(បាងកក)៖ ស្រូវគុណភាពទាបប្រហែល ២២ម៉ឺនតោនស្ថិតក្រោមកម្មវិធីសន្យាទិញស្រូវដែលខាតបង់ច្រើនរបស់រដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា នៅតែស្ថិតក្នុងស្តុករដ្ឋាភិបាលនៅឡើយ ដោយការខាតបង់ត្រូវបានប៉ាន់ប្រមាណជាបឋមថាមានប្រហែល ៥០០ប៊ីលានបាត (ប្រហែល ១៤,៩៦ប៊ីលានដុល្លារ)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃបានថ្លែងថា បើទោះជាគម្រោងសន្យាទិញស្រូវនេះត្រូវបានបញ្ចប់ជាច្រើនឆ្នាំហើយក៏ដោយ ក៏បន្ទុកហិរញ្ញវត្ថុនៅតែធ្លាក់យ៉ាងធ្ងន់ធ្ងរលើថវិកាជាតិ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) របស់រដ្ឋថៃ បានរាយការណ៍ថា ការិយាល័យថវិកាបានបែងចែកថវិកាទុកចំនួន ៦៩ប៊ីលានបាតស្ថិតក្រោមថវិកានៅឆ្នាំសារពើពន្ធ២០២២ សម្រាប់រដ្ឋាភិបាលចំណាយលើការសងបំណុលដែលបង្ករឡើងដោយកម្មវិធីសន្យាទិញស្រូវនេះទៅឱ្យធនាគារ BAAC។

លោកស្រីបានថ្លែងថា បច្ចុប្បន្ន រដ្ឋាភិបាលថៃ មានបំណុល ១០០ប៊ីលានបាតដែលកើតចេញពីកម្មវិធីនេះ ដែលត្រូវសងធនាគារ BAAC។ លោកស្រីបានបន្ថែមថា ការិយាល័យថវិកាត្រូវបានរំពឹងថានឹងបែងចែកថវិការចំនួនពី ១០ ទៅ ២០ភាគរយនៃថវិកាជាតិ ដើម្បីសងបំណុលក្នុងមួយឆ្នាំៗ ដែលនឹងត្រូវចំណាយពេលពី ៣ទៅ ៥ ឆ្នាំដើម្បីសងបំណុលអស់។

លោកស្រី Rachada ក៏បាបឱ្យដឹងផងដែរថា អង្គការឃ្លាំងសាធារណៈ (PWO) ដែលជាអង្គការរបស់រដ្ឋស្ថិតក្រោមក្រសួងពាណិជ្ជកម្ម នឹងបិទបញ្ចប់គណនីកម្មវិធីសន្យាទិញស្រូវរបស់ខ្លួន ដែលមានស្រូវសល់ប្រហែល ២២ម៉ឺនតោននៅក្នុងស្តុករបស់រដ្ឋាភិបាល។

លោកស្រីបានថ្លែងទៀតថា ស្រូវទាំងអស់នោះស្រូវដែលមានគុណភាពមិនល្អ ហើយមិនសាកសមនឹងមនុស្ស ឬសត្វបរិភោគឡើយ។ វាអាចត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងឧស្សាហកម្មប៉ុណ្ណោះ។

អង្គការ PWO មែនផែនការបញ្ចេញស្តុកទាំងអស់នៅត្រឹមខែកញ្ញា ឆ្នាំក្រោយ ហើយនឹងអាចបិទបញ្ចប់បញ្ជីគណនេយ្យនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕