(ភ្នំពេញ)៖ ក្រុមហ៊ុន GROVE Fruit របស់អាមេរិក បានចុះអនុស្សារណ:នៃកាយោគយល់គ្នាជាមួយក្រុមហ៊ុន អង្គរហ្រ្គីន របស់កម្ពុជា ដើម្បីនាំស្វាយកែវរមៀតខ្មែរ (Angkor Mango) ទៅប្រទេសរុស្ស៊ី ជាលើកដំបូង។

កិច្ចព្រមព្រៀងនាំចេញស្វាយកែវរមៀតខ្មែរនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ ឆ្នាំដំបូងក្រុមហ៊ុនទាំង២ គ្រោងនាំចេញស្វាយទៅរុស្ស៉ី ចំនួន២០០០តោនចាប់ពីខែធ្នូ ឆ្នាំ២០២១តទៅ ហើយនឹងកើនឡើងជាបន្តបន្ទាប់នៅឆ្នាំក្រោយ ប្រសិនបើការនាំចេញដំណើរការរលូន។

តំណាងក្រុមហ៊ុនអង្គរហ្គ្រីន លោក វ៉ាន់ ឫទ្ធី បានបញ្ជាក់ថា ការចុះអនុស្សារណៈនាំចេញស្វាយទៅប្រទេសរុស្ស៉ីជាលើកដំបូងនេះ នឹងជួយឲ្យកសិករដំណាំស្វាយខ្មែរ កាន់តែមានទីផ្សារបន្ថែមទៀត សម្រាប់ការនាំចេញស្វាយរបស់ខ្លួន។

លោកបានបញ្ជាក់ទៀតថា «អនុស្សារណៈនេះបានបង្ហាញឲ្យឃើញពីទំនុកចិត្តពីសំណាក់ក្រុមហ៊ុនបរទេស មកលើកសិផលរបស់កម្ពុជា ក៏ដូចជាមកលើ ក្រុមហ៊ុនរបស់យើង ដែលមានបទពិសោធ៍ក្នុងការនាំចេញស្វាយ ទៅកាន់ទីផ្សារនៃបណ្ដាប្រទេសជាច្រើន ដូចជាចិន ជប៉ុន សិង្ហបុរី ថៃ វៀតណាម និងម៉ាឡេស៊ី ជាដើម»

លោក វ៉ាន់ ឫទ្ធី សង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងក្លាយជាការត្រួសត្រាយផ្លូវមួយទៀត សម្រាប់ដំណាំស្វាយរបស់កម្ពុជា ចូលទៅក្នុងទីផ្សារអឺរ៉ុប។

លោកបន្តថា «បើសិនជាការនាំចេញទៅកាន់ទីផ្សាររុស្សីជោគជ័យ អង្គរហ្រ្គីន និងដៃគូ នឹងធ្វើការបង្កើនបរិមាណនាំចេញឲ្យកាន់តែច្រើន ហើយក៏នឹងសិក្សាលទ្ធិភាពនាំចេញកសិផលផ្សេងទៀត ដើម្បីជំរុញការផ្គត់ផ្គង់នៅក្នុងទីផ្សាររុស្សី និងបង្កើនឱកាសទីផ្សារជាច្រើនទៀតសម្រាប់កសិករយើងផងដែរ»

របាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថា នៅរយៈពេល១០ខែ ឆ្នាំ២០២១នេះ ផ្លែស្វាយស្រស់របស់កម្ពុជាមានចំនួន ២០២ ១៤១.៨១តោន បាននាំចេញទៅក្រៅប្រទេស ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ១៧៤ ៧៦៥.១៨តោន, ប្រទេសថៃចំនួន ២៦ ៩៦៩.២៨តោន, ប្រទេសចិនចំនួន ២១៥.៩៨តោន, ប្រទេសកូរ៉េចំនួន ១២៤.៣៨តោន, ទីក្រុងហុងកុងចំនួន ៥០.៧៨តោន, ប្រទេសសិង្ហបុរីចំនួន ១៦.២០តោន និងប្រទេសគុយវ៉ែតចំនួន ០.០១ តោន៕