(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃនេះដោយសារការរំពឹងថានឹងមានការកើនឡើងការផ្គត់ផ្គង់ ខណៈដែលការចំណាយកាន់តែខ្ពស់លើថាមពល និងកំណើនអ្នកកើតជំងឺកូវីដ-១៩ ក៏ត្រូវបានគេមើលឃើញថាកំពុងដាក់បន្ទុកលើតម្រូវការផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កិច្ចសន្យាទិញលក់អនាគតសម្រាប់ប្រេងឆៅប្រភេទ Brent របស់អង់គ្លេស បានធ្លាក់ថ្លៃ ៦៣សេន ឬ ០,៨ភាគរយ មកនៅត្រឹម ៨១,៥៤ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ថ្លៃ ៥៥សេន ឬ ០,៧ភាគរយ មកនៅត្រឹម ៨០,២៤ដុល្លារក្នុងមួយបារ៉ែល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទីផ្សារប្រេងបានធ្លាក់ចុះក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ដោយសារកំណើនថ្លៃប្រាក់ដុល្លារ និងការរំពឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden អាចបញ្ចេញប្រេងពីស្តុកប្រេងយុទ្ធសាស្រ្តរបស់អាមេរិក ដើម្បីទម្លាក់ថ្លៃប្រេង។

ក្រុមអ្នកវិភាគរបស់ធនាគារ ANZ បានឱ្យដឹងក្នុងរបាយការណ៍មួយថា៖ «សេតវិមានបាននិងកំពុងជជែកដេញដោលអំពីរបៀបដោះស្រាយនឹងអតិផរណាដែលមានអត្រាកាន់តែខ្ពស់ក្រុមហ៊ុនប្រេងអាមេរិកនៅសប្តាហ៍នេះ បានបើកដំណើរ​ការអណ្តូងផលិតកម្មប្រេងនិងឧស្ម័នបន្ថែមទៀត ដែលជាការបន្ថែមរយៈពេល ៣សប្តាហ៍ជាប់គ្នាដោយសារការឡើងថ្លៃប្រេងឆៅ​ជិតដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំ បានជំរុញឱ្យក្រុមហ៊ុនប្រេងទាំងនោះវិលត្រលប់ទៅរកផលិតកម្មប្រេងវិញ»

ក្រុមហ៊ុនផ្តល់សេវាកម្មថាមពល Baker Hughes បានឱ្យដឹងថា ចំនួនអណ្តូងប្រេងនិងឧស្ម័ន ដែលជាសូចនាករវាស់វែងទិន្នផលប្រេងនាពេលអនាតគត បានកើនឡើងចំនួន៦ ដល់ ៥៥៦អណ្តូង នៅសប្តាហ៍គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ២០២០មក។

ទន្ទឹមនឹងនេះដែរ អង្គការ OPEC កាលពីសប្តាហ៍មុនបានកាត់បន្ថយការព្យាករអំពីតម្រូវការប្រេងរបស់ពិភពលោកសម្រាប់ត្រីមាសទី៤ ចំនួន ៣៣០ ០០០បារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងការព្យាការកាលពីខែមុន ខណៈដែលតម្លៃថាមពលខ្ពស់បានរារាំងដល់ការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕