(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា រៀបចំសិក្ខាសាលា ដើម្បីដើម្បីផ្សព្វផ្សាយបន្ថែមអំពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ(Double Taxation Agreement-DTA ) កម្ពុជា-ម៉ាសឡេស៊ី ជូនក្រុមហ៊ុនម៉ាឡេស៊ីដែលបាននិងកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នានាក្រោមDTA ក៏ដូចជានីតិវិធីដើម្បីទទួលបានអត្ថបទប្រយោជន៍ទាំងនោះ។
សិក្ខាសាលានេះបានរៀបចំឡើង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី លោក គង់ វិបុស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Eldeen Hussaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា មន្រ្តីជំនាញ និងតំណាងសហគ្រាដែលជាសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងតំណាងសហគ្រាសផ្សេងទៀតប្រមាណ៥០០នាក់។
លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ទោះបីជាកម្ពុជាស្ថិតក្នុងស្ថានភាពនៃការរីករាលនៃជំងឺកូវីដ១៩ និងបានផ្តល់អត្ថប្រយោជន៍ក្រោមDTA ក៏ដោយ ក៏កម្ពុជានៅតែរក្សាបាននូវកំណើនក្នុងការប្រមូលពន្ធតាមរយៈការហូរចូលបន្ថែមនៃវិនិយោគបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធប្រកាសពន្ធតាមអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាពិសេសបច្ចុប្បន្នអ្នកស្នើសុំអត្ថប្រយោជន៍ក្រោមDTA ក៏អាចដាក់ពាក្យស្នើសុំអត្ថប្រយោជន៍នេះតាមអនឡាញបានផងដែរ។
សូមជម្រាបថា ឆ្នាំ២០២១នេះ ជាឆ្នាំដំបូងដែលកិច្ចព្រមព្រៀង DTA កម្ពុជា-ម៉ាឡេស៊ី មានប្រសិទ្ធភាពសម្រាប់អវត្ត ក្រោយបានចុះហត្ថលេខាកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩៕