(បាងកក)៖ ប្រតិបត្តិករទេសចរណ៍នៅក្នុងប្រទេសថៃ បានអំពាវនាវឱ្យមានការធ្វើបដិការ (តបស្នង) ចំពោះគម្រោងបើកប្រទេសឡើងវិញរបស់ប្រទេសថៃ ដោយជំរុញឱ្យរដ្ឋាភិបាលថៃបង្កើតភាពជាដៃគូធ្វើដំណើរ (travel bubbles) ជាមួយប្រទេសផ្សេងទៀត ដើម្បីលុបចោលការធ្វើចត្តាឡីស័កទាំងស្រុងសម្រាប់ភាគីទាំងពីរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Suthiphong Pheunphiphop ប្រធានសមាគមភ្នាក់ងារធ្វើដំណើរថៃ (TTAA) បានឱ្យដឹងថា គម្រោងបើកប្រទេសឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ដោយគ្មានការធ្វើចត្តាឡីស័ក និងការរឹតបន្តឹងតំបន់សម្រាប់ប្រទេសចំនួន ៤៦ ក៏នឹងអាចឱ្យភ្ញៀវទេសចរថៃធ្វើដំណើរទៅកាន់ប្រទេសទាំងនោះផងដែរ ហើយមិនបាច់ធ្វើចត្តាឡីស័កនៅពេលវិលត្រលប់មកប្រទេសថៃវិញ។
លោកថ្លែងថា ប្រតិបត្តិករបម្រើសេវាទេសចរណ៍ក្រៅប្រទេសមានភាពអន្ទះសារចង់លក់កញ្ចប់ទេសចរណ៍ក្រៅប្រទេស ខណៈដែលសមាគមបានរៀបចំកិច្ចប្រជុំអនឡាញជាមួយស្ថាប័នទេសចរណ៍ជាតិនានា ដើម្បីរិះរកសក្តានុពលធ្វើដំណើរក្រៅបរទេស។
លោកប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «យើងមានការពិភាក្សាគ្នាជាមួយស្ថាប័នទេសចរណ៍ជាតិ ៦ ទៅ ៧ស្ថាប័ន និងស្ថានទូតនានាក្នុងមួយសប្តាហ៍ ដូចជាស្ថានទូតជប៉ុន ឥណ្ឌា ម៉ាល់ឌីល និងស្រីលង្កា អំពីបទប្បញ្ញត្តិធ្វើដំណើរ ខណៈដែលពួកគេចង់ឱ្យភ្ញៀវទេសចរថៃទៅទស្សនាប្រទេសពួកគេនៅក្នុងពេលអនាគតឆាប់ៗនេះ។ ប៉ុន្តែយើងមិនទាន់មានផែនការធ្វើទីផ្សារណាមួយនៅឡើយទេ ដោយសារដំណោះស្រាយជាក់ស្ដែងដើម្បីធ្វើឱ្យទេសចរណ៍អន្តរជាតិរស់ឡើងវិញគឺការចូលប្រទេសដោយគ្មានការធ្វើចត្តាឡីស័កសម្រាប់ភាគីទាំងពីរ មិនសម្រាប់តែក្នុងប្រទេសថៃទេ»។
លោក Suthiphong បានថ្លែងថា ដើម្បីទទួលបានលំហូរភ្ញៀទេសចរដែលមានសុខភាពល្អ រដ្ឋាភិបាលគួរបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូធ្វើដំណើរជាមួយប្រទេសដែលនៅក្នុងបញ្ជី ដើម្បីអនុវត្តបទបញ្ញាតិដូចគ្នាសម្រាប់អ្នកធ្វើដំណើរមកពីភាគីទាំងពីរ។
ទន្ទឹមនឹងនេះដែរ ភ្ញៀវទេសចរត្រូវតែទទួលយកលក្ខខណ្ឌបន្ថែមដើម្បីធ្វើដំណើរអន្តរជាតិឡើងវិញក្នុងអំឡុងពេលរាតត្បាតជំងឺនេះ ដូចជាលក្ខខណ្ឌតម្រូវឱ្យមានការធ្វើតេស្តរហ័ស និងតេស្ត PCR មុនពេលចាកចេញ ឬនៅពេលវិលត្រលប់មកវិញ។
លោកស្រី Nuntaporn Komonsittivate ប្រធានផ្នែកប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន Thai Lion Air (TLA) ថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាហោះហើរតម្លៃទាបភាគច្រើននៅតែត្រូវពិចារណាលើតម្រូវការជាក់ស្តែង បន្ទាប់ពីការបើកប្រទេសឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញជាលើកដំបូងក្នុងរយៈពេលជិត ២ឆ្នាំ។
លោកស្រីថ្លែងថា ក្រុមហ៊ុន TLA កំពុងសម្លឹងមើលផ្លូវហោះហើរសិង្ហបុរីនៅខែវិច្ឆិកា ប៉ុន្តែវាក៏អាស្រ័យលើបទប្បញ្ញត្តិធ្វើដំណើររបស់សិង្ហបុរីផងដែរ ជាពិសេសការធ្វើចត្តាឡីស័ក ដែលអាចជាឧបសគ្គសម្រាប់អ្នកធ្វើដំណើរថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕