(ហាណូយ)៖ ប្រទេសវៀតណាមបានរងគ្រោះពីការខាតបង់សេដ្ឋកិច្ចចំនួន ៨៤៧ទ្រីលានដុង (៣៧ប៊ីលានដុល្លារ) ដោយសាររាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Nguyen Thanh Phong អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមរបស់វៀតណាមខណៈថ្លែងក្នុងវេទិកាមួយស្តីពីផែនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថា បើគ្មានការរាតត្បាតជំងឹនេះទេ សេដ្ឋកិច្ចវៀតណាមនឹងបានកើនឡើង ៧ភាគរយ។ ទោះជាយ៉ាងណា អត្រាកំណើនសេដ្ឋកិច្ចបានកើនឡើងតែ ២,៩១ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២០ ហើយត្រូវបានរំពឹងថានឹងកើនឡើង ២,៥ភាគរយនៅឆ្នាំនេះ។

លោបន្ថែមថា ការខាតបង់សេដ្ឋកិច្ចនេះមានទំហំទឹកប្រាក់ស្មើនឹងចំនួន ៨៤៧ទ្រីលានដុង ឬ ៣៧ប៊ីលានដុល្លារ បើគិតតាមតម្លៃទីផ្សារបច្ចុប្បន្ន។

លោក Phong ជឿជាក់ថា វាចាំបាច់ដែលត្រូវមានកញ្ចប់ស្តារសេដ្ឋកិច្ចឡើងវិញមួយសម្រាប់ធ្វើជាវិធានការកាត់បន្ថយការខាតបង់ ដែលកញ្ចប់ស្តារសេដ្ឋកិច្ចនេះមានកម្លាំងចលករសំខាន់ៗចំនួន៤ ដូចជា ការវិនិយោគ ការនាំចេញ ការប្រើប្រាស់ក្នុងស្រុក និងការផ្លាស់ប្តូរទៅជាឌីជីថល។

លោកថ្លែងថា៖ «កម្លាំងជំរុញបឋមសម្រាប់កំណើនសេដ្ឋកិច្ច កំពុងវិនិយោគដើម្បីបង្កើនតម្រូវការ និងការផ្គត់ផ្គង់តាមរយៈការលើកទឹកចិត្តឱ្យមានការប្រើប្រាស់ក្នុងស្រុក»។

លោក Vu Hong Thanh ប្រធានគណៈកម្មការសេដ្ឋកិច្ចរបស់សភាជាតិវៀតណាម យល់ស្របថា កញ្ចប់ស្តារសេដ្ឋកិច្ចរួម ត្រូវផ្តោតលើ «ការជំរុញ» ការផ្គត់ផ្គង់ និងតម្រូវការ ដែលបានថមថយដោយសារជំងឺកូវីដ-១៩។

លោក Thanh បានបន្តថា កញ្ចប់នេះក៏ត្រូវអនុវត្តភ្លាមៗ និងត្រូវបានសម្របសម្រួលឱ្យមានភាពស៊ីចង្វាក់គ្នាផងដែរ។ កញ្ចបនេះត្រូវតែជាកញ្ចប់ដែលធំគ្រប់គ្រាន់ និងផ្តោតលើឧស្សាហកម្ម និងវិស័យនានាដែលអាចស្តារឡើងវិញបានឆាប់រហ័សប្រកបដោយវត្ថិភាព។ ការធ្វើបែបនេះនឹងផ្តល់ឱ្យសេដ្ឋកិច្ចនូវការជំរុញមួយ និងគេចផុតពីហានិភ័យនៃការខាតបង់៕ នេះបើយោងតាមកាសែត VN Express៕