(រ៉ូម)៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបញ្ចប់ជម្លោះនឹងគ្នាជុំវិញបញ្ហាពន្ធលើដែកថែបនិងអាលុយមីញ៉ូម ហើយភាគីទាំងពីរបានឱ្យដឹងថា ពួកគេនឹងធ្វើការងារលើការរៀបចំលំដាប់ពិភពលោកមួយឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងផលិតកម្ម «កខ្វក់» និងការផលិតលើសតម្រូវការនៅក្នុងឧស្សាហកម្មនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការរបៀបចំដែលគ្រោងនឹងធ្វើឡើងដោយសហភាពអឺរ៉ុបនិងអាមេរិកនេះ នឹងជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសចិន ដែលផលិតដែកថែបជាងពាក់កណ្តាលនៃទិន្នផលដែករបស់ពិភពលោក ដែលអឺរ៉ុបនិងអាមេរិកចោទប្រកាន់ថាបានផលិតលើសតម្រូវការដែលកំពុងគំរាមកំហែងដល់ការរស់រាននៃឧស្សាហកម្មផ្ទាល់របស់ប្រទេសទាំងពីរនេះ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រាប់ក្រុមអ្នកយកព័តម៌មានៅទីក្រុងរ៉ូមនៅក្នុងព្រឹត្តិការណ៍រួមគ្នាជាមួយប្រធានគណៈកម្មាការអឺរ៉ុបគឺលោកស្រី Ursula von der Leyen នៅក្រៅជំនួបកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G20 ថា៖ «សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឈានដល់ការព្រមព្រៀងគ្នាដ៏ធំមួយដែលនឹងដោះស្រាយការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ ខណៈដែលក៏ការពារការងាររបស់អាមេរិក និងឧស្សាហកម្មអាមេរិក»។
រ៉យទ័របានរាយការណ៍ទៀតថា ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងអនុញ្ញាតឱ្យប្រទេសដែលជាសមាជិករបស់សហភាពអឺរ៉ុបនាំចេញដែកនិងអាលុយមីញ៉ូមដោយរួចពន្ធទៅកាន់សហរដ្ឋអាមេរិកក្នុងបរិមាណមួយដែលបាននាំចេញមុនពេលមានការដកហូតពន្ធដោយរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨។
ជាការតបស្នងវិញ សហភាពអឺរ៉ុបនឹងលុបចោលពន្ធសងសឹកលើផលិតផលមួយចំនួនរបស់អាមេរិក រួមទាំងពន្ធលើស្រាវីស្គី ទូក និងម៉ូតូម៉ាក Harley-Davidson។
ក្រៅពីនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏មានផែនការដោះស្រាយការគំរាមកំហែងការប្រែប្រួលអាកាសធាតុ និងការផលិតលើសតម្រូវការនៅក្នុងឧស្សាហកម្មដែកផងដែរ ដែលជាឧស្សាហកម្មមួយបញ្ចេញឧស្ម័នកាបូនិកច្រើនបំផុតមួយនៅក្នុងពិភពលោក។
សេតវិមានឱ្យដឹងថា អាមេរិកនិងសហភាពអឺរ៉ុបនឹងធ្វើការរួមគ្នាដើម្បីរឹតបន្តឹងមិនឱ្យដែកកខ្វក់ចូលក្នុងទីផ្សាររបស់ប្រទេសទាំងនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក បៃដិន បាននិយាយយ៉ាងច្បាស់ថា ការរៀបចំធ្វើការងារជាមួយសហភាពអឺរ៉ុបនេះនឹងជយយ «រឹតបន្តឹងការចូលមកកាន់ទីផ្សាររបស់យើងសម្រាប់ដែកកខ្វក់មកពីប្រទេសនានាដូចជា ប្រទេសចិនជាដើម»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕