(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១តទៅ រោងភាពយន្តនានានឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអាជីវកម្មអស់រយៈពេលជិតមួយឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ អ្នកវិនិយោគអាជីវកម្មនេះលើកឡើងថា ការអនុញ្ញាតឱ្យបើកដំណើរការរោងភាពយន្តឡើងវិញ ប្រៀបដូចជាការសង្រ្គោះអាជីវកម្មភាពយន្ត ក៏ដូចជាផលិតករកុន ខណៈដែលពួកគេបាត់ចំណូលទាំងស្រុងជិតមួយឆ្នាំ។
លោក ជី សិលា អគ្គនាយករោងភាពយន្ដ Major Cineplex បានប្រាប់បណ្តាញព័ត៌មានFresh News នៅថ្ងៃទី២៩ ខែតុលានេះថា ការសម្រេចឱ្យបើកដំណើរការ រោងភាពយន្តឡើងវិញនេះ នឹងជួយឱ្យវិស័យភាពយន្ត ក៏ដូចជាអ្នកផលិតភាពយន្តនៅកម្ពុជា មានឱកាសរកប្រាក់ចំណូលឡើងវិញ ដើម្បីរ៉ាប់រងទៅលើការចំណាយប្រាក់ខែបុគ្គលិក និងការជួលទីតាំង។
លោកបន្តថា «ខាតចំណេញយើងអត់ទាន់គិតទេ សំខាន់ឱ្យតែបានបើករោងកុនសិន វាជាជំហានមួយធំសម្រាប់យើង យ៉ាងហោចណាស់ យើងអាចមានប្រាក់ចំណូលខ្លះ ដើម្បីផ្តល់ប្រាក់ខែបុគ្គលិក ហើយមួយទៀតយើងក៏អាចមានលិទ្ធភាពបង់ថ្លៃឈ្នួល ទៅដល់ម្ចាស់ទីតាំងនៅផ្សារទំនើប ក៏ដូចជាទីតាំងមួយចំនួនទៀត ដែលយើងជួលសង់ខ្លួនឯង»។
លោកលើកឡើងទៀតថា អស់រយៈពេល៨ខែហើយ ដែលរោងកុនបានផ្អាកដំណើរការ ដែលធ្វើឱ្យអាជីវកម្មក្នុងវិស័យនេះ ជួបឧបសគ្គយ៉ាងខ្លាំង ខណៈដែលលោកត្រូវបង្ខំចិត្តទុកបុគ្គលិកឱ្យនៅបម្រើការដដែល និងបន្តផ្តល់នូវប្រាក់បៀវត្សពី៥០% ទៅ៦០% ដល់បុគ្គលិកជាច្រើនរយនាក់។
សម្រាប់ការបើកដំណើរការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លោកបានត្រៀមរួចរាល់ហើយ ប៉ុន្តែមិនទាន់បើកដំណើរការពេញទាំងអស់នោះទេ ដើម្បីគ្រប់គ្រងស្ថានការណ៍បានល្អ។ ក្នុងការបើកដំណើការឡើងវិញនេះ រោងភាពយន្តលោកនឹងអនុវត្តនូវស្តង់សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងរក្សាចំនួនមនុស្សចូលមើល៥០%។
«ការខាតបង់វាពិបាកនឹងទប់មែនទែន ដោយសារវាធំធេង ដោយសារថាការចំណាយមានរឿងច្រើនយ៉ាង រឿងពន្ធអត់មានបន្ទុកទេ រឿងមួយគឺការជួល ទោះបីជាគេមិនគិតយើង១០០%ក៏ដោយ ក៏វាជាបន្ទុកមួយដ៏ធំដោយសារយើងអត់មានប្រាក់ចំណូលសោះ ហើយរឿងមួយដែលធំជាងនេះទៀត គឺប្រាក់ខែបុគ្គលិក ទោះជា៥០% ៦០%មែន ប៉ុន្តែនៅតែច្រើនសម្រាប់យើង យើងឱ្យប្រាក់ដល់បុគ្គលិកហើយ យើងត្រូវបង់ពន្ធជូនរដ្ឋលើពន្ធប្រាក់ខែទៀត»។ លោក ជី សិលា បញ្ជាក់បន្ថែម។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានសម្រចឱ្យបើកដំណើការឡើងវិញ នៅការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែតុលា។ ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនេះ ដោយផ្អែកលើ មូលដ្ឋាននៃការគ្រប់ដណ្តប់ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលរហូតមកដល់ពេលនេះសម្រេចបានរហូតជាង៨០% លើចំនួនប្រជាជនសរុប ១៦លាន និងការវិវត្តន៍កាន់តែប្រសើរឡើង នៃស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា។ ប៉ុន្តែគ្រប់រោងភាពយន្តទាំងអស់អនុញ្ញាត ឱ្យទស្សនិកជនចូលបានតែ៥០% នៃចំនួនកៅអីសរុបតែប៉ុណ្ណោះ នៅក្នុងរោងបញ្ចាំង និងត្រូវកាត់បន្ថយម៉ោងបញ្ចាំង ដើម្បីទុកចន្លោះយ៉ាងតិច៣០នាទីសម្រាប់ធ្វើការសម្អាតរោងបញ្ចាំងមុននឹងចាក់បញ្ចាំងភាពយន្ត
ក្រសួងវប្បធម៌បានបញ្ជាក់ថា ក្នុងការបើកដំណើរការឡើងវិញនេះ រោងភាពយន្តទាំងអស់ ត្រូវរក្សាគម្លាតរវាងទស្សនិកជន ពីម្នាក់ទៅម្នាក់ទៀតយ៉ាងតិចចន្លោះ១ម៉ែត្រកន្លះ និងត្រូវពិនិត្យ និងស្នើឱ្យទស្សនិកជនគ្រប់រូប ដែលមករោងភាពយន្ត ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ឬស្កែន QR Code ព្រមទាំងលើកទឹកចិត្តឱ្យទស្សនិកជនទិញសំបុត្រតាមអនឡាញ ឬតាមអ៊ែបរបស់រោងភាពយន្ត ដើម្បីកាត់បន្ថយការលក់សំបុត្រ ដោយផ្ទាល់នៅហ្នឹងកន្លែង និងរកវិធានការបង់ប្រាក់តាមមធ្យោបាយផ្សេងៗ ចៀសវាងការបង់ដោយផ្ទា ល់ដៃតាមដែលអាចធ្វើទៅបាន៕