(ភ្នំពេញ)៖ លោក លឹម អូន អគ្គនាយកសហគ្រាសធុនតូច និងមធ្យម (SME Bank) បានបង្ហាញអំពីចំណុចសំខាន់ៗចំនួន៥ ដែលធនាគារត្រូវពិនិត្យលម្អិត មុននឹងផ្ដល់ឥណទាដល់អតិថិជន។ ចំណុចទាំង៥នេះជាចំណុចសំខាន់ ដែលធនាគារស្ទើរទាំងអស់ បានអនុវត្តន៍មុនពេលផ្ដល់កម្ចី ទៅកាន់អតិថិជន។
លោក លឹម អូន បានឲ្យដឹងថា ជាទូទៅធនាគារទាំងអស់ តែងតែអនុវត្តគោលការណ៍នៃការវាយតម្លៃឥណទានដូចៗគ្នាដោយមាន ៥ចំណុចសំខាន់ៗរួមមាន៖
១៖ អត្តចរិករបស់អតិថិជន (អ្នកខ្ចី)៖ សំដៅលើប្រវត្តិនៃការផ្ដល់ឥណទានរបស់អតិថិជន ផ្ដោតសំខាន់ថា តើអតិថិជនធ្លាប់ខ្ចីពីមុនមក ឬទេ? តើការសងត្រឡប់របស់អតិថិជនដូចម្ដេចដែរ?
២៖ លទ្ធភាពនៃការសងត្រឡប់របស់អតិថិជន៖ សំដៅលើថា តើអតិជនមានបំណុលប៉ុន្មាន ធៀបនឹងប្រាក់ចំណូលសមស្របគ្នា ឬទេ? ទាំងនេះ ដើម្បីបញ្ចៀសបំណុលវណ្ឌករបស់អតិថិជន។
៣៖ ទុនដែលអតិថិជនមានសម្រាប់អាជីវកម្ម៖ មានន័យថា ធម្មតាធនាគារមិនផ្ដល់កម្ចី ១០០ភាគរយ ដល់អតិថិជនដើម្បីចាប់ផ្ដើម ឬពង្រីកអាជីវកម្មទេ តាមគោលការណ៍ធនាគារនីមួយៗ តម្រូវឲ្យមានទុន១០ភាគរយ, ២០ភាគរយ ឬ៣០ភាគរយជាមុនសិន។
៤៖ លក្ខខណ្ឌឥណទាន៖ សំដៅថា តើឥណទានទាំងនេះត្រូវគិតរយៈពេលប៉ុន្មាន ដើម្បីឲ្យសមស្រប។
៥៖ វត្ថុបញ្ចាំ៖ ជាធម្មតាធនាគារ តែងតែត្រូវការទ្រព្យបញ្ចាំ ពីអតិថិជន។
លោកបានបន្ដថា ក្នុងចំណោមចំណុចទាំង៥នេះ ចំណុចទី៥ ជាចំណុចសំខាន់ ព្រោះថា ជាធម្មតាធនាគារតែងតែត្រូវការទ្រព្យបញ្ចាំពីអតិថិន ប៉ុន្ដែមានអតិថិជនមួយចំនួនមានលទ្ធភាពសងត្រឡប់ ប៉ុន្ដែមិនមានទ្រព្យបញ្ចាំ ដើម្បីដាក់ខ្ចីប្រាក់ពីធនាគារនោះឡើយ ហេតុដូច្នេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីដោះស្រាយបញ្ហានៃទ្រព្យបញ្ចាំនេះឯង ដូច្នេះបងប្អូនដែលប្រកបអាជីវកម្ម ប៉ុន្ដែមិនមានទ្រព្យបញ្ចាំ ក្នុងការខ្ចីឥណទាន អាចប្រើប្រាស់សេវាសាជីវកម្មឥណទានកម្ពុជាបាន។
បន្ថែមពីចំណុចសំខាន់ៗទាំង៥ ក្នុងការទទួលបានឥណទាននេះ លោក លឹម អូន បានចែករំលែកការងារសំខាន់ៗ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងធនាគារ SME កំពុងធ្វើ និងបន្ដធ្វើបន្ទាប់ពីទទួលរងផលប៉ះពាល់ ដោយសារតែវិបត្តិកូវីដ១៩នេះ។
លោកលើកឡើងថា ជាការពិតគ្រប់ផ្នែកទាំងអស់មិនថា ធនាគារ ឬ SME គឺទទួលផលប៉ះពាល់ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានអំពាវនាវសំណូមពរ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បន្ដការផ្ដល់ឥណទានធម្មតា។
លោកបានបន្ដថា ជាក់ស្ដែងក្នុងអំឡុងពេល៩ខែ ឆ្នាំ២០២១ ក្នុងពេលមានវិបត្តិកូវីដ១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ បានផ្ដល់កម្ចីដល់អតិថិជនមានរហូតដល់៥ពាន់លានដុល្លារ ព្រមទាំងរៀបចំឥណទានឡើងវិញ រហូតដល់៧ពាន់លានដុល្លារ ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រឈមបញ្ហា ក្នុងការសងត្រឡប់មកវិញជាដើម៕