(ភ្នំពេញ)៖ បញ្ហាអាកាសធាតុនៅតែជាក្ដីកង្វល់ ក្នុងការប្រមូលផលផ្លែស្វាយខ្ចប់របស់កម្ពុជា ដែលធ្វើឲ្យការនាំចេញទៅកាន់ប្រទេសចិន នៅចុងឆ្នាំនេះមានតិចតួច។ តាមរំពឹងទុកនៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ផ្លែស្វាយខ្ចប់របស់កម្ពុជា នឹងនាំទៅកាន់ប្រទេសចិនបានច្រើន ប៉ុន្ដែបញ្ហាអាកាសធាតុបានបង្អាក់នៃការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន។
នេះបើតាមការឲ្យដឹងពីលោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ដែលវិនិយោគលើចម្ការស្វាយ និងជាអ្នកនាំចេញស្វាយទៅប្រទេសចិន ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។
លោកឧកញ៉ាបានឲ្យដឹងថា មេឃនៅតែបន្ដធ្លាក់ភ្លៀងធ្វើឲ្យបង្កផលលំបាក ក្នុងការប្រមូលផលក្នុងអំឡុងខែតុលា និងខែវិច្ឆិកា។ ដូច្នេះទិន្នផលសម្រាប់ផ្លែស្វាយខ្ចប់ ឬផ្លែស្វាយខៀវគុណភាពល្អ សម្រាប់នាំចេញនៅមានបញ្ហា គឺនាំចេញបានតិចតូចប៉ុណ្ណោះនៅចុងឆ្នាំនេះ ប៉ុន្ដែការនាំចេញនឹងកើនឡើងវិញ ក្នុងខែមករាដើមឆ្នាំ២០២២ ដោយសារតែខែមករា ចំពេលនៃស្វាយរដូវកាលចាប់ផ្ដើមប្រមូលផល។
លោកឧកញ៉ាបន្ដថា នៅតំបន់ខ្លះនៅតែមានភ្លៀងបន្ដធ្លាក់ រហូតដល់ដើមសប្ដាហ៍ទី១ក្នុងខែធ្នូ ជាហេតុធ្វើឲ្យមានការលំបាកមែនទែន ក្នុងការប្រមូលផលផ្លែស្វាយស្រស់គុណភាពលេខ១នេះ។
លោកឧកញ៉ាបញ្ជាក់ថា «បញ្ហាអាកាសធាតុនេះ ធ្វើឲ្យផ្លែស្វាយខ្ចប់ ធា្លក់ចុះទិន្នផលច្រើនពិតមែន ប៉ុន្ដែតម្លៃវិញហក់ឡើងខ្លាំង ការព្យាករណ៍ពីមុនថា តម្លៃស្វាយខ្ចប់នៅក្នុងខែវិច្ឆិកា និងខែធ្នូនេះ មានតម្លៃចន្លោះត្រឹមតែ១៥០០រៀល-២៥០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្ដែតម្លៃជាក់ស្ដែងពេលនេះ ហក់ឡើងដល់៣០០០រៀល-៤០០០រៀលក្នុងមួយគីឡូក្រាមឯណ្ណោះ»។
លោកឧកញ៉ាបន្ថែមថា ចំពោះបញ្ហាតម្លៃនេះមិនមានកើតឡើងតែនៅកម្ពុជាទេ នៅប្រទេសវៀតណាម, ប្រទេសថៃ និងប្រទេសចិន សុទ្ធសឹងតែជួបបញ្ហានៃការប្រមូលផលនេះ ធ្វើឲ្យតម្លៃស្វាយកើនឡើងខ្ពស់។
លោកឧកញ៉ាបញ្ជាក់អំពីផ្លែស្វាយលេខ១ ដែលជាផ្លែស្វាយមានផ្លែល្អ ស្អាត មានពណ៌សម្បុររលោងភ្លឺ និងស្រស់ ដែលគេហៅថា ស្វាយខ្ចប់។
អ្នកស្រី ឈិន ចំរើន នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានឲ្យដឹងថា សហគមន៍បានប្រមូលផលផ្លែស្វាយខ្ចប់ ប្រមាណកន្លះខែមកហើយ ហើយក៏ជួបបញ្ហាទិន្និផលដែរ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យផ្លែស្វាយខ្ចប់ជ្រុះក្ដិបច្រើន ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ឆ្នាំនេះសហគមន៍ទទួលបានផលចំណេញច្រើន ដោយសារតែផ្លែស្វាយខ្ចប់ក្នុងឆ្នាំនេះនាំចេញបានថ្លៃខ្ពស់ មានតម្លៃដល់ទៅ៣០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ស្វាយគុណភាពលេខ១ និងស្វាយគុណភាពលេខ២ ទទួលបានតម្លៃ១៥០០រៀលក្នុងមួយគីឡូក្រាម។
អ្នកស្រីបានបន្ដថា សម្រាប់សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ ក្នុងឆ្នាំនេះប្រមូលផលបានប្រមាណជា៧០ភាគរយ និងទទួលបានតម្លៃខ្ពស់។
សូមជម្រាបថា ផ្លែស្វាយស្រស់កម្ពុជា ជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។
កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ
សូមជម្រាបថា យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា នៅ១១ខែឆ្នាំ២០២១នេះ ផ្លែស្វាយស្រស់មានចំនួន ២២៦ ៥៧៧.៧១តោន កើនឡើងចំនួន១៤៩.៥៣% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន១៩៣ ៧២២.៣៧តោន, ប្រទេសថៃចំនួន៣២ ០១៩.២៨តោន ប្រទេសចិនចំនួន៦៣៨.១៤តោន, ប្រទេសកូរ៉េចំនួន១៣០.៩២តោន ទីក្រុងហុងកុងចំនួន៥០.៧៨តោន, ប្រទេសសិង្ហបុរីចំនួន ១៦.២០តោន និងប្រទេសគុយវ៉ែតចំនួន ០.០១តោន៕