(ហាណូយ)៖ ប្រទេសវៀតណាមប្រឈមនឹងហានិភ័យអតិផរណាខ្ពស់នៅឆ្នាំក្រោយ ខណៈដែលតម្លៃទំនិញប្រើប្រាស់កើនឡើង ស្របពេលដែលសេដ្ឋកិច្ចពិភពលោកស្ទុះងើបឡើងវិញពីវិបត្តិកូវីដ-១៩។ នេះបើយោងតាមកាសែតវៀតណាម VN Express។

យោងតាមកាសែតម VN Express លោកស្រី Nguyen Thi Hong ទេសាភិបាលធនាគារកណ្តាលវៀតណាមបានថ្លែងទៅកាន់សភាថា វាអាចធ្វើទៅបានក្នុងការរក្សាអតិផរណានៅឆ្នាំនេះឱ្យនៅក្រោមអត្រា ៤ភាគរយ ប៉ុន្តែមានហានិភ័យអតិផរណាខ្ពស់នៅឆ្នាំក្រោយ ខណៈប្រទេសមួយចំនួនបានមើលឃើញអតិផរណាខ្ពស់ខ្លាំងមិនធ្លាប់មាន ស្របពេលដែលតម្លៃទំនិញមួយចំនួនដូចជាប្រេងបានឡើងថ្លៃ។

នៅសហរដ្ឋអាមេរិក សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលវាស់វែងអតិផរណា នៅខែតុលា បានកើនឡើង ៦,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាអត្រាខ្ពស់បំផុតគិតចាប់ពីឆ្នាំ១៩៩០ មក។

អត្រាអតិផរណារបស់កូរ៉េខាងត្បូងក៏បានកើនឡើងលើស ៣ភាគរយជាលើកដំបូងផងដែរគិតចាប់ពីឆ្នាំ២០១២មក។

លោកស្រី Hong បានថ្លែងប្រាប់សមាជិកសភាថា៖ «សម្រាប់ប្រទេសផ្សេងទៀតដែលមានការបើកចំហរពាណិជ្ជកម្មខ្ពស់ដូចជាវៀតណាម ហានិភ័យអតិផរណាមានខ្ពស់ខ្លាំង»

ក្តីបារម្ភមួយទៀតគឺការកើនឡើងបំណុលអាក្រក់ក្នុងចំណោមធនាគារ ដែលបានជំរុញឱ្យធនាគារទាំងនោះប្រើប្រាស់ធនធានផ្ទាល់របស់ពួកគេដើម្បីដោះស្រាយបញ្ហានេះ។

លោកស្រីមានប្រសាសន៍ថា៖ «ការធ្លាក់ចុះធនធាននឹងប៉ះពាល់ដល់សន្តិសុខរបស់ប្រព័ន្ធ»។ លោកស្រីបន្ថែមថា វៀតណាមគួរជៀសវាងការដើរជាន់ដានរឿងចាស់ ដូចដែលធ្លាប់កើតមាននៅឆ្នាំ២០០៨-២០០៩ នៅពេលដែលអតិផរណាមបានកើនឡើងខ្លាំងបន្ទាប់ពីវិបត្តិសេដ្ឋកិច្ច។

លោកស្រី Hong បានបន្តថា ធនាគារកណ្តាលវៀតណាមបានទម្លាក់អត្រាការប្រាក់របស់ខ្លួនបីដងរួចមកហើយនៅឆ្នាំនេះ ដែលសរុបបានទម្លាក់ចំនួន ១,៥-២ភាគរយ ដែលជាការទម្លាក់ដ៏ខ្លាំងមួយធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ធនាគារនានាបានបន្ទាបអត្រាការប្រាក់កម្ចីចំនួន ១,៦៦ពិន្ទុភាគរយពីកម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ ដោយមានតម្លៃសរុបប្រហែល ៣០ទ្រីលានដុង (១,៣២ប៊ីលានដុល្លារ)។ នេះបើយោងតាមកាសែត VN Express៕