(ភ្នំពេញ)៖ សហគ្រាសផលិតឱសថ ប៉េប៉េអឹម ដែលជាសហគ្រាសផលិតឱសថមុនគេនៅកម្ពុជាក្នុងមួយឆ្នាំៗ មានលទ្ធភាពក្នុងការផលិត និងនាំចេញឱសថទៅទីផ្សារក្រៅប្រទេសមានតម្លៃរាប់លានដុល្លារ និងផ្គត់ផ្គត់ទីផ្សារក្នុងស្រុកបានក្នុង ដែលធ្វើឲ្យសហគ្រាសមួយនេះ នាំមកនូវឯករាជ្យផ្នែកសុខុមាលភាព សម្រាប់ប្រទេសកម្ពុជា។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកសហគ្រាសផលិតឱសថប៉េប៉េអឹម បានឱ្យដឹងថា ផលិតផលឱសថដែលបាននាំចេញប្រមាណជិតពាក់កណ្តាល គឺបាននាំចេញទៅកាន់ប្រទេសចំនួន១៥ រួមមានប្រទេសជិតខាង និងទៅកាន់បណ្តាប្រទេសនានានៅទ្វីបអាហ្រ្វិក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។

លោកបន្តថា អស់រយៈពេល២៥ឆ្នាំហើយ ដែលសហគ្រាសខ្មែរមួយនេះអាចឈរជើង និងមានកេរ្តិ៍ឈ្មោះល្បីទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ហើយតាមរយៈការនាំចេញឱសថនេះសហគ្រាសប៉េប៉េអឹម ក៏បានចូលរួមចំណែកផ្តល់ឯករាជភាពផ្នែកឱសថកម្ពុជាផងដែរ។

លោកបន្តថា «មិនមែនថាយើងគ្រាន់តែមានលទ្ធភាពផ្តល់នូវឱសថសម្រាប់ប្រទេសយើង ឬក៏ចំណីអាហារសម្រាប់ប្រទេសយើងទេ យើងនាំចេញទៅប្រទេសជិតខាងទៀត អីចឹងយើងចាកចេញពីស្ថានភាពស្លាប់ដោយអត់បាយ អត់ថ្នាំ មកភាពសម្បូរសប្បាយ ហើយទៅប្រកួតប្រជែងជាមួយប្រទេសគេ នៅក្រៅប្រទេសទៀត គ្រប់វិស័យទាំងអស់យើងកំពុងពង្រឹងនូវឯករាជភាពរបស់យើង»

ទោះបីជាកម្ពុជាប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ពិតមែន តែសហគ្រាសផលិតឱសថប៉េប៉េអឹម នៅតែបន្តផ្គត់ផ្គង់ឱសថសម្រាប់ពលរដ្ឋខ្មែរជាធម្មតា ព្រមជាមួយនឹងតម្លៃថេរ ព្រោះឱសថជាផលិតផលចាំបាច់ សម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលនេះជាការបង្ហាញថា កម្ពុជាមានឯករាជ្យផ្នែកសុខុមាលភាព។មកទល់បច្ចុប្បន្ននេះ សហគ្រាសផលិតឱសថប៉េប៉េអឹម មានផលិតផលប្រមាណ២០០មុខ ខណៈផលិតផលសម្រាប់នាំចេញមានចំនួន៥០មុខ។

សូមជម្រាប សហគ្រាសផលិតឱសថប៉េប៉េអឹម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដែលជានិមិត្តរូបនៃការរស់ឡើងវិញនៃឧស្សាហកម្មឱសថជាតិ ដែលត្រូវបានបំផ្លិចបំផ្លាញខ្ទេចគ្មានសល់ ក្រោយសង្រ្គាមស៊ីវិល និងរបបប្រល័យពូជសាសន៍ប៉ុលពត។

ដើម្បីជានិមិត្តរូបនៃការរស់ឡើងវិញ នូវវិស័យឧស្សហកម្មឱសថ សហគ្រាសផលិតឱសថប៉េប៉េអឹម ចាប់ផ្តើមផលិតថ្នាំបំបាត់ការចុកចាប់គីណាល់ និងដាក់លក់ផលិតផលឱសថរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក ព្រោះគីណាល់ គឺជាឱសថដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ និងផលិតនៅប្រទេសកម្ពុជាកាលពីឆ្នាំ១៩៦០ ពោលគឺប្រាំឆ្នាំមុនឱសថរបស់បារាំងដែលមានប្រភេទដូចគ្នា។ ថ្នាំគីណាល់ត្រូវបានដាក់ឲ្យចរាចរជាផ្លូវការឡើងវិញ នៅកម្ពុជាក្រោមព្រះរាជអធិបតីភាព ព្រះករុណាព្រះបាទនរោត្តម ស៊ីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជានាសម័យនោះ។

មុននឹងមានវត្តមានសហគ្រាសផលិតឱសថប៉េប៉េអឹម នៅលើទីផ្សារកម្ពុជា គេឃើញមានតែថ្នាំនាំចូលប៉ុណ្ណោះ ដែលជាញឹកញាប់មានតម្លៃខ្ពស់កប់ពពក សម្រាប់ប្រជាពលរដ្ឋខ្មែរភាគច្រើន ឬបើមិនអ៊ីចឹងទេ គឺមានតែថ្នាំក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។ ដូច្នេះកម្ពុជាត្រូវតែស្វែងរកឯករាជភាព ផ្នែកសុខភាពសាធារណៈ ដើម្បីធ្វើយ៉ាងណាឲ្យថ្នាំ ដែលផលិតដោយគោរពតាមស្តង់ដារអន្តរជាតិ មានតម្លៃសមរម្យអាចទទួលយកបាន៕