(ប៉េកាំង)៖ ធនាគារកណ្តាលរបស់ប្រទេសចិនកំពុងព្យាយាមទប់ស្កាត់ការឡើងថ្លៃរបស់ប្រាក់យ័ន បន្ទាប់ពីរូបិយប័ណ្ណនេះបានឡើងថ្លៃដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ២ឆ្នាំកន្លះធៀបនឹងប្រាក់ដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ធនាគារពាណិជ្ជនៅក្នុងប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានបញ្ជាឱ្យបង្កើនបរិមាណប្រាក់តម្តល់រូបិយប័ណ្ណបរទេសរបស់ពួកគេ ដែលត្រូវបានរក្សាទុកធ្វើជាទុនបម្រុង។ នេះគឺជាការដំឡើងលលើកទី២ហើយក្នុងឆ្នាំនេះ។ ការដំឡើងនេះនឹងកាត់បន្ថយបរិមាណរូបិយប័ណ្ណបរទេសដែលអាចរកបានសម្រាប់ការជួញដូរនៅលើទីផ្សារ ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់ទីក្រុងប៉េកាំងក្នុងការគ្រប់គ្រងអត្រាប្តូរប្រាក់។

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលចិន កំពុងព្យាយាមធ្វើឱ្យអត្រាប្តូរប្រាក់ដែលកំណត់ដោយរដ្ឋរបស់ប្រាក់យ័នកាន់តែមានភាពបត់បែន និងឡើងចុះថ្លៃតាមទីផ្សារ ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បែរជាចូលធ្វើអន្តរាគមលើបម្រែបម្រួលថ្លៃទៅវិញ ដើម្បីទប់ស្កាត់កំណើនថ្លៃរបស់រូបិយប័ណ្ណនេះ។ ការគ្រប់គ្រងទាំងនេះគឺជាជម្លោះមួយក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបានត្អូញត្អែរថា ការធ្លាក់ចុះថ្លៃប្រាក់យ័នធ្វើឱ្យទំនិញនាំចេញរបស់ចិនមានតម្លៃថោកមិនសមស្រប និងបង្កឱ្យមានអតិរេក (ផលលើស) ពាណិជ្ជកម្មរាប់ប៊ីនលានដុល្លារ។

យោងតាមទីភ្នាក់ងារព័ត៌មាន AP ប្រាក់យ័នបានឡើងថ្លៃជិត ២ភាគរយធៀបនឹងប្រាក់ដុល្លារគិតចាប់ពីពាក់កណ្តាលខែសីហាមក ដែលធ្វើឱ្យអត្រាប្តូរប្រាក់របស់រូបិយប័ណ្ណនេះកើនឡើងដល់ ៦,៣៧៦២យ័នក្នុងមួយដុល្លារនៅសប្តាហ៍នេះ ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីខែឧសភា ឆ្នាំ២០១៨។

ការបញ្ជាឱ្យដំឡើងបរិមាណប្រាក់តម្កល់ជារូបិយប័ណ្ណបរទេសដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នេះ បានបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ធនាគារពាណិជ្ជពី ៧ភាគរយ ដល់ ៩ភាគរយ។ កាលពីខែឧសភា ឆ្នាំនេះ បរិមាណប្រាក់តម្កល់រូបិយប័ណ្ណបរទេសនេះនេះមានតែ ៥ភាគរយប៉ុណ្ណោះ។ សេដ្ឋវិទូបានឱ្យដឹងនៅពេលនោះថា ទុនបម្រុងរូបិយប័ណ្ណបរទេសនេះអាចមានទំហំប្រហែល ២០ប៊ីលានដុល្លារ។

គណៈបក្សកម្មុយនីស្តចិនបានឱ្យដឹងកាលពីឆ្នាំ២០១៥ ថា ប្រាក់យ័ននឹងត្រូវបានធ្វើឱ្យក្លាយជារូបិយប័ណ្ណដែលអាចជួញដូរបាន និងអាចប្រើប្រាស់បានដោយសេរីនៅត្រឹមឆ្នាំ២០២០។ ប៉ុន្តែរូបិយប័ណ្ណនេះនៅតែត្រូវបានគ្រប់គ្រងដោយសារក្តីបារម្ភអំពីការឡើងចុះថ្លៃខ្លាំងនៅក្នុងអត្រាប្តូរប្រាក់ និងលំហូរប្រាក់ចេញចូលក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះ។

ការឡើងថ្លៃប្រាក់យ័នគំរាមធ្វើឱ្យទំនិញនាំចេញរបស់ប្រទេសចិនកាន់តែមានតម្លៃថ្លៃនៅទីផ្សារបរទេស ដែលដាក់បន្ទុកដល់ការរស់ឡើងវិញរបស់វិស័យផលិតកម្មបន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំមុន។ តម្លៃប្រាក់យ័នឡើងកាន់តែខ្លាំង នឹងធ្វើឱ្យការនាំចូលប្រេង រ៉ែដែក និងវត្ថុធាតុដើមផ្សេងៗទៀតកាន់តែមានតម្លៃថោកសម្រាប់ក្រុមហ៊ុនផលិតកម្មចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP៕