(ឡុងដ៏)៖ ចក្រភពអង់គ្លេសបានឱ្យដឹងថា ខ្លួនបានព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលជាមួយប្រទេសសិង្ហបុរី ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្តោតលើឌីជីថលដំបូងដែលត្រូវបានចុះហត្ថលេខាដោយប្រទេសនៅតំបន់អឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ចក្រភពអង់គ្លេសបានព្រមព្រៀងជាគោលការណ៍ចំពោះកិច្ចព្រមព្រៀងនេះ ដែលនឹងកែទម្រង់វិធានពាណិជ្ជកម្មដែលហួសសម័យកាល និងបើកចំហរឱកាសនានានៅសិង្ហបុរី ដែលត្រូវបានគេមើលឃើញថាជាប្រទេសនាំមុខគេមួយក្នុងពិភពលោកខាងផ្នែកឌីជីថល។

លោកស្រី Anne-Marie Trevelyan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសបានថ្លែងថា៖ «វាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដំបូងដែលត្រូវបានចុះហត្ថលេខាដោយប្រទេសនៅអឺរ៉ុប ហើយនឹងកាត់បន្ថយការិយាល័យធិប្បតេយ្យ កាត់បន្ថយការចំណាយ និងគាំទ្រការងារដែលមានប្រាក់ខែល្អនៅទូទាំងចក្រភពអង់គ្លេសទាំងមូល»

កាលពីខែមុន ក្រុមប្រឹក្សាពាណិជ្ជកម្មអង់គ្លេស បានឱ្យដឹងថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាមួយសិង្ហបុរី នឹងបង្ហាញសក្ដានុពលសម្រាប់វិធានពាណិជ្ជកម្មឌីជីថលទៅកាន់ប្រទេសផ្សេងទៀតនៅអង្គការពាណិជ្ជកម្មពិភពលោក។

អង់គ្លេសបានឱ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយសិង្ហបុរីមានតម្លៃ ១៦ប៊ីលានផោន (២១ប៊ីលានដុល្លារ) នៅឆ្នាំ២០២០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

លោកស្រី Chair Catherine McGuinness ប្រធានផ្នែកគោលនយោបាយសាជីវកម្មនៅទីក្រុងឡុងដ៍បានថ្លែងថា៖ «ខណៈដែលយើងរង់ចាំព័ត៌មានលម្អិតបន្ថែមអំពីរបៀបដែលបទប្បញ្ញតិទាំងនេះនឹងដំណើរការសម្រាប់ឱ្យក្រុមហ៊ុនអនុវត្ត យើងក៏សម្លឹងឆ្ពោះទៅកិច្ចព្រមព្រៀងប្រហាក់ប្រហែលនេះនានាដែលត្រូវប្រកាសនៅឆ្នាំ២០២២ ជាមួយដៃគូ និងមិត្តរបស់យើងនៅទូទាំងពិភពលោកផងដែរ»