ថែមថា ជើងហោះហើរអន្តរជាតិនៅតែមានតិចតួច ខណៈដែលភ្ញៀវទេសចរថៃនៅតែប្រឈមនឹងលក្ខខណ្ឌធ្វើចត្តាឡីស័ក្តតឹងរ៉ឹងក្នុងប្រទេសជាទិសដៅហោះហើរជច្រើន៕