(ភ្នំពេញ)៖ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី ១៣ វិច្ឆិកានេះថា ការអនុញ្ញាត ឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញ នឹងជួយជំរុញចរន្តលក់ដូរ នៅលើទីផ្សារ ជាពិសសេសផលិតផលដែលពាក់ព័ន្ធសេវាកម្មអាពាហ៍ពិពាហ៍ កាន់តែមានលក្ខណៈប្រសើរឡើង ព្រមទាំងបង្កើនចំណូលដល់អ្នកប្រកបរបរក្នុងវិស័យនេះផងដែរ ខណៈដែលពួកគេបាត់ចំណូលប្រមាណមួយឆ្នាំដោយសារផ្អាកការរៀបចំពិធីលក្ខណៈធំដុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោកបញ្ជាក់ថា ទន្ទឹមនឹងការងើបឡើងនៃកំណើនលក់ដូរឡើងវិញនេះ នឹងមិនធ្វើឱ្យ តម្លៃទំនិញគ្រប់ប្រភេទនៅលើទីផ្សារ ឡើងថ្លៃនោះទេ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ជួយជំរុញ និងបង្កើនការលក់ដូរទៅលើទំនិញ និងអ្នកដែលមានមុខរបរពាក់ព័ន្ធជាមួយហ្នឹងមង្គលការដូចជាភ្នួង មានចុងភៅ សិល្បករ តន្រ្តីករ ឬអ្នកធ្វើការងារក្នុងវិស័យមង្គលការ ផ្នែកសេវាកម្មទទួលភ្ញៀវជាដើម គាត់មានការងារធ្វើ ហើយលក់ទំនិញវាដាច់តៗគ្នា អីចឹងមិនមានការប៉ះពាល់ទៅលើការឡើងថ្លៃនៃទំនិញនៅក្នុងទីផ្សារគ្រប់ប្រភេទឡើយ»

ជាមួយគ្នានេះលោកបន្តថា ក្នុងមួយឆ្នាំៗ អ្នករៀបចំរៀបចំអាពាហ៍ពិពាហ៍ មានជាច្រើនរយគូ ដែលសកម្មភាពនេះ ក៏ ជួយជំរុញនូវកំណើនសេដ្ឋកិច្ចផងដែរ ។

លោកបណ្ឌិត ហុង វណ្ណៈ ពន្យល់ថា «បើយើងពិនិត្យមើលទិដ្ឋភាពសេដ្ឋកិច្ចវិញ ឃើញថានៅក្នុងរដូវការមួយឆ្នាំៗដែលមាននៅក្នុងប្រទេសកម្ពុជាយើងឃើញថា គឺជាសកម្មភាពសេដ្ឋកិច្ចមួយយ៉ាងខ្លាំងដែលជំរុញចរន្តបន្តគ្នា ពីសេដ្ឋកិច្ចមួយទៅសេដ្ឋកិច្ចមួយ ព្រោះយើងដឹងហើយមង្គលការនីមួយៗត្រូវការនិតិវិធីច្រើន តាំងពីភ្លេងការ រោង តាំងពីតន្រ្តី ការអញ្ជើញបោះធៀបការ ការចំណាយទិញគ្រឿងអល្លង្ការ ហើយមួយទៀតកម្មវិធីហូបចុក អីចឹងយើងមើលឃើញការចំណាយសកម្មភាពទាំងអស់ដែលខ្ញុំបានរៀបរាប់មិញនេះ គឺជាចំណាយដ៏ធំ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចច្រើន ព្រោះតម្រូវការមានច្រើនតៗគ្នា»

កាលពីថ្ងៃទី១២ វិច្ចិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញការណែនាំជាថ្មី ដោយអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ដែលអាចអញ្ជើញភ្ញៀវចូលរួមរហូតដល់ខ្ទង់ពាន់នាក់ តែត្រូវផ្អែកលើទីតាំង ជាពិសេសគោលការរកម្សាគម្លាតសុវត្ថិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការបើកទូលាយនៃការរៀបចំពិធីមង្គលការ គឺជាអំណរសាទរសម្រាប់ម្ចាស់គូស្នេហ៍ទាំងឡាយ ហើយក៏ជាអំណរសាទរសម្រាប់អ្នកផ្តល់សេវាសម្រាប់ពិធីអាពាហ៍ពិពាហ៍ ដូចជាអ្នកភ្លេង អាចារ្យការ និងអ្នកចម្រៀងជាដើម។

អ្នកស្រី សន ស្រីនោ ម្ចាស់ចុងភៅ ស្រីនោ មង្គល បានសម្តែងការសាទរដែលប្រមុខរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ ក្នុងលក្ខណៈធំ ដែលគ្រួសារអ្នកស្រីអាចរកចំណូលបានវិញ ដោយសារតែមុខរបរនេះគឺប្រភពចំណូលធំសម្រាប់គ្រួសារ បន្ទាប់ពីបាត់ចំណូលអស់ជាងមួយឆ្នាំព្រោះគេផ្អាករៀបចំមង្គលការ។

អ្នកស្រីបន្តថា «ឥលូវនេះ គេបើកឡើងវិញនេះ គេមកជួល គេមកកក់ច្រើន ដោយសារគេរៀបចំពិធីមង្គលការឡើងវិញច្រើន មានចាប់ផ្តើមតាំងពីខែ១២ រហូត ដល់ខែ៥គឺមួយថ្ងៃបាន២ ទៅ៣រោងជាប់រហូតដែរ ដោយសារពីមុនគេផ្អាកច្រើនរោង គេរៀបចំឡើងវិញអ្នកដែលធ្លាប់កក់យើងពីមុន ផ្តាច់យើងពីមុនអី គឺគេមកជួលយើងវិញហើយ»។

អ្នកស្រីបន្តថា ក្នុងពេលបើកឡើងវិញនេះ តម្លៃ បន្លែ ត្រី សាច់ បានកើនឡើងតិចតួច ប៉ុន្តែមិនមានសន្ទុះកើនឡើងខ្លាំង ដែលធ្វើឱ្យបាត់ចំណេញនោះទេ៕