Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នឹងបន្តចាត់វិធានការមុតស្រួចពង្រឹងសមត្ថភាព និងអភិបាលកិច្ចមន្រ្តីប្រមូលចំណូលពន្ធ ដើម្បីកុំឱ្យរាំងស្ទះដល់ចំណូលថវិកាជាតិ

03-12-2021 17:07

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច នឹងចាត់វិធានការមុតស្រួចបន្ថែមទៀត នៅក្នុងការពង្រឹងសមត្ថភាព និងពង្រឹងអភិបាលកិច្ច ចំពោះមន្រ្តីដែលទទួលបន្ទុកប្រមូលចំណូល ជាពិសេសចំណូលសារពើពន្ធ មានអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជាប្រយោជន៍ដល់ថវិកាជាតិ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងបែបនេះធ្វើឡើងនៅឱកាសចូលរួមសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ នៅព្រឹទ្ធសភា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ តបការតាមការសំណូមពររបស់លោក ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ នៃព្រឹទ្ធសភា ឱ្យបន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ច ចំពោះមន្រ្តីដែលមានភារកិច្ចប្រមូលចំណូល ដើម្បីឈានទៅលុបបំបាត់វប្បធម៌អន្តរាគមន៍ ការរត់ពន្ធ ការគេចវេសពន្ធ កុំឱ្យមានបន្តទៅទៀត ដែលនាំឱ្យរាំងស្ទះដល់ការប្រមូលចំណូលថវិកាជាតិ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្តថា «កិច្ចការនេះ គឺជាគន្លឹះមួយដ៏មានសារៈសំខាន់ ដែលផ្តល់នូវធនធានសមស្រប និងគ្រប់គ្រាន់ជូនដល់រដ្ឋាភិបាល ក៏ដូចជាអភិវឌ្ឍន៍កម្មវិធីនយោបាយ»

លោកបន្តថា ក្រៅពីការពង្រឹងទៅលើការប្រមូលចំណូលសារពើពន្ធនោះ ចំណូលមិនមែនសារពើពន្ធក៏មានសារៈសំខាន់ ហើយរាជរដ្ឋាភិបាល នឹងបន្តយកចិត្តទុកដាក់ចាត់នូវវិធានការមុតស្រួច ក្នុងក្របខណ្ឌផ្សេងៗ។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងកំពុងរៀបចំបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីចំណូលមិនមែនសារពើពន្ធ ដែលអាចនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលនេះជាផ្នែកមួយ ក្នុងការពង្រឹងអភិបាលកិច្ច ក្នុងការគ្រប់គ្រងចំណូលទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។

សូមជម្រាបថា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាសរុបចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ៨.៥ពាន់លានដុល្លារត្រូវជា ២៧.៩៥%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។

ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលឱ្យបានចំនួន ២៥.៦ទ្រីលានរៀល ស្មើនឹង៦.៣ពាន់លានដុល្លារ ត្រូវជា ២០.៦១% នៃផ.ស.ស ដែលមានការកើនឡើង ១៩.៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ៕