(ម៉ូស្គូ)៖ ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Stanislav Pozdnyakov បានលើកឡើងនៅថ្ងៃពុធនេះថា លោកមិនរំពឹងថា អត្តពលិកវ័យក្មេង ក្នុងក្រុមអត្តពលិកអូឡាំពិក នៃប្រទេសរបស់ខ្លួន នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល៣សប្តាហ៍នោះទេ ប្រសិនបើពួកគេមិនអាចចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បាន មុនពេលព្រឹត្តិការណ៍កីឡា Beijing Winter Games មកដល់, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។
ចិន, ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលចាត់វិធានការតឹងរឹងបំផុត នៅលើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នោះ, តម្រូវឲ្យអត្តពលិក និងក្រុមមន្ត្រី ត្រូវចាក់វ៉ាក់សាំង ដើម្បីជៀសវាងការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ មុនពេលព្រឹត្តិការណ៍ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២មកដល់។ ការលើកលែងមួយចំនួន សម្រាប់ហេតុផលវេជ្ជសាស្ត្រ អាចផ្តល់ឲ្យដោយពិនិត្យតាមករណី។
រុស្ស៊ី មិនទាន់អនុម័តវ៉ាក់សាំងរបស់ខ្លួននៅឡើយនោះទេ សម្រាប់ចាក់លើមនុស្សវ័យជំទង់, មានន័យថា សមាជិកក្រុមអត្តពលិកអូឡាំពិក ដែលមានអាយុក្រោម១៨ឆ្នាំ មិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយទេ។
«ដ៏រាបណា ក្រសួងសុខាភិបាល មិនទាន់អនុម័តវ៉ាក់សាំង សម្រាប់មនុស្សវ័យជំទង់, អត្តពលិក ដែលស្ថិតក្នុងវ័យជំទង់ មិនអាចចាក់វ៉ាក់សាំងបានទេ ដែលនេះជាហេតុផលសមស្រប», នេះបើតាមសម្តីលោក Stanislav Pozdnyakov បានប្រាប់អ្នកសារព័ត៌មាន។
លោក Pozdnyakov បន្ថែមថា មានការដឹងក្នុងចំណោមប្រធានអូឡាំពិកថា អត្តពលិកអាយុក្រោម១៨ឆ្នាំ នឹងមិនត្រូវបានគេបង្ខំ ឲ្យធ្វើចត្តាឡីស័ករយៈពេល៣សប្តាហ៍ នៅទីក្រុងប៉េកាំងនោះទេ។
លោក Pozdnyakov បានឲ្យដឹងដែរថា ប្រទេសខ្លួន គ្រោងបញ្ជូនអត្តពលិក២១៦នាក់ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប៉ុន្តែថា ការប្រកួតជម្រុះ បាននឹងកំពុងធ្វើឡើងនៅឡើយ៕