(ហាណូយ)៖ អាជីវកម្មជ័រកៅស៊ូកំពុងរាយការណ៍ពីប្រាក់ចំណេញវិជ្ជមានដោយសារការកើនឡើងតម្លៃចាប់តាំងពីដើមឆ្នាំនេះមក។ នេះបើយោងតាមសារព័ត៌មាន Vietnam News របស់វៀតណាម។

ឧស្សាហកម្មកៅស៊ូធម្មជាតិរបស់វៀតណាមបានងើបឡើងវិញគួរឱ្យកត់សម្គាល់ ខណៈដែលការរាតត្បាតជំងឺកូវីដ-១៩ បានប៉ះពាល់អវិជ្ជមានដល់ផលិតកម្ម និងអាជីវកម្មនៅក្នុងគ្រប់វិស័យសេដ្ឋកិច្ចទាំងអស់។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានរាយការណ៍ថា ផលិតផលកៅស៊ូបានកើនឡើង ១៣,៩ភាគរយបើគិតពីបរិមាណ និងកើនឡើង ៤៦,៥ភាគរយបើគិតពីតម្លៃក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃនាំចេញជាមធ្យមនៃផលិតផលកៅស៊ូជាច្រើនក្នុងរយៈពេល ១០ខែនេះ បានកើនឡើងដល់ ១.៦៨០ដុល្លារក្នុងមួយតោន កើនឡើង ៤,១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍មួយដែលចេញដោយសមាគមប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានឱ្យដឹងថា តម្រូវការកៅស៊ូធម្មជាតិពិភពលោកសរុបនៅឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៩,៣ភាគរធៀបនឹងឆ្នាំមុន ដល់ ១៤,១ប៊ីលានតោន។ ទន្ទឹមនឹងនេះដែរ ការផ្គត់ផ្គង់ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងតែ ២ភាគរយប៉ុណ្ណោះ ដល់ ១៣,៨៦ប៊ីលានតោន។

ក្រុមហ៊ុន ACB Securities Company (ACBS) បានប្រាប់សារព័ត៌មាន Vietnam News ថា កំណើនតម្រូវការកៅស៊ូកើតមានឡើងដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ-១៩ នៅពេលដែលអត្រាចាក់វ៉ាក់សាំងកំពុងកើនឡើង។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនឹងជំរុញសកម្មភាពដឹកជញ្ជូនទាំងនៅក្នុងវិស័យស៊ីវិល និងវិស័យឧស្សាហកម្ម ដែលបង្កើតឱ្យមានកំណើនតម្រូវការសំបកកង់កៅស៊ូ ដែលជាកត្តាសំខាន់មួយនៃតម្រូវការកៅស៊ូ។

តម្លៃកៅស៊ូខ្ពស់មានផលប៉ះពាល់វិជ្ជមានខ្លាំងលើប្រាក់ចំណេញរបស់ឧស្សាហកម្មកៅស៊ូគិតចាប់តាំងពីដើមឆ្នាំនេះមក។

សារព័ត៌មាន Vietnam News បានរាយការណ៍ថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុន Vietnam Rubber Group សម្រេចបានប្រាក់ចំណូលសុទ្ធចំនួន ៧២៦លានដុល្លារ កើនឡើង ៣៧,៧ភាគរយ និងប្រាក់ចំណេញក្រោយបង់ពន្ធចំនួន ១៦៧លានដុល្លារ កើនឡើង ៨៧,៧ភាគរយធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុន Dong Phu Rubber JSC ក៏បានបង្ហាញពីកំណើនប្រាក់ចំណូលផងដែរដល់ជាង ៣១លានដុល្លារក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ដែលកើនឡើង ១៥ភាគរយ ខណៈដែលប្រាក់ចំណេញក្រោយបង់ពន្ធបានកើនឡើងជិតដល់ ៧លានដុល្លារ កើនឡើង ២៣,២ភាគរយ៕