(ហុងកុង)៖ ប្រទេសចិននៅថ្ងៃនេះបានដាក់ពាក្យចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលពិភពលោកហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល (DEPA) បើទោះជាការរឹតបន្តឹងលំហូរទិន្នន័យឆ្លងព្រំដែនបានចោទជាសំណួរអំពីគោលបំណងរបស់ប្រទេសមហាអំណាចមួយនេះក្តី។ នេះបើយោងតាមកាសែត Nikkei Asia។

ការដាក់ពាក្យចូលរួមក្នុងកិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ការប្រកាសរបស់លោកប្រធានាធិបតីចិន Xi Jinping អំពីបំណងទីក្រុងប៉េកាំងចូលរួមក្នុងកិច្ចព្រមព្រៀង DEPA ដែលការថ្លែងនេះធ្វើឡើងមួយថ្ងៃមុនជំនួបប្រជុំកំពូលរបស់ក្រុមប្រទេស G20 នៅទីក្រុងរ៉ូម។

ថ្មីៗនេះ ប្រទេសចិនក៏បានដាក់ពាក្យសុំចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ( CPTPP) ផងដែរ។

កាសែត Nikkei Asia បានរាយការណ៍ថា ប្រទេសសិង្ហបុរី ណូវែលសេឡង់ និងស៊ីលីក៏បានដាក់ពាក្យសុំចូលរួមក្នុងកិច្ចព្រមព្រៀង DEPA និង CPTPP ផងដែរ។ កិច្ចព្រមព្រៀង DEPA ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន បានទាក់ទាញចំណាប់អារម្មណ៍ប្រទេសកូរ៉េខាងត្បូង និងកាណាដាផងដែរ បើទោះជាប្រទេសទាំងពីរមិនទាន់ដាក់ពាក្យសុំចូលរួមជាផ្លូវការក្តី។

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ការដាក់ពាក្យសុំចូលរួមរបស់ទីក្រុងប៉េកាំងនឹង «ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាជិកនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលនេះ»។

លោក Shi Yinhong ទីប្រឹក្សាក្រុមប្រឹក្សារដ្ឋចិត្ត និងជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យា Renmin University ក្នុងទីក្រុងប៉េកាំងបានថ្លែងប្រាប់កាសែត Nikkei Asia ថា វាឆាប់រហ័សពេកក្នុងការនិយាយថា ចិននឹងក្លាយជាសមាជិករបស់កិច្ចព្រមព្រៀង DEPA នេះ។

លោក Shi មានប្រសាសន៍ថា៖ «លំហូរព័ត៌មានដោយសេរីត្រូវការជាចាំបាច់ ប្រសិនបើប្រទេសចិនចង់ចូលរួមក្នុងប្លុកនេះ ប៉ុន្តែប្រទេសនានាដូចជាណូវែលសេឡង់ អាចមានលក្ខខណ្ឌតម្រូវតឹងរឹងសម្រាប់ប្រទេសចិនក្នុងការចូលទៅកាន់ប្រទេសនេះ ហើយដំណើរការចរចានឹងមានការលំបាក»។

លោកថ្លែងថា៖ «ឥរិយាបថរបស់ចិននឹងត្រូវបានធ្វើតេស្តនៅក្នុងដំណើរការបន្ទាប់។ ប្រសិនបើចិនបរាជ័យក្នុងការបញ្ចូលទៅជាសមាជិក នោះមានន័យថា ពាក្យស្នើសុំរបស់ចិនមិនច្បាស់លាស់ទេ»