(វ៉ាស៊ីនតោន)៖ តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងខ្លាំងនៅខែមុន ពោលគឺជាកំណើនខ្ពស់បំផុតក្នុងរយៈពេលជិត ៤០ឆ្នាំ ដែលបង្កឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋទូទៅ និងបង្កើនសម្ពាធលើធនាគារកណ្តាលអាមេរិកឱ្យរឹតបន្តឹងគោលនយោបាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រសួងការងារអាមេរិកបានចេញផ្សាយទិន្នន័យដែលបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ៦,៨ភាគរយនៅខែវិច្ឆិកា ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទស្សន៍តម្លៃទំនិញដែលត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់នេះបានកើនឡើងតែ ០,៨ភាគរយខែតុលា ដែលខ្ពស់ជាងការព្យាករ និងបង្ហាញថា និន្នការកើនឡើងអតិផរណាខ្លាំងដែលបានចាប់ផ្តើមនៅឆ្នាំនេះនឹងបន្តកើតមានទៀត។

កំណើនសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នេះ បានឆ្លុះបញ្ចាំងពីការកើនឡើងតម្លៃទំនិញក្នុងគ្រប់ប្រភេទ។ ប្រេងសាំង អាហារ រថយន្ត សុទ្ធតែស្ថិតនៅក្នុងប្រភេទទំនិញដែលបានឡើងថ្លៃខ្លាំង និងចូលរួមចំណែកខ្លាំងដល់កំណើនអតិផរណាខ្ពស់បំផុតនេះ។

ទិន្នន័យនេះក៏ជួយពង្រឹងដល់ការរំពឹងទុកនានាផងដែរថា ធនាគារកណ្តាលអាមេរិកនឹងពន្លឿនការលុបចោលសន្សឹមៗនូវកម្មវិធីទិញមូលបត្របំណុលនៅក្នុងកិច្ចប្រជុំចុងក្រោយក្នុងឆ្នាំ២០២១របស់ខ្លួននៅសប្តាហ៍ក្រោយ។

ធនាគារកណ្តាលរបស់ប្រទេសផ្សេងៗ និងអ្នកនយោបាយនៅជុំវិញពិភពលោកបានស្ថិតក្រោមសម្ពាធកាន់តែក្លាំងឱ្យមានការដោះស្រាយការកើនឡើងអតិផរណា ខណៈដែលបុគ្គលិកកម្មករចំណាយកាន់តែច្រើនជាងមុនទៅលើទំនិញ និងប្រេងសាំងក្នុងបរិមាណដដែល។

ដោយអតិផរណាស្នូល ដែលដោយមិនរាប់បញ្ចូលទំនិញដែលប្រែប្រួលតម្លៃលឿនដូចជាស្បៀង និងថាមពល បានកើនឡើង ០,៥ភាគរយនៅខែវិច្ឆិកា ធៀបនឹងខែតុលា។ តែបើធៀបនឹខែវិច្ឆិកាឆ្នាំមុនវិញ អតិផរណាស្នូលនេះបានកើនឡើង ៤,៩ភាគរយ ដែលជាកំណើនខ្ពស់បំផុតថ្មីមួយក្នុងរយៈពេល ៣០ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕