(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ការដាក់ប្រាក់សន្សំ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ ការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានជាង៣៧ពាន់លានដុល្លារ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក រ័ត្ន សុវណ្ណនរៈ អញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្ដីពី «ទិវាសន្សំអាស៊ាន» ក្រោមប្រធានបទ «សន្សំប្រាក់ឥលូវនេះ ដើម្បីអនាគតរបស់អ្នក» តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។
បន្ថែមពីនោះទៀត លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ទំហំប្រាក់បញ្ញើនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមានចំនួន ៣៧.៣៣ពាន់លានដុល្លារអាមេរិក ដែលទទួលពីអតិថិជនចំនួន ១២.០៥លានគណនី។
ចំនួននៃការដាក់ប្រាក់បញ្ញើនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ធនាគារជាតិរូបអះអាងថា កើតចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាង ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលបានរួមគ្នា អភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ប្រកបដោយចីរភាព។ លើសពីនោះទៀត ព្រមទាំងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបាន និងការប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធធនាគារឲ្យកាន់តែប្រសើរ។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា កន្លងមកការអនុញ្ញាតរបស់ធនាគារជាតិនៃកម្ពុជា ឲ្យមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបានជំរុញឲ្យស្ថាប័នទាំងនោះ មានលិទ្ធភាពផ្តល់សេវាសន្សំដល់ប្រជាជនបានកាន់តែច្រើនឡើង។
លោកថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ២០១៦-២០២០ កំណើនចំនួនគណនីសន្សំ មានការកើនឡើងជិត២ដង រហូតដល់ជិត៩លានគណនី ត្រឹមដំណាច់ឆ្នាំ២០២០ សម្រាប់វិស័យហិរញ្ញវត្ថុទាំងមូល។
បើតាមលោក ប៊ុន យិន អនុប្រធានសមាគមធនាគារនៅកម្ពុជា យោងតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យសកម្មសរុប២២១.៨ទ្រីលានរៀល កើនឡើង១៧.៦% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលដែលប្រាក់បញ្ញើបានកើនឡើង១៩.៧% ដល់១៣០.៨ទ្រីលានរៀល។ ប្រព័ន្ធធនាគារបានដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានគាំទ្រ ដល់ការវិនិយោគនិងចំណាយចាំបាច់ផ្សេងទៀតផងដែរ។
លោកបានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ក្តី ក៏ស្ថានភាពវិស័យធនាគារ នៅតែទទួលបានកំណើនទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ស្របពេលដែលឥណទាន មិនដំណើរការនៅមានកម្រិតទាបប្រមាណ២.៥%។
គួររំលឹកផងដែរថា មានតែគ្រឹះស្ថានធនាគារ ពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើប៉ុណ្ណោះ ដែលអាចទទួលប្រាក់បញ្ញើ ពីសាធារណជនបាន។
ដើម្បីលើកទឹកចិត្ត និងជំរុញបន្ថែមលើវប្បធម៌ នៃការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូទាត់តាមរយៈសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា៖
១៖ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល «បាគង» ដែលផ្តល់លទ្ធភាពដល់ការទូទាត់ និងផ្ទេរប្រាក់រវាងគ្រឹះស្ថាន និងគ្រឹះស្ថាន ក្នុង
គោលដៅបង្កភាពងាយស្រួល បង្កើនសុវត្ថិភាព និងកាត់បន្ថយការចំណាយសម្រាប់ប្រជាជន ដែលមានតម្រូវការទូទាត់និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថាន
២៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយធនាគារបរទេស ដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់និងផ្ទេរប្រាក់ឆ្លងប្រទេស ក្នុងគោលដៅសម្រួលដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យងាកមកប្រើប្រាស់សេវាធនាគារដែលមានភាពងាយស្រល អស់កម្រៃតិច និងធានាសុវត្ថិភាព ដើម្បីផ្ញើប្រាក់មកសមាជិកគ្រួសារនៅកម្ពុជា៕