(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនបានបើកការចរចាជាមួយប្រទេសជប៉ុន ក្នុងគោលបំណងកាត់បន្ថយពន្ធដែលអាមេរិកបានដកហូរលើដែកថែប និងអាលុយមីញ៉ូមរបស់ជប៉ុនស្ថិតក្រោមរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ការចរចានេះបានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្រេចកិច្ចព្រមព្រៀងលើបញ្ហាដូចគ្នានេះជាមួយសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីលោកស្រី Katherine Tai អ្នកតំណាងពាណិជ្ជកម្មអាមេរិក និងលោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកថា៖ «អាមេរិក និងជប៉ុននឹងព្យាយាមដោះស្រាយក្តីបារម្ភទ្វេភាគីនៅក្នុងវិស័យដែកថែប និងអាលុយមីញ៉ូម»

ក្តីបារម្ភដែលអ្នកទាំងពីរបានលើកឡើងនេះ គឺចង់សំដៅដល់ការបង្កឱ្យខូចទីផ្សារដែកថែប និងអាលុយមីញ៉ូមដែលបង្កឡើងដោយសារផលិតកម្មហួសតម្រូវការពិភពលោកដែលជំរុញដោយសារប្រទេសចិន។

លោកស្រី Tai និងលោកស្រី Raimondo បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិក និងជប៉ុនមានសម្ព័ន្ធភាពជាប្រវត្តិសាស្រ្ត បានបង្កើតទំនុកចិត្តទៅវិញទៅមក និងគោរពគ្នាទៅវិញទៅមក»

អ្នកទាំងពីរបានបន្ថែមថា៖ «ការពិភាក្សាទាំងនេះបង្ហាញពីឱកាសដើម្បីលើកកម្ពស់ស្តង់ដារ ដោះស្រាយក្តីបារម្ភរួមគ្នា រួមទាំងការប្រែប្រួលអាកាសធាតុ និងបង្ខំឱ្យប្រទេសនានាដូចជាប្រទេសចិនដែលគាំទ្រ និងអនុវត្តគោលនយោបាយមិនផ្អែកលើទីផ្សារឱ្យទទួលខុសត្រូវ»។

មន្រ្តីជាន់ខ្ពស់អាមេរិកទាំងពីរនេះបានបន្តថា ការធ្វើឱ្យខូចទីផ្សារដែលបណ្តាលមកពីការផលិតលើសសមត្ថភាពដែលបង្កឡើងដោយកត្តាមិនផ្អែកលើទីផ្សារ ដោយសារមួយផ្នែកធំបង្កឡើងដោយប្រទេសចិន បង្កឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរដល់ឧស្សាហកម្មដែកថែប និងអាមេរិកលុយមីញ៉ូមរបស់អាមេរិកដែលផ្អែកលើទីផ្សារ។

លោកស្រី Raimondo នឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូនៅសប្តាហ៍នេះ ដើម្បីជជែកជាមួយមន្ត្រីជប៉ុន។

ទីភ្នាក់ងារព័តមាន AFP បានរាយការណ៍ទៀតថា ដំណើរទស្សនកិច្ចផ្លូវការនៅអាស៊ីលើកដំបូងរបស់លោកស្រី ក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីផងដែរ ជាទីដែលលោកស្រីនឹងជួបជាមួយមន្ត្រីមកពីប្រទេសអូស្រ្តាលី និងណូវែលសេឡង់។

កាលពីខែមិថុនា ឆ្នាំ២០១៨ លោក ត្រាំ បានដកហូតពន្ធដែកថែប ២៥% និងអាលុយមីញ៉ូម ១០% ដែលនាំចូលពីប្រទេសមួយចំនួន រួមទាំងសហភាពអឺរ៉ុប និងប្រទេសជប៉ុនផងដែរ។

នៅពេលនោះ អតីតប្រធានាធីបតីរូបនេះបានលើកឡើងថា ការដកហូតពន្ធនេះដោយឈរលើមូលដ្ឋានសន្តិសុខជាតិ ដែលការអះអាងនេះត្រូវបានច្រានចោលដោយក្រុមអ្នករិញគន់លោក។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសថា ពួកគេបានលុបចោលពន្ធទាំងនេះ ជាអ្វីដែលលោកប្រធានាធិបតីអាមេរិក Joe Biden ហៅថាជា «សម័យកាលថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការអន្តរអត្លង់តិច»។ នេះបើយោងតាមទីភ្នាក់ងារ AFP៕