(វ៉ាស៊ីនតោន)៖ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (ITC) ជំរុញឱ្យលោកប្រធានាធិបតីអាមេរិក Joe Biden គួរតែបន្តផែនការដកហូតពន្ធលើគ្រឿងបង្គុំបន្ទះសូឡាដែលបានដាក់ចេញដោយរដ្ឋបាលរបស់លោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារពាណិជ្ជកម្មអាមេរិកមួយនេះកំពុងផ្តល់អនុសាស្រ្តឱ្យបន្តផែនការដកហូរពន្ធលើគ្រឿងបង្គុំសូឡារយៈពេល ៤ឆ្នាំថែមទៀត ដោយទម្លាក់ការដកហូតពន្ធនេះ ០,២៥ភាគរយក្នុងមួយឆ្នាំគិតពីខែកុម្ភៈឆ្នាំក្រោយទៅ។ អនុសាសន៍នេះបានធ្វើឡើងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការកំណត់ថា ការនាំចូលសូឡានៅតែជាការគំរាមកំហែងចំពោះក្រុមហ៊ុនផលិតកម្មសូឡាអាមេរិក។
លោក Biden ត្រូវបានរំពឹងថានឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយមុនពេលការដកហូតពន្ធរយៈពេលបួនឆ្នាំនេះផុតកំណត់នៅខែកុម្ភៈ ហើយលោកមិនមានកាតព្វកិច្ចណាដែលត្រូវអនុវត្តតាមអនុសាសន៍របស់ ITC ឡើយ។
លោកប្រធានាធិបតីអាមេរិករូបនេះនឹងត្រូវរក្សាតុល្យភាពគោលដៅដែលផ្ទុយគ្នានានា។ ខណៈដែលលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតកាន់តែទូលំទូលាយ គឺជាគោលបំណងគោលនយោបាយសំខាន់មួយរបស់លោក លោកក៏កំពុងប្រឹងប្រែងជំរុញសេដ្ឋកិច្ចផងដែរ រួមទាំងបង្កើតការងារក្នុងផលិតកម្មក្នុងស្រុកផងដែរ។ ការដកហូតពន្ធនេះផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតគ្រឿងបង្គុំសូឡាក្នុងស្រុកនៅសហដ្ឋអាមេរិក ប៉ុន្តែពន្ធទាំងនេះបន្ថែមការចំណាយទៅក្នុងក្រុមហ៊ុនដែលដំឡើងគ្រឿងបង្គុះសូឡាដែលនាំចូល។
លោក ត្រាំ បានដាក់ការដកហូតពន្ធនេះកាលពីឆ្នាំ២០១៨។ បើទោះជាផលិតកម្មសូឡានៅអាមេរិកមានការកើឡើងបន្តិចនៅក្នុងអាណិត្តរបស់លោកក្តី ក៏ប្រទេសចិននៅតែជាប្រទេសផលិតសូឡាធំបំផុតក្នុងពិភពលោក។ សូឡាភាគច្រើនដែលប្រើប្រាស់នៅអាមេរិកត្រូវបាននាំចូលពីប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាម។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែវិច្ឆិកាថា មន្ត្រីពាណិជ្ជកម្មអាមេរិកបានច្រានចោលការទាមទាររបស់ក្រុមហ៊ុនផលិតកម្មផ្ទាំងសូឡាក្នុងស្រុកមួយក្រុម ដែលទាមទារឱ្យមានការដកហូតពន្ធលើផ្ទាំងសូឡាដែលនាំចូលពីប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាម ដោយក្រុមផលិតកម្មនេះបានលើកឡើងថា ផលិតកម្មសូឡាក្នុងប្រទេសទាំងនេះមិនមានភាពស្មើភាព ដោយសារក្រុមហ៊ុនចិនបានផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសទាំងនោះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីគេចវេសពីការបង់ពន្ធដែលមានស្រាប់របស់អាមេរិកទៅលើផ្ទាំងសូឡា ដែលផលិតនៅចិន។
ការច្រានចោលនេះគឺជាជ័យជម្នះមួយសម្រាប់សមាគមឧស្សាហកម្មថាមពលសូឡាអាមេរិក ដែលស្ថាប័នពាណិជ្ជកម្មសូឡាធំបំផុតរបស់អាមេរិក ដែលបានលើកឡើងថា ការដាក់ពន្ធលើប្រទេសទាំងបីនឹងប៉ះពាល់ដល់វិស័យថាមពលដែលមានសារៈសំខាន់ដល់ការឆ្លើយតបទៅនឹងគោលដៅរបស់រដ្ឋបាលរបស់លោក Joe Biden ដើម្បីជំរុញថាមពលស្អាត និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ក្រុមហ៊ុនផលិតសូឡាអាមេរិកពឹងផ្អែកលើការផលិតផលនាំចូលតម្លៃទាប ដើម្បីធ្វើឱ្យគម្រោងរបស់ពួកគេមានភាពប្រកួតប្រជែង៕