(ត្បូងឃ្មុំ)៖ លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សាជាលក្ខណៈយុទ្ធសាស្ត្រ លើផលិតផលកសិកម្មដែលមានសក្តានុពលចំនួន ១០ រួមមាន៖ ដំណាំស្វាយចន្ទី, ធុរេន, មៀន, ក្រូច, ស្រកានាគ, ម្រេច, ដូង, សូត្រ, សំបុកត្រចៀកកាំ និងទឹកឃ្មុំ។
ជាលទ្ធផល ក្រុមការងារបានពិនិត្យឃើញថា គ្រាប់ស្វាយចន្ទី មានសក្តានុពលជាងគេសម្រាប់ឱកាសនាំចេញ ដោយយោងទៅលើការកើនឡើង នៃបរិមាណទិន្នផល តម្លៃ និងមានតម្រូវការខ្ពស់ នៅលើទីផ្សារក្រៅប្រទេស ជាពិសេសប្រទេសចិនជាដើម។ ទោះជាយ៉ាងនេះក្តី សហគ្រិនកម្ពុជា មិនទាន់មានការចាប់អារម្មណ៍វិនិយោគលើការកែច្នៃ ដោយផ្តោតតែការលក់គ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារប្រទេសជិតខាងតែប៉ុណ្តោះ ដែលមិនអាចផ្តល់តម្លៃបន្ថែម សម្រាប់ការនាំចេញផ្ទាល់ពីប្រទេសកម្ពុជា បានច្រើននៅឡើយ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១, លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវ នៅក្រុមហ៊ុន MTST Agro Product Co., Ltd មានរោងចក្រកែច្នៃនៅក្នុងខេត្តត្បូងឃ្មុំ ដែលបាននិងកំពុងនាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា៖ ប្រទេសថៃ, ម៉ាឡេស៊ី, ទីក្រុងហុងកុង និងវៀតណាមជាដើម។
លោកបានបញ្ជាក់ថា «បេសកកម្មនេះមានគោលបំណងសិក្សាពីស្តង់ដារនៃការគ្រប់គ្រង និងបទពិសោធន៍ជោគជ័យ លើការនាំចេញផលិតផលគ្រាប់ស្វាយចន្ទី ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍ សមត្ថភាពសហគ្រិនផ្សេងទៀត នៅក្នុងវិស័យដំណាំស្វាយចន្ទី ដែលជាដំណាំកំពុងមានសក្តានុពលនាំចេញខ្ពស់ សំដៅចូលរួមពង្រីកផលិតភាពកែច្នៃ និងបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ»។
លោក អ៊ាង ម៉េងត្រៃ ជាម្ចាស់សហគ្រាសនៃក្រុមហ៊ុន MTST Agro Product Co., Ltd ខេត្តត្បូងឃ្មុំ ធ្លាប់តែលក់គ្រាប់ស្វាយចន្ទី មិនមានការកែច្នៃទៅឱ្យឈ្មួញ នៅប្រទេសវៀតណាម។ ប៉ុន្តែឱកាសនៃអាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោកគឺ បានចាប់ផ្តើមដំបូងពីការទទួលបានកិច្ចសហការជាមួយរោងចក្រមួយកន្លែង នៅប្រទេសវៀតណាម។ បន្ទាប់ពីបានគ្រប់គ្រង និងដំណើរការនៃរោងចក្រនៅប្រទេសវៀតណាម បានមួយរយៈរួចមក លោកបានកសាងបណ្តាញអាជីវកម្មបានយ៉ាងល្អ នៅក្នុងវិស័យដំណាំស្វាយចន្ទីនេះ។ ជាបន្តបន្ទាប់ លោកក៏បានបញ្ជូនពលករខ្មែរមួយចំនួន ទៅទទួលការបណ្តុះបណ្តាលជំនាញនៅរោងចក្រនោះ។
ជាមួយនឹងគោលបំណងចង់លើកស្ទួយ ផលិតផលគ្រាប់ស្វាយចន្ទីក្នុងស្រុក និងចង់ឱ្យមានការនាំចេញផលិតផលស្វាយចន្ទី ដែលមានការកែច្នៃពីប្រទេសកម្ពុជាផ្ទាល់ ទៅកាន់ទីផ្សារអន្តរជាតិ លោកក៏បានត្រឡប់មកប្រទេសវិញ និងបានចាប់ផ្តើមអាជីវកម្ម ដោយការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដែលមានខ្សែច្រវាក់ផលិតកម្មស្រដៀង ទៅនឹងរោងចក្ររបស់លោកនៅប្រទេសវៀតណាម ព្រមទាំងធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករក្នុងស្រុក។
លោកបានបញ្ជាក់ថា កត្តាចម្បងចំនួន០៤ ដែលធ្វើឱ្យលោកទទួលបានជោគជ័យកន្លងមក មានជាអាទិ៍៖ ការកសាងបណ្តាញអាជីវកម្ម ជំនាញបច្ចេកទេស ការលក់ផលិតផលសំណល់ពីការកែច្នៃ និងចំណេះដឹងច្បាស់លាស់អំពីខ្សែច្រវាក់ផលិតកម្ម។
ក្នុងនាមជាសហគ្រិនដែលមានសមត្ថភាពមួយរូប និងឃើញពីសក្តានុពលខ្ពស់នៃដំណាំស្វាយចន្ទីកម្ពុជា លោកមានបំណងចង់ពង្រីកខ្សែច្រវាក់ផលិតកម្ម និងបណ្តាញអាជីវកម្មរបស់លោកឱ្យកាន់តែធំ និងរឹងមាំបន្ថែមទៀត។
លោកក៏មានគម្រោងពង្រីកផលិតកម្មកែច្នៃរហូតដល់ ២០០,០០០ តោននៃគ្រាប់ស្វាយចន្ទីស្រស់ក្នុងមួយឆ្នាំ និងជាពិសេសចង់ទទួលបានវិញ្ញាបនបត្រ ISO ជាដើម នាពេលខាងមុខនេះ។
ក្នុងការឈានទៅសម្រេចគោលដៅនេះ និងចូលរួមលើកកម្ពស់ការនាំចេញ លោកក៏បានស្នើសុំរាជរដ្ឋាភិបាលជួយ សម្របសម្រួលធ្វើការវិនិយោគនៅកន្លែងប្រមូលផ្តុំ ដូចជាការបង្កើតសួនកសិ-ឧស្សាហកម្ម ដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាលក្ខណៈប្រព័ន្ធអេកូឡូស៊ី និងទាក់ទាញវិនិយោគគិន ដែលមានជំនាញ និងបទពិសោធន៍ពាក់ព័ន្ធនឹងការបង្កើតរោងចក្រមានស្តង់ដារ, ឃ្លាំងស្តុកសុវត្ថិភាព, ប្រព័ន្ធគ្រប់គ្រងមានប្រសិទ្ធភាព, ការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងខ្សែច្រវាក់ផលិតកម្មជាដើម ។
កិច្ចការនេះ នឹងអាចជួយពង្រីកផលិតកម្មកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា សម្រាប់បង្កើនការនាំចេញកាន់តែច្រើនជាងមុន៕