(ប៉េកាំង)៖ កិច្ចប្រជុំកំពូលនៅសប្តាហ៍នេះ បានផ្តល់ឱ្យប្រទេសចិននូវឱកាសមួយក្នុងការធ្វើឱ្យមានភាពស្ងប់ស្ងាត់សម្រាប់ការប្រឆាំងណាមួយទៅនឹងសំណើរបស់ខ្លួនសុំចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នេះបើយោងតាមកាសែត Nikkei Asia។

នៅក្នុងកិច្ចប្រជុំអនឡាញជាមួយមេដឹកនាំមកពីតំបន់អាស៊ាន លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានអំពាវនាវឱ្យអាស៊ាននិងចិនពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងដៃគូទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត និងអំពាវនាវឱ្យដាក់ដំណើរការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។

ទីភ្នាក់ងារព័ត៌មានស៊ិនហួរបានរាយការណ៍ថា លោក Li Keqiang ក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាផងដែរ ដូចជាការប្រែប្រួលអាកាសធាតុ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម។

កាសែត Nikkei Asia បានរាយការណ៍ថា ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីបានបង្ហាញពីគោលបំណងរបស់ទីក្រុងប៉េកាំងក្នុងការចូលរួមជាមួយកិច្ចព្រមព្រៀង CPTPP ដែលវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងព្រុយណេ ដែលជាសមាជិកអាស៊ាន គឺជាសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ ការទទួលបានសំឡេងគាំទ្រពីប្រទេសទាំង ៤នេះសម្រាប់សំណើសុំចូលរួមរបស់ប្រទេសចិន មានសារៈសំខាន់បំផុតសម្រាប់ទីក្រុងប៉េកាំង។

ចាប់តាំងពីដាក់ពាក្យសុំចូលរួមក្នុង CPTPP ប្រទេសចិនចាប់ផ្តើមយុទ្ធនាការទាក់ទាញមេដឹកនាំនានាដើម្បីគាំទ្រសំណើរបស់ខ្លួន។ លោកប្រធានាធិបតី Xi Jinping បានទូរស័ព្ទទៅកាន់មេដឹកនាំវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីសង្ហបុរីលោក Lee Hsien Loong ហើយប្រទេសទាំងពីរបានឆ្លើយតបដោយវិជ្ជមានទៅនឹងសំណើសុំចូលធ្វើជាសមាជិករបស់ទីក្រុងប៉េកាំង។

វ៉ាសាំងកូវីដ១៩ គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយនៅក្នុងយុទ្ធនាការនេះ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីខែមុនជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានសន្យាផ្តល់វ៉ាសាំងចំនួន ១លានដូសបន្ថែមទៀតដល់ម៉ាឡេស៊ី។

បញ្ហាមួយដែលចិនមានរួមគ្នាជាមួយនឹងប្រទេសទាំង ៤នេះ គឺសហគ្រាសរដ្ឋដែលមានចំនួនដ៏ច្រើន ដែលជាឧបសគ្គរារាំងដល់ការចូលរួមក្នុងប្លុកពាណិជ្ជកម្មសេរីនេះ។

សាស្រ្តាចារ្យសាកលវិទ្យាមួយរូបបានថ្លែងប្រាក់កាសែត Nikkei Asia ថា៖ «ការចូលរួមក្នុង CPTPP អាចជាដំណើរការដ៏យូររហូតដល់រាប់ទសវត្សរ៍។ វាសំខាន់ដែលត្រូវបង្កើតមិត្តនៅពេលបច្ចុប្បន្ន។ ចិនកំពុងត្រៀមខ្លួនជជែកជាមួវៀតណាម និងម៉ាឡេស៊ី ដែលមានក្រុមហ៊ុនរដ្ឋច្រើន»។

ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះរួមបញ្ចូលការរឹតបន្តឹងនានាលើក្រុមហ៊ុនរដ្ឋ វៀតណាមដែលក្រុមហ៊ុនរដ្ឋរបស់ខ្លួនដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច ត្រូវបានលើកលែងពីការរឹតបន្តឹងមួយចំនួន។ ប្រទេសចិនអាចសម្លឹងឃើញចំណុចនេះ។

អតីតអ្នកការទូតចិនម្នាក់បានថ្លែងប្រាប់កាសែត Nikkei Asia ថា «ការបង្កើតឱ្យមានការលើកលែងគួរត្រូវបានពិចារណាសម្រាប់បញ្ហាដែលមានការលំបាកខ្លាំងក្នុងការដោះស្រាយ» ដូចជាក្រុមហ៊ុនរដ្ឋជាដើម។ អតីតអ្នកការទូតរូបនេះបានថ្លែងទៀតថា៖ «ទីផ្សារចិនមានភាពទាក់ទងចំពោះប្រទេសផ្សេងទៀត។ វាសំខាន់ដែលត្រូវបង្ហាញអត្ថប្រយោជន៍ទាំងនេះដើម្បីទទួលបានអត្ថប្រយោជន៍ក្នុងការចរចា»

ពាណិជ្ជកម្មចិន និងអាស៊ានបានបន្តកើនឡើងក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ ការនាំចូលរបស់ចិនពីអាស៊ានមានទំហំសរុប ៣០១,៣ប៊ីលានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត Nikkei Asia៕