(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីកំពុងព្យាយាមពង្រឹងខ្លួនឯង ឱ្យក្លាយជាតួអង្គដ៏សំខាន់មួយសម្រាប់អាជីវកម្ម ពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ ខណៈដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុនានានៅជុំវិញពិភពលោក ប្រឹងប្រែងស្វែងរកវិធីសាស្រ្តនានាដើម្បីដោះស្រាយជាមួយវិស័យហិរញ្ញវត្ ថុដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg។
ទីភ្នាក់ងារ Bloomberg បានរាយការណ័ដោយដកស្រង់សំដីលោក Ravi Menon នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលជានិយតករធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុរបស់សិង្ហបុរីថា៖ «យើងគិតថា វិធីសាស្រ្តប្រសើរបំផុតមិនមែនដើម្បីទប់ស្កាត់ ឬហាមឃាត់អ្វីទាំងនេះទេ»។
លោក Menon ថ្លែងទៀតថា ជំនួសមកវិញ អាជ្ញាធរ MAS កំពុងដាក់ឱ្យអនុវត្ត “បទប្បញ្ញត្តិដ៏ខ្លាំងមួយ” ដូច្នេះ ក្រុមហ៊ុនដែលឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវរបស់ MAS និងដោះស្រាយបានហានិភ័យធំៗបាន អាចប្រតិបត្តិការបាន។
ប្រទេសផ្សេងទៀតចាត់វិធានការខុសគ្នាចំពោះរូបិយប័ណ្ណគ្រីបតូ។ ចិនបានបង្ក្រាបសកម្មភាពដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជប៉ុនត្រឹមតែអនុញ្ញាតឱ្យមានមូលនិធិវិនិយោគគ្រីបតូប៉ុណ្ណោះ ខណៈដែលប្រទេសអែលសាល់វ៉ាឌ័រចាត់ទុករូបិយប័ណ្ណ Bitcoin ថាជារូបិយប័ណ្ណស្របច្បាប់។ នៅសហរដ្ឋអាមេរិកវិញ បើទោះជាមានជម្រើសច្រើន សម្រាប់ការវិនិយោគលើប្រភេទទ្រព្យសកម្មដែលរីកចម្រើនឆាប់រហ័សក្តី ក៏និយ័តករនៅតែមានក្តីបារម្ភចំពោះរូបិយប័ណ្ណឌីធីថលនេះ។
លោក Menon ដែលបម្រើការងារនៅអាជ្ញាធរ MAS អស់រយៈពេលប្រហែល ១០ឆ្នាំមកហើយនោះ បានបន្តថា៖ «ជាមួយនឹងសកម្មភាពផ្អែកលើគ្រីបតូ វាជាការវិនិយោគលើអនាគត ដែលមិនមានភាពច្បាស់លាស់នៅពេលនេះ។ ប៉ុន្តែបើមិនលេងហ្គេមនេះទេ ខ្ញុំគិតថា សិង្ហបុរីប្រឈមនឹងការដែលត្រូវបានគេទុកចោល។ ការចូលលេងហ្គេមមុនគេ មានន័យថា យើងអាចចាប់ផ្តើមបានមុនគេ ហើយយល់ដឹងប្រសើរជាងគេអំពីអត្ថប្រយោជន៍សក្តានុពលរបស់វា ព្រមទាំងហានិភ័យរបស់វាផងដែរ»។
ហានិភ័យមានកម្រិតខ្ពស់សម្រាប់ប្រទេសដែនកោះមួយនេះ ដែលទទួលបានឈ្មោះថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោករួចហើយនោះ តែលោក Menon បានបន្តថា សិង្ហបុរីអាចបង្កើនការការពាររបស់ខ្លួនប្រឆាំងនឹងហានិភ័យនានា រួមទាំងលំហូរខុសច្បាប់ផងដែរ។
ដោយសំដៅដល់សេវាអនឡាញជំនាន់ទី៣ លោកថ្លែងថា បុរីរដ្ឋមួយនេះ «ចាប់អារម្មណ៍លើការអភិវឌ្ឍបច្ចេកវិទ្យាគ្រីបតូ ការស្វែងយល់ពី Blockchain កិច្ចសន្យាឆ្លាតវៃ និងការរៀបចំខ្លួនឯងសម្រាប់ពិភព Web 3.0»។
សិង្ហបុរីមិនមែនជាប្រទេសតែមួយ ដែលមានមហិច្ឆិតាលើរូបិយប័ណ្ណគ្រីបតូនេះ។ ទីក្រុងមៃអាមី ប្រទេសអែលសាល់វ៉ាឌ័រ ប្រទេសម៉ាល់តា ទីក្រុង Zug នៃប្រទេសស្វីស ក៏កំពុងប្រឹងប្រែងឱបក្រសោបរូបិយប័ណ្ណឌីជីថលនេះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg៕