(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ និងទាំងរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតស្តាំ និងឆ្វេងចូលមកបង់ពន្ធរួចមកនោះ ការលួចនាំចូលរថយន្តចង្កូតស្តាំ តាមច្រករបៀងផ្សេងៗពីប្រទេសថៃ ចូលមកកម្ពុជា មិនមានទៀតឡើយ។
ការបញ្ជាក់របស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។
លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «មុននឹងមានគោលការណ៍ និងបើកយុទ្ធនាការនេះតម្រូវឲ្យបង់ពន្ធ ក្នុងមួយថ្ងៃៗ គឺមានការលួចនាំចូលរថយន្តចង្កូតស្តាំពីប្រទេសថៃ ក្នុងរង្វង់ប្រហែល១០គ្រឿង តាមច្រករបៀង ហើយបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញគោលការណ៍ ជាពិសេសដាក់បញ្ញត្តិតឹងរឹង ចំពោះរថយន្តចង្កូតស្តាំ ហើយមានគម្រោងផែនការ ក្នុងការបង្ក្រាបយ៉ាងតឹងរឹង និងដាច់ខាតចំពោះរថយន្តចង្កូតស្តាំ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ ប្រសិនចាប់បានរថយន្តចង្កូតស្តាំ គឺមានជំរើស២គឺ៖ ទី១៖ កំទេចចោល ទី២៖ បង្វែឱ្យទៅជាគ្រឿងបន្លាស អីចឹងហើយយើងមានព័ត៌មានថា ការលួចនាំចូលរថយន្តចង្កូតស្តាំពីប្រទេសជិតខាង ជាពិសេសប្រទេសថៃ គឺអត់មានតទៅទៀតទេ គឺមានសូន្យតែម្តង»។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះអ្នកទិញរថយន្តចង្កូតស្តាំ គឺកំពុងតែមានបន្ទុកក្នុងការកែចង្កូតផង បង់ពន្ធផង ដូចនេះគឺមិនអាចទៅជ្រកក្រោមផ្លាកលេខផ្សេងៗបានទៀតទេ ហើយទីផ្សាររថយន្តចង្កួតស្តាំនៅកម្ពុជា គឺបានធ្លាក់ដល់សូន្យ ក្នុងនោះក៏មិនមានអ្នកចង់ទិញឡានចង្កូតស្តាំទៀតដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានណែនាំឲ្យក្រសួងស្ថាប័នទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធ និងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត»។
សម្តេចតេជោបានសង្កត់ធ្ងន់បញ្ជាក់ថា ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធ ដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាជាដើម ដែលមិនគោរពច្បាប់ និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូនសម្តេច ដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្សថែមទៀត៕