(សេអ៊ូល)៖ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងក្នុងកម្រិតយឺតជាងការរំពឹងទុកនៅត្រីមាសទី៣ ឆ្នាំនេះ ដោយសារការថមថយការប្រើប្រាស់ និងការធ្លាក់ចុះការសាងសង់និងការវិនិយោគលើសំណង់អគារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) កូរ៉េខាងត្បូងបានកើនឡើង ០,៣ភាគរយ (បន្ទាប់ពីកែសម្រួលតាមរដូវកាល) នៅត្រីមាសទី៣ ដែលជាកំណើនទាបបំផុតក្នុងរយៈពេល ៥ត្រីមាស បន្ទាប់ពីបានកើនឡើង ០,៨ភាគរយនៅត្រីមាសទី២។
ការប្រើប្រាស់ឯកជន ដែលបង្កើតប្រាក់ចំណូលជិតពាក់កណ្តាលនៃ ផ.ស.ស របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ០,៣ភាគរយនៅត្រីមាសទី៣ បន្ទាប់ពីបានកើនឡើង ៣,៦ភាគរយនៅត្រីមាសទី២ ខណៈដែលការសាងសង់ និងការវិនិយោគលើសំណង់អគារផ្សេងៗ ក៏បានធ្លាក់ចុះផងដែរ គឺការសាងសង់ធ្លាក់ ៣ភាគរយ ហើយការវិនិយោគលើសំណង់អគារផ្សេងៗធ្លាក់ ២,៣ភាគរយ។
ទោះជាយ៉ាងណា ការនាំចេញបានកើនឡើង ១,៥ភាគរយ ដែលកើនឡើងវិញពីការធ្លាក់ចុះ ២ភាគរយកាលពីត្រីមាសទី២ ដោយសារការលក់ឧបករណ៍ពាក់កណ្តាលចម្លង និងផលិតផលប្រេងកើនឡើង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សេដ្ឋកិច្ចកូរ៉េកើនឡើង ៤ភាគរយ មួយផ្នែកដោយសារមូលដ្ឋានប្រៀបធៀបទាបកាលពីឆ្នាំមុន ខណៈដែលទាំងការនាំចេញ និងនាំចូលបានកើនឡើងបន្ថែម ទៀតដោយសារការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចសកល។
ធនាគារកណ្តាលកូរ៉េថ្មីៗនេះបានព្យាករថា សេដ្ឋកិច្ចកូរ៉េសម្រាប់រយៈពេលពេញមួយឆ្នាំ២០២១ នឹងកើនឡើង ៤ភាគរយ បន្ទាប់ពីធ្លាក់ចុះ ០,៩ភាគរយកាលពីឆ្នាំមុន៕ នេះបើយោងតាមរ៉យទ័រ៕