(ក្រុងឡុងដ៍)៖ ប្រេងឆៅធ្លាក់ថ្លៃពីរថ្ងៃជាប់គ្នា ខណៈដែលវិនិយោគិនរំពឹងថា ប្រទេសអ៊ីរ៉ង់អាចនឹងនាំចេញប្រេងរបស់ខ្លួនឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg។
កិច្ចសន្យាជួញដូរប្រេងឆៅប្រភេទ WTI សម្រាប់ចែកចាយនៅខែធ្នូ បានធ្លាក់ថ្លៃ ០,៥ភាគរយមកនៅត្រឹម ៨២,២៩ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ១០ព្រឹកម៉ោងនៅទីក្រុងឡុងដ៍ ខណៈដែលប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាដូចគ្នាបានធ្លាក់ថ្លៃ ០,៥ភាគរយមកនៅត្រឹម ៨៤,១៤ដុល្លារក្នុងមួយបារ៉ែល។
ទីភ្នាក់ងារ Bloomberg បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់និងសហភាពអឺរ៉ុបកាលពីម្សិលមិញបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមចរចាឡើងវិញអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយការបរិច្ឆេទចរចាជាក់លាក់នឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ។ នៅពេលបច្ចុប្បន្ននេះ ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ស្ថិតនៅក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិក ហើយការសម្រេចបានកិច្ចព្រមព្រៀងណាមួយជាចុងក្រោយអាចនាំឱ្យប្រេងឆៅរបស់អ៊ីរ៉ង់ត្រលប់មកកាន់ទីផ្សារវិញ។
ការធ្លាក់ថ្លៃនេះបានកើតមានឡើងបន្ទាប់ពីមានការកើនឡើងការទិញប្រេងឆៅស្តុកចំនួន ៤,២៧លានបារ៉ែលកាលពីសប្តាហ៍មុននៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋបាលព័តមានថាមពលអាមេរិក។
ប្រេងឆៅនៅតែស្ថិតនៅលើផ្លូវដើរឆ្ពោះទៅរកការឡើងថ្លៃជាថ្មី បន្ទាប់ពីកើនឡើងដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំគឺ ៨៥ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ។ ការឡើងថ្លៃប្រេងឆៅនេះកើតមានឡើងដោយសារការកើនតម្រូវការប្រេង ខណៈមានការកំណត់ផលិតកម្មដោយសារការរាតត្បាតជំងឺកូវីដ-១៩ និងក្នុងក្រាដែលមានវិបត្តិឧស្ម័ន។ ឱកាសនៃការវិលត្រលប់មកវិញរបស់ប្រេងឆៅអ៊ីរ៉ង់គឺកត្តាមួយដែលអាចជួយរំងាប់ទីផ្សារ បើទោះជាវាអាចត្រូវការពេលវេលាខ្លះក្តី៕