(គូឡាឡាំពួ)៖ ប្រទេសកាណាដាបានផ្អាកការនាំចូលស្រោមដៃរបស់ក្រុមហ៊ុន Supermax Corp របស់ប្រទេសម៉ាឡេស៊ី ខណៈដែលកំពុងរង់ចាំលទ្ធផលសវនកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការផ្អាកនាំចូលនេះបានធ្វើឡើងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្អាកនាំចូលផលិតផលរបស់ក្រុមហ៊ុននេះជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុន Supermax Corp បានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រោងចក្រនានានៅម៉ាឡេស៊ីដែលផលិតទំនិញផ្សេងៗ រាប់ចាប់ពីស្រោមដៃវេជ្ជសាស្រ្តរហូតដល់ប្រេងដូង បានស្ថិតក្រោមការឃ្លាំងមើលកាន់តែខ្លាំងជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះរំលោភសិទ្ធិកម្មករបរទេស ដែលកម្មករចំណាកស្រុកទាំងនេះគឺជាផ្នែកដ៏សំខាន់នៃកម្លាំងពលកម្មផលិតកម្មរបស់ប្រទេសម៉ាឡេស៊ី។
បន្ទាប់ពីសហរដ្ឋអាមេរិកផ្អាកនាំចូលស្រោមដៃរបស់ក្រុមហ៊ុន Supermax កាលពីខែមុន ក្រសួងសេវា និងលទ្ធកម្មសាធារណៈរបស់ប្រទេសកាណាដាបានឱ្យដឹងថា ខ្លួនកំពុងផ្អាកការនាំចូលស្រោមដៃរបស់ក្រុមហ៊ុន Supermax ដោយរង់ចាំរបាយការណ៍មួយដែលរំពឹងថានឹងចេញផ្សាយនៅពាក់កណ្តាលខែនេះដោយក្រុមហ៊ុន Supermax Healthcare Canada ដែលជាសាខារបស់ក្រុមហ៊ុន Supermax Corp។
ក្រសួងសេវា និងលទ្ធកម្មសាធារណៈបានឱ្យដឹងថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ន ប្រទេសកាណាដាបានធ្វើការងារជាមួយក្រុមហ៊ុនដើម្បីធានាថា ក្រុមហ៊ុន Supermax Corp មិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ»។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទីភ្នាក់ងារនេះមិនអាចស្នើសុំការបំភ្លឺមបានភ្លាមៗនោះទេក្រុមហ៊ុន Supermax។
អង្គភាពគយ និងការពារព្រំដែន (CBP) របស់សហរដ្ឋអាមេរិក បានបញ្ជាកាលពីថ្ងៃទី២១ ខែតុលា ដែលហាមឃាត់ការនាំចូលស្រោមដៃកៅស៊ូរបស់ក្រុមហ៊ុន Supermax ដោយផ្អែកលើព័ត៌មានដ៏សមហេតុផលដែលបង្ហាញពីការប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុនមួយនេះ។
ប្រទេសកាណាដាបានឱ្យដឹងថា ខ្លួននឹងកំណត់ជំហានបន្ទាប់ទៀត បន្ទាប់ពីពិនិត្យមើលរបាយការណ៍ពីក្រុមហ៊ុន Supermax Healthcare Canada រួច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕