(តូក្យូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ប្រទេសចិនត្រូវដោះស្រាយហានិភ័យហិរញ្ញវត្ថុក្នុងលក្ខណៈច្បាស់លាស់និងដោយមានការសម្របសម្រួលមួយ ហើយផ្លាស់ប្តូរគោលនយោបាយសារពើពន្ធរបស់ខ្លួនជាបណ្តោះអាសន្នចេញពីគោលនយោបាយទប់ស្កាត់កំណើន (contractionary approach) នៅឆ្នាំនេះឆ្ពោះទៅរកគោលជំហរអព្យាក្រិត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយមន្ត្រីរបស់មូលនិធិនេះដែលបានបញ្ចប់ការប្រឹក្សាយោបល់អំពីមាត្រា IV ឆ្នាំ២០២១ ជាពេលថ្មីៗនេះជាមួយប្រទេសចិន មូលនិធិ IMF បានឱ្យដឹងថា៖ «ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញរបស់ចិនមានភាពល្អប្រសើរ ប៉ុន្តែមិនមានតុល្យភាព ហើយសន្ទុះកំណើនសេដ្ឋកិច្ចកំពុងថមថយ ខណៈពេលដែលហានិភ័យធ្លាក់ចុះកំពុងកើនឡើង»។
IMF បានស្តីបន្ទោសការថមថយកំណើនសេដ្ឋកិច្ចចិនថាបណ្តាលមកពីការដកចេញការគាំទ្រផ្នែកគោលនយោបាយឆាប់រហ័សពេក ដែលបង្កឱ្យប៉ះពាល់ដល់ការប្រើប្រាស់ដែលកើនឡើងវិញពីការរាតត្បាតជំងឺកូវីដ-១៩ និងបណ្តាលមកពីកង្វះអគ្គិសនី និងការថមថយការវិនិយោគក្នុងវិស័យអចនលទ្រព្យ។
មូលនិធិ IMF បានឱ្យដឹងថា៖ «គោលនយោបាយសារពើពន្ធ ដែលត្រូវដកចេញខ្លាំងនៅឆ្នាំនេះ គួរត្រូវងាកចេញជាបណ្តោះអាសន្នឆ្ពោះទៅរកគោលជំហរអព្យាក្រិត និងផ្តោតលើការពង្រឹងកិច្ចគាំពារសង្គម និងលើកកម្ពស់ការវិនិយោគបៃតងជាជាងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណី»។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ មូលនិធិ IMF ក៏បានអំពាវនាវឱ្យមាន «វិធីសាស្រ្តរៀបចំរចនាសម្ព័ន្ធធនាគារឡើងវិញគ្រប់ជ្រុងជ្រោយ» ផងដែរ ដើម្បីពង្រឹងប្រព័ន្ធធនាគាររបស់ចិន ព្រមទាំងឱ្យមានកិច្ចប្រឹងប្រែងបើកចំហរទីផ្សារ និងកែទម្រង់សហគ្រាសរដ្ឋផងដែរ។
មូលនិធិ IMF បន្តថា កិច្ចប្រឹងប្រែងដែលកំពុងធ្វើឡើងដើម្បីដោះស្រាយការប្រើប្រាស់បំណុលរបស់សាជីវកម្មដែលមានកម្រិតខ្ពស់ គួរត្រូវបានធ្វើឡើងស្របជាមួយនឹងការបង្កើត «ក្របខ័ណ្ឌដោះស្រាយភាពគ្មានលទ្ធភាពសងបំណុលដោយផ្អែកលើទីផ្សារ»។
IMF ក៏បានរំឭកផងដែរថា បទប្បញ្ញត្តិកាន់តែតឹងរ៉ឹងរបស់ទីក្រុងប៉េកាំងប្រឆាំងនឹងវិស័យបច្ចេកវិទ្យាបានបង្កើនភាពមិនប្រាកដប្រជាផ្នែកគោលនយោបាយ។
វិស័យអចលនទ្រព្យរបស់ចិនបានបង្កភាពរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុ និងបង្កឱ្យមានភាពមិនច្បាស់លាស់ចំពោះចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកមួយនេះ។
មូលនិធិ IMF ព្យាករថា សេដ្ឋកិច្ចចិននឹងកើនឡើង ៨ភាគរយនៅឆ្នាំនេះ និង ៥,៦ភាគរយនៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕