(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលចរន្ត (ចំណូលពន្ធអាករ) បាន ១៥ ៨៩៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣៨០០លានដុល្លារ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

 កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (គ.ហ.ស.)។

តាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២១ បានបង្ហាញថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជារួមមានវឌ្ឍនភាពល្អប្រសើរគួរកត់សម្គាល់ បើទោះបីជាសកម្មភាពខ្លះ ត្រូវបានខកខានអនុវត្តដោយសារការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។

ជាក់ស្តែង, ក្នុងរយៈពេល៩ខែ នៅឆ្នាំ ២០២១, ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ធៀបនឹងច្បាប់ (ទំហំ១៥ ៨៩៥ ប៊ីលានរៀល) ច្រើនជាងការប្រមូលចំណូល នៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលសម្រេចបានត្រឹម៦៣%ធៀបនឹងច្បាប់។ ដោយឡែក, គិតត្រឹមត្រីមាសទី ៣, ទោះបីជាការអនុវត្តចំណាយថវិកាជាតិ មានការយឺតជាងផែនការបន្តិចក្តី តែការអនុវត្តជារួមមានការកើនឡើងពី៥៧% ធៀបនឹងច្បាប់ (ទំហំ ២៧ ២៨៥ប៊ីលានរៀល) នៅឆ្នាំ ២០២០ ដល់៦១% ធៀបនឹងច្បាប់ (ទំហំ ២៧ ៤២៥ ប៊ីលានរៀល) នៅឆ្នាំ ២០២១។

ទន្ទឹមនេះ, ដំណើរការនៃការអនុវត្តចំណូលចំណាយ ចាប់ផ្ដើមកែលម្អ តាមរយៈការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្រ្ត កៀរគរចំណូល (RMSII), ការសិក្សា និងដាក់ចេញផែនការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទះ, ការពង្រីកការទូទាត់ចំណាយថវិកាជាតិតាមប្រព័ន្ធ E-Transfer, ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័ន និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈជាដើម។

ជាមួយគ្នានេះ, ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការកសាង និងកែលម្អប្រព័ន្ធ, និងការរៀបចំបទដ្ឋានគតិយុត្តិស្នូលសំខាន់ៗ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ដំណាក់កាលបន្ទាប់ក៏បន្តមានវឌ្ឍនភាព។ ក្នុងនោះ «ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន» ត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈដែល «ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)» កំពុងធ្វើការរៀបចំ និងពិភាក្សាស៊ីជម្រៅមុននឹងអាចដាក់ឱ្យអនុវត្តនៅពេលខាងមុខ។

ជារួម, ភាពដែលអាចគ្រប់គ្រងបាននៃការអនុវត្តចំណូល និងចំណាយជាតិ នៅក្នុងស្ថានភាពមានវិបត្តិកូវីដ១៩ បានបង្ហាញពីប្រសិទ្ធភាពនៃភាពជឿទុកចិត្ត នៃថវិកានៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាប់ តាមរយៈភាពគ្រប់គ្រាន់នៃសាច់ប្រាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយការងារបន្ទាន់ចំពោះមុខ និងការបន្តគាំទ្រវឌ្ឍនភាពការងារទូទៅ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី៣ នេះ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៣ បូក ២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕