(ប៉េកាំង)៖ ក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group របស់ប្រទេសចិន បានឱ្យដឹងថា ក្រុមហ៊ុនបានបន្តធ្វើការងារឡើងវិញហើយលើគម្រោងជាង ១០ នៅក្នុងទីក្រុង៦ រួមទាំងទីក្រុងហ្សិនចិនផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Evergrande ដែលបានធ្លាក់ខ្លួនចូលក្នុងវិបត្តិដ៏ជ្រៅដោយជាប់បំណុលជាង ៣០០ប៊ីលានដុល្លារ បានសងការប្រាក់ជាង ៨០លានដុល្លារដល់ម្ចាស់មូលបត្របំណុលកាលពចុងសប្តាហ៍មុន ដើម្បីរួចចាកផុតពីភាពបរាជ័យសងបំណុល។

ក្រុមហ៊ុន Evergrande មិនបានបង្ហាញនោះទេថា តើគម្រោងប៉ុន្មានក្នុងចំណោមគម្រោងចំនួន ១.៣០០គម្រោងរបស់ក្រុមហ៊ុននៅទូទាំងប្រទេសចិន ត្រូវបានផ្អាក។ ក្រុមហ៊ុន Evergrande បានឱ្យដឹងកាលពីថ្ងៃទី៣១ ខែសីហា ថា គម្រោងមួយចំនួនត្រូវបានផ្អាកដោយសារការពន្យាពេលបង់ប្រាក់ជូនក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនម៉ៅការ ហើយក្រុមហ៊ុនកំពុងចរចាដើម្បីបន្តការសាងសង់ឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនបានបង្ហោះសារក្នុងគណនី Wechat របស់ខ្លួនដោយនិយាយថា គម្រោងមួយចំនួនបានបន្តដំណើរការឡើងវិញហើយជាមួយនឹងការងារផ្នែកដេក័រខាងក្នុង ខណៈដែលការសាងសង់ផ្សេងទៀតបានបញ្ចប់នាពេលថ្មីៗនេះ។

ក្រុមហ៊ុន Evergrande បានបន្ថែមថា ក្រុមហ៊ុននឹងខំប្រឹងប្រែងដើម្បីធានាថា ការសងសង់នឹងជំរុញទំនុកចិត្តទីផ្សារឡើងវិញ។ ក្រុមហ៊ុនក៏បានបង្ហោះរូបថតមួយចំនួនផងដែរ ដែលបង្ហាញពីកម្មករសំណង់នៅការដ្ឋានមួយចំនួន ដែលមានចុះកាលបរិច្ឆេទ និងម៉ោងនៅលើរូបថតទាំងនោះ។

ក្រុមហ៊ុនអចលនទ្រព្យធំទីពីររបស់ប្រទេសចិនមួយនេះ កាលពីខែមុនក៏បានសន្យាទៅកាន់អតិថិជនសក្តានុពលនានាផងដែរថា ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់ផ្ទះរបស់ពួកគេ និងបានឱ្យដឹងថា ការងារលើគម្រោងកីឡដ្ឋានបាល់ទាត់ដ៏ធំមួយរបស់ខ្លួននៅទីក្រុងក្វាងចូវ កំពុងដំណើរការតាមផែនការ។ នេះបើយោងតាមរ៉យទ័រ៕