(ពោធិ៍សាត់)៖ ពិតជាមោទនភាពណាស់សម្រាប់អ្នកខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ! ក្រុមហ៊ុនផលិតរថយន្តដ៏ធំខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តាក់ទុកវិនិយោគ រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេទ Ford Renger និង Ford Everes ដែលបច្ចុប្បន្ននេះបាននិងកំពុងដំណើរការសាងសង់ ហើយអាចលេចចេញជារូបរាងឡើងក្នុងពេលដ៏ខ្លីខាងមុខ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។
រថយន្តទាំង២ប្រភេទនេះ ត្រូវបានទទួលសិទ្ធិស្របច្បាប់ក្នុងស្រុកពីក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ទៅលើការផលិត ចែកចាយ លក់ និងសេវាកម្ម។
បច្ចុប្បន្នរោងចក្រនេះ បាននិងកំពុងដំណើរសាងសង់បានប្រមាណ៧០ភាគរយហើយ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ហើយនោះ រោងចក្រនេះ អាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្មប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។
ក្រៅតែពីរោងចក្របង្គុំ និងតម្លើងរថយន្ត Ford ក៏នៅមានការបោះទុនវិនិយោគនៅក្នុងតំបន់នេះរួចជាស្រេចនូវរោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាបិ៍។ល។ នេះដោយសារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀងផ្ទាល់តែម្តង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានធ្វើឱ្យមាតុ ប្រទេសរបស់យើង មានសុខសន្តិភាពមកទល់សព្វថ្ងៃ និងមានអភិវឌ្ឍន៍ រីកចម្រើនជាលំដាប់។
ថ្មីៗនេះ លោក កែវ រតនៈ និងលោក ជាវ តាយ ដែលជាអភិបាលខេត្តពោធិ៍សាត់ថ្មី ក៏បានប្តេជ្ញារួមគ្នា ធ្វើការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និយាយជារួមក្នុងស្រុកក្រគរ ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផល ធ្វើយ៉ាងណាឱ្យកាន់តែលេចធ្លោ និងឈានមុខគេក្នុងខេត្ត សម្រាប់ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យកាន់តែច្រើនឡើង ឈានទៅបង្កើតទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្រ៕