(ភ្នំពេញ)៖ លោក អៀង សុធារ៉ា ជាអ្នករកស៊ីតាមបែបពុទ្ធសាសនា និងជាពាណិជ្ជករល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា ដើម្បីចែករំលែកនូវចំណេះដឹងរបស់ខ្លួន បានលើកយកនូវធម៌មួយចំនួន ដែលអនុវត្តន៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃក្លាយជាអ្នកមាន និងរស់នៅជាមួយសេចក្ដីសុខ។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោក អៀង សុធារ៉ា បានសង្កេតឃើញថា សង្គមនាពេលបច្ចុប្បន្ននេះ មានការលំបាកបញ្ហានៅក្នុងគ្រួសារ មានបញ្ហាសុខភាព មានបញ្ហាទំនាស់ផ្សេងៗ ដូចជាទំនាស់ដៃគូរកស៊ីជាដើម ទោះបីជាមានលុយច្រើនហើយក៏ដោយ ក៏នៅតែមានបញ្ហា មិនមានសេចក្តីសុខ។

លោក អៀង សុធារ៉ា បានគូសបញ្ជាក់ថា អ្នករកស៊ីទាំងអស់ធ្វើអ្វីក៏ដោយត្រូវធ្វើដោយមានភាពសុច្ចរិត ដោយរកស៊ីឲ្យត្រឹមត្រូវដូចជា៖ ចេះធ្វើសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ និងចែករំលែក, កសាង និងថែរក្សាដល់សង្គម វប្បធម៌ បរិស្ថាន។

លោក អៀង សុធារ៉ា បានយល់ឃើញថា នាពេលបច្ចុប្បន្នអ្នកស្វែងរកទ្រព្យមានចំនួន៣ប្រភេត៖ (១) ទោះអាក្រក់យ៉ាងណា ក៏នៅតែរកដែរ ធ្វើយ៉ាងណាឲ្យតែបានលុយ, (២) រកស៊ីដោយធ្វើល្អខ្លះ និងធ្វើអាក្រក់ខ្លះ និង (៣) អ្នករកស៊ីដោយមានភាពសុច្ចរិត ដែលបានទាំងលុយ និងសេចក្ដីសុខ។

ដើម្បីពន្យល់អំពីបញ្ហានេះ លោក អៀង សុធារ៉ា បានផ្ដល់នូវធម៌៤យ៉ាង ដើម្បីឲ្យក្លាយជាអ្នកមានរួមមាន៖

១-ឧដ្ឋាន (ឧស្សាហ៍រកទ្រព្យ)៖ មិនខ្ចិល, ប្រឹងប្រែង និងព្យាយាម។ ឧទាហរណ៍៖ បើមានគ្រួសារត្រូវខំទាំងប្ដីទាំងប្រពន្ធ និងរកស៊ីជាលក្ខណៈសហការ ត្រូវខិតខំទាំងអស់គ្នា។

២- អារក្ខ (រក្សាទ្រព្យ)៖ ការក្សាទ្រព្យ និងសន្សំទ្រព្យឲ្យដែលរកបានឲ្យបានល្អ។ ការរក្សាទ្រព្យបានល្អ ត្រូវធ្វើនូវរឿង៥យ៉ាង៖
* ការពារការរឹបអូសពីអាជ្ញាធរ ដែលអាចកើតឡើងដោយសារប្រព្រឹត្តិខុស
* ការសាងសង់អ្វី ដោយត្រូវមើលឲ្យគ្រប់ជ្រុង ជ្រោយប្រយ័ត្នប្រយែងជានិច្ច
* ត្រូវគិតគូរពីការការពារ គ្រោះធម្មជាតិផ្សេងៗ
* ត្រូវមានការការពារពីចោរលួច
* ប្រយ័ត្នចំពោះអ្នកណា (សាច់ញាតិ) ដែលចង់បំផ្លាញយើង។

៣៖ កល្យាណមិត្ដ៖ ជាមនុស្សល្អសម្រាប់យើង និងជួយយើង, ផ្ដល់យោបល់ល្អៗឲ្យយើង។ សូមចង់ចាំថា៖ ចង់រាប់អានបានមនុស្សល្អ ទាល់តែយើងជាមនុស្សល្អដែរ។ មានកល្យាណមិត្តល្អ អាចជាទីប្រឹក្សាល្អសម្រាប់យើង ហើយទៅប្រឹក្សាល្អមិនមែនសំដៅ អ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងយើងនោះទេ សំខាន់គេអាចផ្តល់ប្រឹក្សាឲ្យយើងបាន។

៤៖ សមជីវតា (ជីវិតស្មើ)៖ សមីការនៃជីវិតដែលត្រូវប្រយ័ត្នគ្រប់ពេលវេលា (មិនអួត មិនអាង) ធ្វើអ្វីមួយឲ្យសមនឹងសមត្ថភាពខ្លួន។ ឧទាហរណ៍៖ គេឃើញជិះឡានថ្មី ទំនើប ចង់ជិះឡានដូចគេដែរ ខណៈដែលខ្លួនមិនទាន់មានសមត្ថភាពទិញ ទៅខ្ចីបុលគេដើម្បីទិញជិះ នេះគឺអំពើដែលមិនគួរធ្វើឡើង ដែលនាំឲ្យជាប់បំណុល។

លោក អៀង សុធារ៉ា បានប្រាប់ទៀតថា បើយើងបានប្រតិបត្តិនូវធម៌៤ខាងលើ យើងមានលុយហើយ យើងត្រូវចេះចាយវាយឲ្យបានត្រឹមត្រូវ ដើម្បីមានសេចក្ដីសុខ ដោយមានធម៌៤យ៉ាងណា៖

១៖ អត្ថិសុខ មានន័យថា សុខ កើត អំពី ការ មានទ្រព្យ ដែលយើងមាន។
២៖ ភោគសុខ មានន័យថា ត្រូវចេះប្រើប្រាស់ទ្រព្យ ដោយមិនត្រូវទៅចាយវាយ នៅកន្លែងល្បែងពាលាអាវាសែ, អប្បាយមុខ, ស្រី ស្រា ល្បែង គ្រឿងញៀន នាំឲ្យទ្រព្យក៏អស់ សេចក្ដីសុខក៏គ្មាន។
៣៖ អនណសុខ មានន័យថា មិនជំពាក់បំណុលគេ ដោយកុំលោភទៅខ្ចីបុលគេ វាអាចជំពាក់គេវណ្ឌ.ក។
៤៖ អនវជ្ជសុខ មានន័យថា សុខ ការងារ ប្រាស ចាក ទោស គឺត្រូវធ្វើការងារដោយសុច្ចរិត នឹងធ្វើឲ្យយើងបានលុយរួមជាមួយសេចក្ដីសុខ៕

សូមទស្សនាវីដេអូ របស់លោក អៀង សុធារ៉ា ពន្យល់លម្អិតដូចខាងក្រោម៖